ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ​នឹង​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អន​ឡាញ​ជាមួយ​គ្រឹះស្ថាន​សហគ្រាស​នៅ​ទូទាំងប្រទេស

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អន​ឡាញ​ជាមួយ​គ្រឹះស្ថាន​សហគ្រាស​នានា​នៅ​ទូទាំងប្រទេស​ដើម្បី​ងាយស្រួល​ក្នុង​ការចុះ​អន្តរាគមន៍​និង​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់ពេលវេលា​នៅពេល​មាន​បញ្ហា​អ្វី​កើតឡើង​។

ថ្លែង​ក្រោយ​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ និង​ការប្រកាស​ដាក់​ឲ្យអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១ ៩ ២០២៣​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ការរៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អន​ឡាញ​ជាមួយ​គ្រឹះស្ថាន​សហគ្រាស​នេះ​នឹង​ជួយ​សម្រួល​ដល់​រោងចក្រ​សហគ្រាស​នានា មា ន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​បង្កើន​ផលិតភាព​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ថែមទៀត​ពិសេស​កាត់បន្ថយ​ការ​ចំណា យ​ក្រៅផ្លូវការ​ផងដែរ​។

លោក​បណ្ឌិត អ៊ិត សំហេង បាន​បន្តថា​«​អានេះ​គឺ​យើង​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​ដើម្បី​ទុក​ឱកាស​ឲ្យ​សហគ្រាស​គ្រឹះស្ថាន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បង្កើន​នូវ​ផលិតភាព​អានេះ​ក៏​ស្របទៅតាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ហើយ​ដែល​ក្រសួង​ការងារ​បានរួម​ចំណែក​ជាមួយ​ស្ថាប័ន​ផ្សេងទៀត​ដើម្បី​បន្ថយ​ចំនួន​ចុះទៅ​អធិការកិច្ច​»​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោ​កប​ណ្ឌិ​ត​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​ក្រសួង​នឹង​កាត់បន្ថយ​ការចុះ​អធិការកិច្ច ​ដែល​តាម​ធម្មតា​ក្នុង​១​ឆ្នាំ​ចុះ​យ៉ាងតិច​ពីរដង​នៅ​តាម​រោងចក្រ​សហគ្រាស​នោះមក​នៅ​ត្រឹម​មួយដង​វិញ​ប៉ុណ្ណោះ​ដោយ​ផ្តល់​ឱកាស​ឲ្យ​ផ្នែក​ឯកជន​ស្វ័យ​អធិការ​ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង​រួច​រាយការណ៍​មក​ក្រសួង​។

លោក​រដ្ឋម​ន្ត្រី​បាន​បញ្ជាក់​ថា ​ប៉ុន្តែ​ក្នុងករណី​មាន​វិវាទ​ការងារ មានការ​ប្តឹងផ្តល់​គ្នា គ្រោះថ្នាក់​ការងារ​និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​កើតឡើង​នៅតាម​រោងចក្រ​សហគ្រាស​នីមួយៗ​កើតឡើង​នោះ​ទើប​ក្រុមអធិការកិច្ច​ក្រសួង​ចុះទៅ​ស្រា វ​ជ្រាវ​និង​ដោះស្រាយ​ទៅតាម​ច្បាប់​ដើម្បី​ជួយ​សម្រួល​ទំនាក់ទំនង​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរ​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋ​ន្ត្រី ​ក៏​មាន​បំណង​ចង់​ឲ្យ​អន្តរក្រសួង​ដែល​មាន​ក្រុម​អធិការ​ធ្វើការ​ពិភាក្សា​គ្នា​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការ​ច្របាច់​បញ្ចូល​ក្រុមអធិការកិច្ច​តែមួយ​សម្រាប់​ចុះទៅ​អធិការកិច្ច​នៅតាម​សហគ្រាស​រោងចក្រ​នានា​។

ចំណែក លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៥​មីនា​ថា​នេះ​គឺ​គម្រោង​ដ៏​ល្អ​មួយ​ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​ក្នុងការ​ប្រកប​អាជីវកម្ម​បាន​ពេញលេញ​ដោយ​មិន​ចាំ​បាច់​ចំណាយពេល​វេលា​ទៅ​ទទួល​ឬ​ឆ្លើយ​សំណួរ​ពី​មន្ត្រី​អធិការកិច្ច​ទៀត​ទេ​។ ​លោក​ស្នើ​ទៅ​ក្រសួង​គួររៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អន​ឡាញ​នេះ​ឲ្យ​បាន​លឿន​ដើម្បី​ងាយស្រួល​ដល់​គ្រឹះ ស្ថា ន​សហគ្រាស​ក្នុងការ​ទំនាក់ទំនង​និង​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​លើកឡើង​ថា បើ​នៅ​ស្រុក​គេ​គេ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​មួយ​សម្រាប់​គ្រប់គ្រង​នៅតាម​រោងចក្រ​សហគ្រាស​ដែល​ប្រព័ន្ធ​នេះ​មិន​តម្រូវ​ឲ្យ​ក្រុមអធិការកិច្ច​ចុះទៅ​គ្រប់​រោងចក្រ​សហគ្រាស​នោះទេ​។​មានន័យថា​រោងចក្រ​ណា​អនុវត្ត​បានល្អ​ស្របតាម​ច្បាប់​កំណត់​គេ​មិនសូវ​ចុះទៅ​ធ្វើ​អធិការកិច្ច​ទេ​ពោលគឺ​គេ​ចុះទៅ​អធិការកិច្ច​ទៅលើ​រោងចក្រ​ណា​ដែល​អនុវត្ត​មិនបាន​ល្អ​ដូចជា​ឧស្សាហ៍​មាន​បញ្ហា​ផ្សេងៗ​ជាដើម​។

​លោក កាំ​ង ម៉ូ​នី​កា​បាន​ឲ្យ​ដឹង​ថា ​ទោះបីជា​ក្រសួង​កាត់បន្ថយ​ចំនួន​អធិការកិច្ច​ក៏ដោយ​ក៏​គ្រឹះស្ថាន​រោងចក្រ​សហគ្រាស​នៅតែ​បន្ត​អនុវត្ត​និង​កែលម្អ​នូវ​អ្វី​ដែល​ខ្វះខាត​ដើ​ម្បិ​ចូលរួម​លើកកម្ពស់​វិស័យ​ការងារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

គួរ​បញ្ជាក់​ថា ​ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ក្រសួង​ការងារ​បានធ្វើ​អធិការកិច្ច​ការងារ​ចំនួន ៩ ៣៥០​លើក​, បានដាក់​កំហិត ចំនួន ១ ០៥១​សហគ្រាស​, បាន​ផាកពិន័យ ១០០​សហគ្រាស និង​ប្តឹងទៅ​តុលាការ ៤​សហគ្រាស​។

បាន​ផ្សះផ្សា​វិវាទ​ការងារ​សរុប​ចំនួន ៥៨០​ករណី ក្នុងនោះ​វិវាទ​ការងារ រួម​ចំនួន ១៦៣​ករណី នៃ ១២៥​សហគ្រាស គ្រឹះស្ថាន (​កម្មករនិយោជិត ៩៣ ៥២១​នាក់​) ដោយ​សះជា​ចំនួន ២៩៦​ករណី​, មិន​សះជា​ចំនួន ២២៤​ករណី និង​មោ​ឃៈ​ចំនួន ៦០​ករណី​។ សំណុំរឿង​ដែល​ក្រុមប្រឹក្សា​អាជ្ញា កណ្តាល​ទទួលបាន​មាន​ចំនួន ៥៣​ករណី បានចេញ​សេចក្តី​បង្គាប់​ចំនួន ៤១​ករណី និង​សះជា ១២​ករណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114