ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ណែ​នាំទៅ​ប្រធាន​ស្ថាប័ន​ទាំងអស់ បើ​តែងតាំង​មុខតំណែង​មន្ដ្រី​ត្រូវ​ផ្តល់នូវ​សិទ្ធិអំណាច​និង​ការទទួលខុសត្រូវ​ដល់​ស្ដ្រី​ផង

ភ្នំពេញ ៖ ជាមួយ​ការ​គាំទ្រ​ឲ្យ​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ​ផ្តល់​តួនាទី​ដល់​ស្ត្រី​ឲ្យ​បាន​ច្រើន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ ក៏​បានផ្តល់​ជា​ដំបូន្មាន​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់នោះ ​ត្រូវតែ​ផ្តល់​នូវ​សិទ្ធិ​អំណាច​និង ការ​ទទួល​ខុសត្រូវ​ដល់​ស្ត្រី​ទាំងអស់​ផងដែរ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​កុំ​តែងតាំង​គ្រាន់តែ​ល្អមើល​ថា​ខ្លួន​មាន សមភាព​យ៉េន​ឌ័​រ ប៉ុន្តែ​ទីបំផុត​ស្ត្រី​នៅតែ​មិនបាន​ចូលរួម​ធ្វើ​សេចក្តីសម្រេចចិត្ត​និង​មិនបាន​ចូលរួម​បំពេញ​មុខងារ​ក្នុង​ស្ថាប័ន​ជំនាញ​នោះទេ​។

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​បែបនេះ​ នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​ខួប​លើក​ទី​១០៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី ៥ ខែមីនា​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា វា​ជា​ការ​ងាយស្រួល​ទេ​បើ​និយាយ​ពី​ការយកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ក៏ប៉ុន្តែ​បើ​គ្មាន​ការអនុវត្ត​ជាក់ស្ដែង​ណាមួយ​ចំពោះ​ស្ត្រី​ទេនោះ​វា​ក៏​គ្មាន​ន័យ​អ្វី​ដែរ​។​ ស​ម្តេច​បន្ត​ថា ​ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ពង្រីក​នូវ​អត្រា​នៃ​ការចូលរួម​ពី​ស្ត្រី​ឲ្យ​បាន​ច្រើន ជាពិសេស​ធ្វើការ​តែងតាំង​ស្ត្រី​នៅក្នុង​មុខងារ​តួនាទី​ដែល​ពួកគេ​គួរ​ត្រូវបាន​បង្កើន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​ស្នើ​ឲ្យ​គ្រប់​ក្រសួង​ទាំងអស់​រៀបចំ​ឲ្យ​មាន ខ្ញុំ​គាំទ្រ​ឲ្យ​មាន​សម្រាប់​មុខតំណែង​នៅតាម​ស្ថាប័ន​ថ្នាក់ក្រោម ខ្ញុំ​បានធ្វើ​រួច​មក​ហើយ​សម្រាប់​តាម​ស្ថាប័ន ថ្នាក់ជាតិ ដែលមាន​កម្រិត​ដូចជា​ចំនួន​ស្ត្រី​ជា​រដ្ឋលេខាធិការ ជា​អនុរដ្ឋលេខាធិការ​និង​នៅក្នុង​ក្របខ័ណ្ឌ​គណៈ​អភិបាលខេត្ត គណៈ​អភិបាលស្រុក គឺមាន​ស្ត្រី​រួចមកហើយ​»​។

​សម្តេច​តេ​ជោ​បន្តថា​ សម្តេច​មិនទាន់​ច្បាស់​ទេ​ថា ​តើ​ឥឡូវ​នៅតាម​បណ្តា​អគ្គនាយកដ្ឋាន​នៅតាម​នាយកដ្ឋាន​តើ​មាន​ស្ត្រី​ក្នុង​មុខតំណែង​ជា​អគ្គនាយក​អគ្គនាយក​រង​មាន​គ្រប់គ្រាន់​ហើយ ​ឬ​នៅ​? បើ​មិនទាន់​មាន​ទេ​សូម​ស្នើ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពិនិត្យ​ទទួលយក​ស្ត្រី​ឲ្យមាន​គ្រប់​នៅក្នុង​រចនាសម្ព័ន្ធ​នៃ​កិច្ចការ​របស់​យើង​។

​សម្តេច​បន្ត​ទៀត​ថា សម្តេច​យល់ថា​ បច្ចុប្បន្ន​ស្ត្រី​របស់​យើង​បាន​កសាង​សមត្ថភាព​គ្រាន់បើ​ហើយ​។ ដូច្នេះ​ការ​ចាក់​បញ្ចូល​ឲ្យ​គាត់​ទទួលបន្ទុក​ជា​អគ្គនាយក​ឬ​អគ្គនាយករង​ គឺជា​ការល្អ​ក៏ប៉ុន្តែ​បុរស​ក៏​ត្រូវ​កាន់កាប់​នៅ​កន្លែង​នោះ​ដែរ ​ប៉ុន្តែ​កន្លែង​ដែល​ជា​អគ្គនាយកដ្ឋាន​នីមួយៗ​មាន​អគ្គនាយករង ចំនួន ៤ ឬ ៥​នាក់ ​គប្បី​មាន​ស្ត្រី​ម្នាក់ ​ឬ ​ពីរ​នាក់​នៅក្នុង​នោះ​ដែរ​។ ចំណែក​នៅ​នាយកដ្ឋាន​បើ​មិន​បាន​ធ្វើ​ប្រធាន​នាយកដ្ឋាន​ទេ​គប្បី​មាន​អនុប្រធាននាយកដ្ឋាន​ម្នាក់​ផងដែរ ​បើ​រៀបចំ​បែបនេះ​គឺជា​ការល្អ​។ ប៉ុន្តែ​សម្តេច​នៅតែ​បញ្ជាក់​បន្ថែម​ថា បើ​ផ្តល់​តួនាទី​ឲ្យ​ស្ត្រី​ទៅកាន់​ការងារ​ហើយ​ត្រូវ​ផ្ដល់​ការងារ​ឲ្យ​ពួកគាត់​ធ្វើ​ផង​មិនមែន​គ្រាន់តែ​តែងតាំង​ដើម្បី​បង្គ្រប់កិច្ច​ថា​ អង្គភាព​របស់ខ្ញុំ​មាន​សមភាព​យ៉េន​ឌ័​រ​ល្អ​ណាស់ ​ព្រោះ​មាន​ស្ត្រី​ភាគរយ​ប៉ុណ្ណោះ​ភាគរយ។ ប៉ុន្តែ​ទីបំផុត​ស្ត្រី​មិនបាន​ចូលរួម​ធ្វើ​សេចក្តីសម្រេចចិត្ត​និង​មិនបាន​ចូលរួម​បំពេញ​មុខងារ​ក្នុង​ស្ថាប័ន​ជំនាញ​នោះទេ​។

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​នានា​គួរ​គប្បី​ជួប​ស្ត្រី​ឲ្យ​បាន​២-៣​ដង​ក្នុង​មួយឆ្នាំ​ ដើម្បី​បាន​ស្តាប់​នូវ​ការលើកឡើង​នូវ​មតិយោបល់​នានា​របស់​ស្ត្រី​។ ​បើ​នៅ​តាម​ក្រសួង​និង​ស្ថាប័ន​នានា ធ្វើ​សកម្មភាព​បាន​ច្រើន​នោះ បញ្ហា​របស់​ស្ត្រី​នឹង​ត្រូវបាន​ដោះស្រាយ ហើយ​ធ្វើ​ឲ្យ​ការ​លើកកម្ពស់​សិទ្ធិ​រប​ស់​ស្ត្រី​នឹង​កាន់តែ​ប្រសើរ​។

​យោង​តាម​របាយការណ៍​របស់​ក្រសួង​កិច្ចការនារី​ឆ្នាំ​២០១៨ សរុប​ចំនួន​មុខតំណែង​ចាប់ពី​មន្ត្រី​រហូតដល់​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​មាន​ចំនួន ៨៥.២១៧​នាក់​។ ឆ្នាំ​២០១៨ បរិមាណ​ទ័ព​នារី​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ដែល​ក្រសួងការពារជាតិ​មាន​ចំនួន​១២៣​នាក់​ត្រូវ​បាន​ទទួល​ការ​ដំឡើង​ឋានៈ​តួនាទី​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ឧ​ត្ត​ម​សេនីយ៍​ត្រី​។ ស្ត្រី​នៅក្នុង​មុខតំណែង​ជា​ឯកអគ្គរាជទូត​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​៤​រូប និង​មន្ត្រី​ការទូត​ជា​ស្ត្រី​ប្រចាំ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប​។ ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​បាន​បណ្តុះបណ្តាល​ក្រឡាបញ្ជី​ជា​ស្រី​ចំនួន​២៦​នាក់ ជា​មេធាវី ១២​នាក់ និង​ចៅក្រម​៣៤​នាក់​។​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្កើន​អាហារូបករណ៍​ជា​អាទិភាព​ដល់​និស្សិត​នារី​រៀន​នៅ​តាម​គ្រឹះស្ថាន​ឧត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន​ប្រមាណ ៥.០០០​នាក់​ ក្នុង​នោះ​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​(១៥%)​សិស្ស​មកពី​តំបន់​ដាច់ស្រយាល​(១០%)​សិស្ស​នារី​(១៥%) និង​សិស្ស​ទូទៅ​(១០)​ចំនួន​និស្សិត​នារី​ដែល​បាន​បញ្ចប់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​មានការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​នោះ​ថ្នាក់បរិញ្ញាប័ត្រ​រង​មាន ៤៨,៥៨%, បរិញ្ញាប័ត្រ ៤៦,៧៥%, បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ២៧,៤៨% និង​ថ្នាក់បណ្ឌិត ១៧​នាក់​។ ឆ្នាំ២០១៨​និស្សិត​នារី​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អាហារូបករណ៍​មាន​ចំនួន​៤.៣៥៩​នាក់ ស្មើនឹង​៦០,៦៣%​នៃ​ចំនួន​សរុប​៧.១៧១​នាក់​ ក្នុង​នោះ​និស្សិត​នារី​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​មាន ២៤,០២%​នៃ​ចំនួន​និស្សិត​សរុប​៩២០​នាក់​។ ឆ្នាំ​សិក្សា ២០១៧-២០១៨ ចំនួន​និស្សិត​នារី​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​មាន​ចំនួន ២.៣៤៨ នាក់៕