ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម គាំទ្រ​លើកទឹកចិត្ត និង អំពាវនាវ​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ បន្ត​ខិតខំ​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក ក្នុងតម្លៃ​សមរម្យ រួច​ធ្វើការ​កែច្នៃ​ដើម្បី​នាំចេញ

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​គាំទ្រ និង អំពាវនាវ​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​បន្ត​ខិតខំ​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក ក្នុងតម្លៃ​សមរម្យ រួច​ធ្វើការ​កែច្នៃ​ដើម្បី​នាំចេញ ឆ្លើយ​តប​បាន​ទាន់ ពេលវេលា​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​។

ការប្រកាស​របស់​លោក រដ្ឋមន្ត្រី បានធ្វើ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ខ​ណៈ​ពេល​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​ប្រមូល​ទិញ​ស្រូវ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​លឹម ប៊ុន​ណា នៅ​ស្រុក​ស្ទោង​។

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា តាមផ្លូវ​ធ្វើដំណើរ​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ បន្ទាប់ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី “​កិច្ច​ព្រមព្រាង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​” ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សណ្ឋាគារ​សុខា​សៀមរាប រួចមក លោក​បាន​ឈានចូល​ពិនិត្យមើល​សកម្មភាព​ប្រមូល​ទិញស្រូវ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​លឹម ប៊ុន​ណា នៅ​ស្រុក​ស្ទោង​។

តាម​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​បាន​ឲ្យ​ដឹង​ថា ​ដោយ​ទទួល បានការ​អំពាវនាវ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប​ច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រមូល​ទិញស្រូវ​ប្រាំង​ក្នុងតម្លៃ​សមរម្យ ពី​ប្រជាកសិករ​បាន​ប្រមាណ​ជាជាង ១ ម៉ឺន​តោន​រួចហើយ ក្នុងតម្លៃ ៧១០-៧២០​រៀន​/kg យក​មក​សម្ងួត និង​ស្តុក​ទុក​ក្នុង​ឃ្លាំង ហើយ​កំពុង​បន្ត​ប្រមូល​ទិញ​ជា​បន្តបន្ទាប់​ទៀត​។ សកម្មភាព​នេះ​គឺ​បាន​ជួយ​ជ្រោង​តម្លៃ​ស្រូវ​មិន​ឲ្យ​ធ្លាក់ចុះ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម កន្ល​ង​មក ដែល​បាន​ឆ្លើយតប​បាន​ទាន់ ពេលវេលា​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ក៏​ជា​របស់​ក្រសួង​ក្នុងការ​ចូលរួម​ពី​វិស័យ​ឯកជន​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើការ​ប្រមូល​ទិញស្រូវ រួច​ធ្វើការ​កែច្នៃ​សម្រាប់​នាំចេញ​។

នា​ឱកាស​នោះ រដ្ឋមន្ត្រី​បាន​គាំទ្រ លើកទឹកចិត្ត និង​បាន​អំពាវនាវ​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​បន្ត​ខិតខំ​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក ក្នុងតម្លៃ​សមរម្យ រួច​ធ្វើការ​កែច្នៃ​ដើម្បី​នាំចេញ​៕