ព័ត៍មានទាន់​ហេតុការណ៏
Search

មេភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ក្លែង​ឯកសារ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទៅ​លក់ និង​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ធ្វើស្រែ

កំពង់ឆ្នាំង ​៖ ​លោក ប៉ែន ប៊ុនថន មេភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​កំពុង​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​បន្លំ​ក្លែង​ឯកសារ​ដើម្បី​រំលោភ​យក​ដី​ទៅ​លក់ ​និង​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​អាស្រ័យ​ផល។

ការចោទប្រកាន់​នេះ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​01 ខែ​មីនា ឆ្នាំ 2019 បានធ្វើការ​កោះ​អញ្ជើញ​ភាគី​ទំនាស់ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​​មក​ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី ក្នុង​រឿង​ភាគី​លោក ផង់ សុភឿន ​រស់នៅ​ខេត្តកណ្តាល ជា​ម្ចាស់​ដីស្រែ ប្តឹង​លោក ប៉ែន ប៊ុនថន និង​លោក យ៉ាន់ ជាង នៅក្នុង​ឃុំ​គោក​បន្ទាយ​ បាន​ឃុបឃិត​គ្នា លួច​យក​ដីស្រែ​គាត់​ចំនួន 18 ,50 ហិកតា ទៅ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ក្នុង​ឆ្នាំ​2017, និង 2018 កន្លងមកនេះ​។ ការដោះស្រាយ​ដោយ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់ឃុំ​ បាន​រកឃើញ​ឯកសារ​របស់​ភាគី​លោក ប៉ែន ប៊ុនថន មេភូមិ​កងមាស និង លោក យ៉ាន់ ជាង មួយចំនួនធំ​សុទ្ធសឹង​ជា​ឯកសារ​មិន​ប្រក្រតី។ នេះ​បើ​យោងតាម​កំណត់ហេតុ​របស់​គណៈកម្មការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ឃុំ​ចុះ​ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩។ នៅក្នុង​កំណត់ហេតុ​នោះ លោក យឹម យ៉ុ​ន មេឃុំ​គោក​បន្ទាយ បាន​បញ្ជាក់ថា ឯកសារ​លក់​ទិញ​របស់​ឈ្មោះ យ៉ាន់ ជាង មួយចំនួនធំ​មិនមាន​ការបញ្ជាក់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ឃុំ និង នៅមាន​ឯកសារ​ខ្លះ​មិន​ប្រក្រតី​ដោយ​ផ្ទៃដី​សរសេរ​ត្រួត​និង​មាន​ស្នាម​ទឹកលុប​កែតម្រូវ ហើយក៏​នៅមាន​ឯកសារ​មួយចំនួនទៀត ទើបតែ​មានការ​បំពេញ​បន្ថែម​ថ្មីៗ។ ប៉ុន្តែ​ទោះជា​គណៈកម្មការ​បានរក​ឃើញថា ឯកសារ​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ប៉ែន ប៊ុនថន មេភូមិ​កងមាស មិន​ប្រក្រតី​ដោយ​ផ្ទៃដី​សរសេរ​ត្រួត មាន​ស្នាម​ទឹកលុប កែតម្រូវ​ថ្មីៗ​និយាយ​ឲ្យ​ចំ​គឺ​ក្លែង​ឯកសារ​យ៉ាងនេះ​ក្តី​ក៏​គណៈកម្មការ​មិនបាន​ឆ្លើយ​និង​សម្រេច​ថា មាន​ចំណាត់ការ​យ៉ាងណាដែរ ចំពោះ​អ្នក​ឃុបឃិត​គ្នា​ក្លែង​ឯកសារ បើទោះបី​មានការ​ជីក​សួរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​ភាគី​រងគ្រោះ​យ៉ាងណា​ក៏ដោយចុះ។

ទាក់ទង​នឹង​រឿង​ខាងលើនេះ លោក ផង់ សុភឿន អាយុ 54 ឆ្នាំ ជា​ម្ចាស់​លើដី​ស្រែ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី ០1 ខែមីនា នេះ​បាន​និយាយ​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា ​៖ នៅក្នុង​ឆ្នាំ 2005 , 2006 និង 2007 លោក ប៉ែន ប៊ុនថន លោក លស់ ឡុ​ន លោក យិន ឡ​ន និង​លោក អឹម អ៊​ន រស់នៅក្នុង​ឃុំ​គោក​បន្ទាយ​ បាននាំគ្នា​រៀប​ដី​លក់​ឲ្យ​លោក​ចំនួន 150 ហិកតា ដោយ​នៅក្នុង​លិខិត​លក់ ​និង​ទិញ​ដី​មានការ​ចុះហត្ថលេខា លោក​មេភូមិ និង​លោក​មេឃុំ​ទទួលស្គាល់​ត្រឹមត្រូវ ។ ក្រោយមក​លោក​ក៏បាន​កាន់កាប់​ធ្វើ​អាស្រ័យ​ផល​នៅលើ​ដី​នោះ​ជា​បន្តបន្ទាប់ ដោយឡែក​ដីស្រែ​ទំនាស់ ចំនួន 18,50​ហិកតា នៅក្នុង​ឆ្នាំ 2017 នឹង 2018 នេះ លោក​មិនបាន​ធ្វើស្រែ​ឡើយ​ព្រោះ​ដី​នោះ​ខ្ពស់​ទាប​មិនទាន់​ឈូស​ឆាយ​ពង្រាប​បានល្អ​នៅឡើយ។

ស្រាប់តែ នៅក្នុង​ឆ្នាំ 2017 នឹង 2018 នេះ លោក ប៉ែន ប៊ុនថន បច្ចុប្បន្ន​ជា​មេភូមិ​កងមាស និង​លោក​យ៉ាន់ ជាង​ឃុបឃិត​គ្នាយ​កដី​ចំនួន 18 ហិកតា​កន្លះ ខាងលើ ទៅ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ រំលោភ​យក​ដី​ដែល​លោក ប៉ែន ប៊ុនថន បាន​រៀប​អោយ​គាត់​កន្លងមក។ ហើយ​នៅពេល​គាត់​សួរនាំ​លោក ប៉ែន ប៊ុនថន បានបង្ហាញ​លិខិត​ទិញ​លក់​ដីស្រែ ដែលមាន​ឯកសារ​ចុះហត្ថលេខា​ទទួលស្គាល់​ត្រឹម​មេភូមិ​នៅក្នុង​ឆ្នាំ 2019 នេះ​តែប៉ុណ្ណោះ ករណីនេះ​លោក​សំណូមពរ​អាជ្ញាធរ​លោក​មេឃុំ​គោក​បន្ទាយ ជួយ​ដោះស្រាយ​តាមច្បាប់​ផ្ដល់​យុត្តិធម៌​ជូន​លោក។

ទាក់ទង​នឹង​រឿង​ខាងលើនេះ ភាគី​លោក ប៉ែន ប៊ុនថន និង​លោក យ៉ាន់ ជាង បានបញ្ជាក់​អោយដឹងថា​៖ ដី​របស់លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ម្ចាស់​ដីស្រែ​ជា​សាក្សី និង​ដែលមាន​ឯកសារ​ត្រឹមត្រូវ មិនមែនជា​ដី​របស់លោក ផង់ សុភឿន ដែល​គាត់​បាន​រៀប​លក់​ឲ្យ​កាលពីមុន​នោះទេ។

ក្នុង​រឿងនេះ លោក យឹម យ៉ុ​ន មេឃុំ​គោក​បន្ទាយ នៅ​ល្ងាច​ថ្ងៃទី ០1 ខែមីនា ឆ្នាំ​2019 នេះ បានឱ្យដឹងថា ​ការប្រជុំ​របស់​អាជ្ញាធរ​ឃុំ​នៅថ្ងៃនេះ គឺ​គ្រាន់តែ​ត្រួតពិនិត្យ​កត់ត្រា​ទំហំ​ឯ​ដីធ្លី​ក្នុង​ឯកសារ​ដែលមាន​ការ​ទំនាស់​តែប៉ុណ្ណោះ បន្ទាប់មក​នៅ​ថ្ងៃ​បន្ទាប់​ក្រុមការងារ​របស់​ឃុំ នឹង​ចុះទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ជាមួយនឹង​ដី​ទំនាស់​ជាក់ស្ដែង​បន្តទៀត​ជាមួយ​មន្ត្រី​សុរិយោដី ទើប​ចុងក្រោយ​អាជ្ញាធរ​ឃុំ​ធ្វើការ​បូកសរុប ហើយនឹង​កោះហៅ​ភាគី​ទំនាស់​២​មក​ប្រជុំ​ដោះស្រាយ​គ្នា​សម្រេច។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ១ ខែ​ឆ្នាំ​ខាងលើ​នៃ​ការដោះស្រាយ​នោះ គេ​ក៏​បានឃើញ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​បាន​ទៅដល់​សាលាឃុំ​គោក​បន្ទាយ​ផងដែរ។ ប្រជាពលរដ្ឋ​ទាំងនោះ​ខ្លះ​បាន​និយាយថា ពួកគាត់​មកនេះ​មិនដឹង​រឿង​ទេ ហើយ​ដីធ្លី​របស់គាត់​មិនមាន​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ផង់ សុភឿន​នោះទេ ភាគី​ឈ្មោះ យ៉ាន់ ជាង បាន​ហៅ​ពួកគាត់​មក​សាលាឃុំ​ដោយ​ប្រាប់​ពួកគាត់​ថា ប្រយ័ត្ន​គេ​យក​ដី​អស់​បើ​មិន​នាំគ្នា​ទៅ​តវ៉ា។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះទៀត​និយាយថា ពួកគាត់​ជា​អ្នក​ជួល​ដី​របស់​ឈ្មោះ យ៉ាន់ ជាង ធ្វើស្រែ ហើយ​ម្ចាស់​ដី​បាន​កៀរគរ​ពួកគាត់​ឡើង​ឡាន​មកកាន់​សាលាឃុំ។ ពួកគាត់​បាន​លក់​ដី​ឲ្យ​ទៅ​ឈ្មោះ យ៉ាន់ ជាង ប៉ុន្តែ​ដី​របស់​ពួកគាត់​មិន​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ផង់ សុភឿន​ដែរ ពួកគាត់​ក៏មាន​ការងឿងឆ្ងល់​ដែរ​ហេតុអ្វី​បានជា​ឈ្មោះ យ៉ាន់ ជាង ហៅ​ពួកគាត់​មក​សាលាឃុំ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114