ព័ត៍មានទាន់​ហេតុការណ៏
Search

គ​.​ជ​.​ប ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១,៦៤៦ នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បើក​ព្រមៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ​នេះដែរ នេះ​បើ​យោង​តាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។

ការចុះឈ្មោះ​បោះឆ្នោត​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ (​មាន​រយៈពេល ១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​)​។ អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន​១១,៥៧២ នាក់ ទូទាំង​ប្រទេស​។ ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវអនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​លំដាប់​ឋានានុក្រម​មក គ​.​ជ​.​ប ឲ្យបាន​តាម​កាលបរិច្ឆេទ​កំណត់​។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង រួច​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជា​មេឃុំ ចៅសង្កាត់​ត្រូវ​ចុះហត្ថលេខា និង​បោះត្រា​រដ្ឋបាល​ឃុំ សង្កាត់ ដែលមាន​ការ​បញ្ជាក់​ឯកភាព​ពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ រួច​បញ្ជូនមក គ​.​ជ​.​ប ឲ្យ​បាន​តាម​កាលបរិច្ឆេទ​កំណត់ ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩។

ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​មួយ ត្រូវ​បានកំណត់​សម្រាប់​ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ​។ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​ត្រូវមាន​ទីតាំងនៅ​សាលាឃុំ សង្កាត់ ឬ​ទីតាំង​ណាមួយ​សមស្រប​ក្នុង​ឃុំ សង្កាត់​។​
​អ្នក​ដែល​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ណាមួយ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ និង​មិនចាំបាច់​បង្ហាញខ្លួន ឬ​អាច​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ប្រធាន​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ការិយាល័យ​បោះឆ្នោត និង​អំពី​តម្រូវការ​ឯកសារ​នៅពេល​បោះឆ្នោត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114