Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះស្នាក់ការថ្មី នៃគណបក្សប្រជាជនកម្ពុជា នឹងលេចរូបរាងនៅពេលខាងមុខ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ស្នាក់​ការ​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​លេច​រូបរាង​នៅ​ពេល​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សាទរ​បែបនេះ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​សំបួរ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ភូមិ​អូ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី នូវ​ការ​នឹករលឹក ការ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​កោតសរសើរ លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយទៀប រួម​ជាមួយ​ក្រុមការងារ បាន​រួម​សហការ​ជួយ​គ្នា​យ៉ាង​សស្រាក់សស្រាំ កសាង​សមិទ្ធផល​ជាច្រើន នៅ​ក្នុង​ខេត្ត​ស្វាយរៀង ពិសេស​ស្រុក​រមាសហែក ស្រុក​ស្វាយទៀប រួមមាន ៖ ការ​កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្នាក់ការ​បក្ស ជាដើម ដែល​សកម្មភាព​នេះ គណបក្ស​ប្រជាជន​កម្ពុជា ចងចាំ​មិន​ភ្លេច​នូវ​ស្នាដៃ និង​សមិទ្ធផល​រាប់មិនអស់​របស់ លោក និង​ក្រុមការងារ។ ដោយឡែក​ស្នាក់​ការ​បក្ស​នេះ នឹង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួល​ដល់​ការ​បម្រើ​ការងារ​របស់​គណបក្ស​នៅ​មូលដ្ឋាន​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​ជាង ត្រូវ​បំពេញ​ការងារ​ឲ្យ​បាន​ហ្មត់ចត់ ត្រូវ​គោរព​តាម​បទដ្ឋាន​ នៃ​សំណង់ សាងសង់​ឲ្យ​មាន​ភាព​រឹងមាំ ជាប់​ល្អ និង​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន ជៀស​វាង​គ្រោះថ្នាក់​ដែល​កើតមាន​ជាយថាហេតុ។

គួរ​រំលឹក​ផង​ដែរ​ថា ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​សំបួរ មាន​ទទឹង ៣១,៥​ម៉ែត្រ x បណ្ដោយ ១២​ម៉ែត្រ បូក​ផ្នែក​ខាងមុខ ៨​ម៉ែត្រ x ៨​ម៉ែត្រ ដែល​មាន​ទំហំ​សរុប ៤៤២​ម៉ែត្រការ៉េ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម