ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ស ខេង ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស មិន​ចាំ​បាច់​ត្រឡប់​ចូល​ប្រទេស​ដើម្បី​ធ្វើ​ជំរឿន​នោះទេ

ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ ឬ​សិក្សា​នៅក្រៅ​ប្រទេស មិនចាំបាច់​ត្រឡប់​ចូល​ប្រទេស​វិញ ដើម្បី​ធ្វើ​ជំរឿន​នោះ​ទេ ពីព្រោះ​អ្នកបច្ចេកទេស​ធ្វើ​ជំរឿន បាន​សហការ​ជាមួយ​ក្រសួងការបរទេស ដើម្បី​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ។

សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រោយ​ការ​អំពាវនាវ​របស់ខ្ញុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជំរឿន​ទូទៅ​ទូទាំងប្រទេស ដែល នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ខាង​មុច​នេះ ខ្ញុំ​បាន​សង្កេតឃើញ និង​បានទទួល​ចម្ងល់ ក៏ដូចជា​សំណួរ​មួយចំនួន​ទាក់ទង​បញ្ហា​នេះ ដែល​ខ្ញុំ​សុំ​ធ្វើការ​បកស្រាយ​បំភ្លឺ​ដូចតទៅ ៖​

១- ចំពោះ​ចម្ងល់​ដែល​បាន​លើកឡើងថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ជា ពិសេស បងប្អូន​ដែល​កំពុងធ្វើការ នៅក្រៅ​ប្រទេស​តើ​ត្រូវ​ឲ្យ​ត្រឡប់​ចូលមក​ប្រទេស​ដើម្បី​ធ្វើ​ជំរឿន​ឬ​យ៉ាងណា​? បញ្ហា​នេះ​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ បងប្អូន​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស គឺ​មិន​តម្រូវ​ឲ្យ​ត្រឡប់​ចូល ប្រទេស នោះទេ គឺ​អ្នកបច្ចេកទេស​ធ្វើ​ជំរឿន បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​រៀបចំ​ឯកសារ​សម្រាប់​ភ្នាក់ងារ​តាម​ប្រទេស​នានា ដើម្បី​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ ខ្មែរ​ដែល​កំពុង​រស់នៅ​បណ្តា​ប្រទេស​ទាំងនោះ ។ ដូច្នេះ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​សូម​ចូលរួម​ជាមួយ​ភ្នាក់ងារ​ជំរឿន ដើម្បី​ឲ្យ​ការធ្វើជំរឿន​មាន​ភាពត្រឹមត្រូវ និង​ទទួលលទ្ធផល​យកជាកា​របា​ន ។​

២- ចំពោះ​ចម្ងល់​ទាក់ទង​នឹង​ជនបរទេស​ជា​អន្តោប្រវេសន៍ និង​មិនមែន​អន្តោប្រវេសន៍ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ? បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ថា ការធ្វើជំរឿន​នេះ​ក្រុមបច្ចេកទេស​របស់​យើង​បាន​ត្រៀម​ឯកសារ​សំណួរ​ជាច្រើន​ភាសា​រួចរាល់​ហើយ ហើយ​កិច្ចការ​នេះ​នឹងធ្វើ​ឲ្យ​យើង​ដឹង​កាន់តែច្បាស់​អំពី​បរិមាណ​ជនបរទេស​ទាំងអស់ គ្រប់​សញ្ជាតិ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បានធ្វើការ​អំពាវនាវ​ដល់​ប្រជាជន ទូទាំងប្រទេស សូម​គាំទ្រ និង​ចូលរួម​ក្នុង​កិច្ចការ​ដ៏ មាន​សារៈសំខាន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ប្រកប ដោយ​ក្ដី​ស្មោះត្រង់​ក្នុងការ​ផ្ដល់ព័ត៌មាន​តា​ម​ការសម្ភាសន៍​ឲ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ ជូន​ដល់​មន្ត្រី ជំរឿន ដើម្បី​ជា​ប្រយោជន៍​របស់​បងប្អូន ជនរួមជាតិ និង​ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រទេសជាតិ​យើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114