ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ សម្រេច​បាន​៥២​ភាគរយ

ភ្នំពេញ ​៖ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង សាធារណការ និង ដឹកជញ្ជូន ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​អោយដឹងថា ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ រហូតមកដល់​ពេលនេះ​សម្រេច​បាន ៥២​ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដើម​ឆ្នាំ​២០២១​ខាងមុខនេះ។

សូម​បញ្ជាក់​អោយ​ដឹង​ថា ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ឆ្លងកាត់ ទន្លេមេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវ​ត​ភ្ជាប់​សងខាង ស្ពាន​នេះ ត្រូវបាន​បើក​ការដ្ឋាន កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្ពាន​នេះ ​មាន​ប្រវែង​សរុប ១.១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក គ្រោង ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ ផល​ប៉ះពាល់ និង​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដែលមាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

គម្រោង​ស្ពាន​នេះ​ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន។

តាម​គម្រោង​ការ​ស្ថាបនា​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ដើម​ឆ្នាំ​២០២១​ខាងមុខ។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ​៖ ​កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច អាច​ធ្វើ​ដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​បាន​តាមរយៈ​ការ​ជិះ​ទូកដ ឬ​សាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់​តែងតែ​ជួប​នូវ​ការលំបាក គ្រោះថ្នាក់ និង​មិនសូវមាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ​នោះ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114