ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង​ម្នាក់ ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​ នៅ​ផ្ទះ​សំណាក់ ប៉ា​អ៊ី ម៉ាក់​អ៊ី​​

តាកែវ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បានកើត​ឡើង ខណៈ​មាន​ស្ត្រី​ម្នាក់ ​ដេកស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ផ្ទះ​សំណាក់ ប៉ា​អ៊ី ម៉ាក់​អ៊ី នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ មានឈ្មោះ ឃិន ច​ន្តា ភេទ​ស្រី ​អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ មុខ​របរ​នារី​ខារ៉ាអូខេ ជុំ​មិត្ត។

ករណី​នេះដែរ តាម​សម្តី​សន្តិសុខ​យាម​យប់​នៅក្នុង​ផ្ទះសំណាក់​ប៉ា​អ៊ី​ម៉ាក់​អ៊ី បាន​និយាយ​ថា នារី​រង​គ្រោះ​ ជានា​រី​បម្រើ​ការងារ​នៅ​ហាង​ផឹកស៊ី ជុំ​មិត្ត ហើយ​នៅក្នុង​យប់កើតហេតុ ​គឺ​ថ្ងៃទី​០៣​មីនា នារី​រង​គ្រោះ រួមជាមួយ​បុរស​ម្នាក់ ​បាននាំគ្នា​ចូលមក​ដេក​ក្នុងផ្ទះ​សំណាក់ នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ថ្ងៃកើតហេតុ លុះដល់​ម៉ោង​ប្រហែលជា​១​ជាង​ ឈានចូល​ថ្ងៃទី​០៤មីនា ស្រាប់តែ​បុរស​ដែល​មក​ជា​មួយ​នារី​រង​គ្រោះ​ខាងលើ ចុះមក​មុន​ រួច​ប្រាប់​សន្តិសុខ​ថា ទៅ​ទិញ​បបរស​ហូប​បន្តិច តែ​មិន​បាន​វិល​មកវិញ​ឡើយ លុះ​មួយសន្ទុះ​ក្រោយមក​ សន្តិសុខ​រូប​នោះបាន​ឡើងទៅ​មើល ​តែ​បានឃើញ​ទ្វារ​បន្ទប់​បិទ​មិន​ជិត នៅ​ចំហ ហើយ​ឃើញ​នារី​រងគ្រោះ​នោះ​កំពុង​ដេក​ទាំង​អាក្រាត​កាយ តែ​រូប​លោក​មិនបាន​ដាស់​នោះ​ទេ ហើយក៏​ទាញ​ទ្វារ​បិទ​វិញ រួច​ក៏​ចុះមក​ក្រោម​។ លុះដល់​ភ្លឺ​ឡើង​ ម៉ោង​ប្រហែលជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ​ទើប​ប្រាប់​ឲ្យ​អ្នក​សំអាត​នោះ​ទៅ​ដាស់​នារី​រងគ្រោះ លុះ​អ្នក​សំអាត​បន្ទប់​ឡើង​ទៅ​មើល​ ក៏បាន​ដឹងថា​ នារី​គ្រោះ​បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏មាន​ការ​ផ្អើលឆោឡោ ប្តឹង​ប៉ូលិស​តែម្តង។

ក្រោយ​ពេលធ្វើ​កោសល្យវិច័យ​រួច ​សមត្ថកិច្ច​ជំនាញ​លោក​នៅ​មិនទាន់​បង្ហើប​ឲ្យ​ដឹង​ពី​ករណី​នារី​ដេក​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​នេះ​កើតឡើង​មកពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់ការ​នៅឡើយ​ទេ តែបា​ន​ និងកំពុង​ដុតដៃដុតជើង​ខ្លាំង​ជាមួយនឹង​កា​រសើប​អង្កេត​បន្ត។

ជុំវិញ​ករណីនេះ មតិ​របស់​ប្រជាពលរដ្ឋ​ដែល​មក​មើល​ហេតុការណ៍​ខាងលើ​ បាននាំគ្នា​និយាយថា អាច​ជា​ករណី​ឃាតកម្ម​ច្រើនជាង​ធ្វើ​អត្តឃាត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114