ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត ស្នើ​ឲ្យ​កងទ័ព អនុវត្ត​អភិក្រម​ទាំង​៥ ឲ្យ​បាន​ខ្ជាប់ខ្ជួន​

បាត់ដំបង ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក លើកឡើង​បែបនេះ នៅ​ក្នុងឱកាស​ទស្សនកិច្ច​សិក្សា​ស្តីពី​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ និង​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​ជូន​ដល់​នាយទាហាន​យោធភូមិភាគ​ទី​៥ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​៥២៣ កងពលតូច​ថ្មី​ជើង​លេខ​៥២ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ច័ន្ទ ទី​៤ ខែមីនា ឆ្នាំ​២០១៩​។

មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​បញ្ជាការ​វរ​សេនា​តូច​៥២៣ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការកសាង និង​ការ​កសាង​នៅក្នុង​អង្គភាព​នេះ​។ លោក​បន្ត​ថា កាលពី​អតីតកាល​ការ​កសាង​អង្គភាព​នេះ ពិតជា​មានការ​លំបាក ប៉ុន្តែ​យើង​បាន​ពុះពារ ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ដើម្បី​ធ្វើអោយ​អង្គភាព​នេះ​រីកចម្រើន​ដូច​សព្វថ្ងៃ​។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​អាស្រ័យ​លើ​អង្គភាព​និ​មួយៗ​ខ្លាំង និង​ម្ចាស់ការ​លើ​ខ្លួនឯង ហើយ​អង្គភាព​មួយ​ខ្លាំង គឺ​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​តម្រូវការ​របស់​អង្គភាព និង​រៀន​រស់​ដោយ​ខ្លួនឯង​។ ដូច្នេះ​ការ​កសាង​អង្គភាព ការ​ពង្រឹង​លើ​គ្រប់​វិស័យ ការដឹកនាំ​បញ្ជា ការ​ពង្រឹង​កងទ័ព​ក្នុង​ការ​ត្រៀមប្រយុទ្ធ និង​របៀបរបប​ធ្វើការ​គឺជា​គោលការណ៍​សំខាន់​។ ដើម្បី​សម្រេច​ការងារ​ទាំងអស់​នេះ គឺ​យើង​ត្រូវ​ចេះ​ច្នៃប្រឌិត មាន​ភាពម្ចាស់ការ ការរៀបចំ​ប្រព័ន្ធ​ការងារ​ត្រឹមត្រូវ​ច្បាស់លាស់ និង​មាន​តម្លាភាព​ក្នុងការ​បំពេញភារកិច្ច។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​លើ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ភាគី​មិត្ត ប៉ុន្តែ​នៅ​ក្នុង​នាម​ជា​កងទ័ព យើង​ត្រូវ​ត្រៀមលក្ខណៈ​ជាប់​ជាប្រចាំ ដែល​នេះ​គឺជា​កត្តា​សត្យានុម័ត​របស់​យើង ដើម្បី​ការពារ​បូរណភាព​ទឹកដី ។ យើង​សង្ឃឹមថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​មិត្ត នឹង​ទៅបាន​រលូន និង​បាន​លទ្ធផល​ល្អ មាន​ភាពសុខដុមរមនា ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​”​។

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត បានស្នើ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​យកចិត្តទុកដាក់​ពង្រឹង​ខឿន​ការពារ​ជាតិ ជាពិសេស​យោធភូមិភាគ​ទី​៥ បន្ត​តាមដាន​សភាពការណ៍​នៅតាម​បណ្តា​ព្រំដែន ចាត់តាំង​ផ្សព្វផ្សាយ​ទាំង​១០​ចំណុច​នៃ​សុន្ទរកថា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​បង្កើត​កងទ័ពជើងគោក និង​អនុវត្ត​អភិក្រម​ទាំង​៥ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺ​ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និង​វះកាត់ រក្សា​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​តួនាទី​ភារកិច្ច​នៅក្នុង​ការពង្រឹង​ខឿន​ការពារជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី និង​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ជោគជ័យ​ដែល​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ប្រគល់​ឲ្យ​។ ផ្ដោត​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ ច្បាប់​រដ្ឋ វិន័យ​កងទ័ព បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ បង្កើន​ការ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន កសាង​អង្គភាព​។ យកចិត្តទុកដាក់​ថែទាំ​រក្សា​ការពារ​អាវុធ​គ្រាប់​ជាតិ​ផ្ទុះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្ថិត​នៅ​ក្នុង​កន្លែង​សុវត្ថិភាព​។ ត្រូវ​បន្ត​ទំនាក់ទំនង និង​សហការ​ល្អជា​មួយ​បណ្ដា​គ្រប់​អង្គភាព និង​ប្រជាជន សំដៅ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បាតុភាព​ផ្សេងៗ​កើតឡើង និង​ត្រៀម​សម្ភារៈ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​ហេតុការណ៍​កើតឡើង​។

មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត បាន​ស្នើ​ឲ្យ​យកចិត្តទុកដាក់​លើកស្ទួយ​កម្រិតជីវភាព សុខភាព និង​ការរស់នៅ​របស់​កងទ័ព​។ ត្រូវ​ពង្រឹង​ទំនាក់ទំនង​ល្អ មិត្តភាព សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ប្រទេសជិតខាង និង​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដើម្បី​កសាង​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114