ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​គ្រប់ផ្នែក​ទាំងអស់​អនុវត្ត​នូវ​ចំណុច​សំខាន់​៥​ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​និង​កិច្ច​គាំពារ​សង្គម

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១០៨ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ​២០១៩ ដែល​បាន ប្រារព្ធ​ធ្វើឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី​៥ ខែមីនា នេះ​បាន​អំពាវនាវ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល វិស័យ​ឯក ជន​និង​ជនរួមជាតិ​ទូទាំង​ប្រទេស​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​ចំនួន ៥ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​និង​កិច្ច​គាំពារ​សង្គម ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល​ក្នុង​មុំ​ទី​៤​ គឺ​ការ​ពង្រឹង​សមត្ថភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​លើកស្ទួយ​តួនាទី​ស្ត្រី​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គមជាតិ​។ ក្នុង​ន័យ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​និង​កិច្ច​គាំពារ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព​ខ្ញុំ​សូម​អំពាវនាវ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​និង​ជនរួមជាតិ​ទូទាំង ប្រទេស​សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​នូវ​ចំណុច​សំខាន់​សំខាន់​ដូចខាងក្រោម​៖ ​ទី​១.​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តា​មរយៈ​ការផ្ដល់​អតិ​ភាព​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​នៅ​គ្រប់​វិស័យ​និង​គ្រប់​កម្រិត​ទៅតាម​សមត្ថភាព​ដែល​មាន​ហើយ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ឱកាស​បំពេញការងារ​តាម​តួនាទី​របស់​ពួកគាត់។

​ទី​២.​ត្រូវ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​ត្រូវ​ព​ន្លឿ​ន​ដំណើរការ​ទឹកដី​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​និង​យេនឌ័រ​ហើយ​ត្រូវ​សហការ​គ្នា​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ស្ថិតិ​រួម​ជា​ផ្លូវការ​មួយ​ដែល​អាច​តាមដាន​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។

ទី​៣.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​គឺ​ស្ថាន​សិក្សា​ទាំងអស់​ឲ្យ​ពង្រឹង​ការអនុវត្ត​វិន័យ​ទន្ទឹម​នឹង​នេះ​ ត្រូវ​បន្ត​ផ្ដល់​ឱកាស​ដល់​ក្មេងស្រី​នឹក​គ្រប់​កម្រិត​ដើម្បី​បាន​សិក្សា​មុខជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)​ដែលជា​យុគ​ទំនើបកម្ម​បច្ចេកវិទ្យា។

ទី​៤.​ក្រសួងមហាផ្ទៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ក្រសួង​ព័ត៌មាន​ត្រូវ​គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​ទូទាំង​ប្រទេស​ឲ្យ​មាន ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី​និង​ក្មេងស្រី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សង្គម​។

​ទី​៥.​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្រសួង​ព័ត៌មាន​និង​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​និង​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ​ល្អ​ល្អ​ដើម្បី​បង្ហាញ​អំពី​អត្តចរិត​ស្ត្រី​ខ្មែរ​ជាពិសេស​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ​មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ​ស័ក្ដិ​សមជា​ប្រទេស​ដែលមាន​អរិយធម៌​រុងរឿង​នៅ​គ្រប់​ជំនាន់​។

​ទិវា​អន្តរជាតិ​នារី ៨​មីនា​ខួប​លើក​ទី​១០៨ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»​។ ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​ត្រូវបាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុងការ​ទាមទារ​សិទ្ធិ​សេរីភាព​និង​គេច​ផុត​ពី​ទង្វើ​ជិះជាន់​នានា​។ ​ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូតដល់​ពេលបច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​តែង​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុងការ​លើកកម្ពស់​ស្ត្រី​រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។

នៅក្នុង​ឱកាស​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា ​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»​ក្នុង​គោលបំណង​អនុវត្ត​គោ​នយោបាយ​ជាតិ​គាំពារ​សង្គម ដែល​ធានា​បាន​នូវ​បរិ​យា​ប័ន្ន​ និង​ សមធម៌​ឆ្លើយតប​នឹង​បញ្ហា​យេនឌ័រ ដែល​ស្ត្រី​គ្រប់រូប​មាន​សិទ្ធិ​និង​កាតព្វកិច្ច​ដូច​បុរស ​ដើម្បី​ទទួល​បាន​ឱកាស និង​អត្ថប្រយោជន៍​ផ្សេងៗ តាមរយៈ​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​នាពេល​បច្ចុប្បន្ន​នេះ។

នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ក្រសួង​កិច្ចការ​នារី​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​ជាតិ អន្តរជាតិ​ទាំងអស់​ដែល​បាន​រួម​ចំណែក​គាំទ្រ​ការ​លើកកម្ពស់​ស្ថានភាព​ជីវភាព សិទ្ធិ​ឋានៈ តួនាទី សុខុមាលភាព​របស់​ស្ត្រី និង​កុមារ​និង​ការ​ផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។

​សម្តេច​ក៏បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​ជន​រម​ជាតិ​ទូទាំង​ប្រទេស​ដែល​បាន​ផ្តល់​ភាពយុត្តិធម៌​និង​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ​របស់​សម្តេច​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បាន​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលប់​ជូន​គណបក្ស​ប្រជាជន​ឲ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ត​ទៅមុខទៀត​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ជាពិសេស​គឺ​ការថែរក្សា​និង​ការពារ​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​កម្ពុជា​ដែល​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ គឺជា​កិច្ចការ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។

របាយការណ៍​វាយតម្លៃ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៨ បង្ហាញ​ឲ្យ​ឃើញ​ថា ភាព​រីកចម្រើន​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច និង​វិស័យ​អប់រំ ទាំង​ស្ត្រី និង​ក្មេងស្រី​ទទួល​បាន​លទ្ធផល​ល្អ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​ពី​លេខ ១១២ នៅ​ឆ្នាំ ២០១៦​ មក​លេខ ៩៣ នៅ​ឆ្នាំ ២០១៨​។ ទន្ទឹមនេះ កម្ពុជា​ជា​ប្រទេស​ដែលមាន​អត្រា​ស្ត្រី​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ខ្ពស់​ជាងគេ (៧៩%)​ហើយ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​ប្រទេស​កម្ពុ​ជាមាន​៦៥% ជា​ស្ត្រី​។

ម្យ៉ាងវិញទៀត ក្នុង​វិស័យ​អប់រំ ស្ត្រី និង​ក្មេងស្រី​មានលទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បានការ​សិក្សាអប់រំ​ក្នុង​កម្រិត​បឋមសិក្សា មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សិស្ស​ស្រី​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧២០១៨ មាន​ចំនួន ៣៩.៨៣១ នាក់​(​សាមសិប​ប្រាំបួន​ពាន់​ប្រាំបី​រយ​សាមសិប​មួយ​នាក់​) ស្មើនឹង ៥២ ៣៨%។ ចំនួន​សិស្សស្រី​នៅ​ឧ​ត្ត​មសិ​ក្សា​ក៏​មាន​ការ​កើនឡើង ក្នុងនោះ​ថ្នាក់បរិញ្ញាប័ត្រ​រង​មាន ៤៩% ថ្នាក់បរិញ្ញាប័ត្រ​មាន ៤៥, ៩% ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​២១, ៦% និង​ថ្នាក់បណ្ឌិត ៥,១% ។ មិនតែប៉ុណ្ណោះ​ចំនួន​សិស្ស​និស្សិត ដែល​បាន​ជ្រើសរើស​មុខវិជ្ជា​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​បច្ចេកទេស​វិស្វកម្ម និង​គណិតវិទ្យា (STEM) មានការ​កើនឡើង​គឺ​សរុប​មាន​ចំនួន ៤៤. ៣៦៦ នាក់ (​សែសិប​បួន​ពាន់​បី​រយ​ហុកសិប​ប្រាំមួយ​នាក់​) ក្នុងនោះ​ស្រី​មាន ២៩, ៨%៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114