ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ក​ម្ពុ​ជា នឹង​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​រយៈពេល​៣​ថ្ងៃ​

​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​សម្រាប់​ថ្ងៃ​ខាងមុខ​រយៈពេល​៣​ថ្ងៃ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ សន្និបាត​នេះ នឹងមាន​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និបាត​ប្រចាំ​ឆ្នាំនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ពី​សមិទ្ធផល និង​ការ​ប្រឈម​នានា នៅក្នុង​ឆ្នាំ​២០១៨ ព្រមទាំង​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩​។

តាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស សន្និបាត​ប្រចាំ​ឆ្នាំនេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សាវ័ន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើក​កំពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កំរិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114