Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីថៃ នាំគ្នាចេញមុខបដិសេធទំនាក់ទំនងជាមួយ Ben Smith ក្រោយបែកធ្លាយរូបថត

បានផុស

នៅ

ក្រោយការបែកធ្លាយរូបថតជនសង្ស័យជាមេ Scammer ជាមួយនាយករដ្ឋមន្ត្រីថៃនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតធ្វើឲ្យកក្រើកប្រទេសនោះ នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រញាប់ប្រញាល់ចេញមុខបដិសេធអំពីទំនាក់ទំនងរវាងខ្លួនជាមួយបុរសឈ្មោះ Ben Smith ដោយនិយាយថា លោកបានជួប​ Smith ​នៅប្រទេសសិង្ហបុរីដោយ​ចៃដន្យ ក្នុងអំឡុង​អាហារ​ពេលល្ងាច​ជា​ក្រុម​ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​របស់​លោក​ឧត្តមសេនីយ៍ Apirat Kongsompong ក្រោយរដ្ឋប្រហារថៃឆ្នាំ២០១៤ ហើយក្រោយមកគ្មាន​ការ​ជាប់​ពាក់ព័ន្ធ​អ្វីបន្ត​ទៀត​ទេ។

រូបថតបែកធ្លាយ (រូបថត៖ Amarin)

យ៉ាងណាមិនមែនតែលោក Anutin ឡើយ, មានមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់បានចេញមុខមកប្រកែក ដើម្បីបង្ហាញគេឯងថា ខ្លួនជាមនុស្សស្អាតស្អំ ដោយក្នុងនោះ ក៏មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ekniti Nitithanpraphat ដែរ។

ថ្លែងប្រាប់ Amarin នៅទីក្រុងបាងកក លោក Ekniti បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីចោទជាបញ្ហាឡើយ។ ចំពោះរឿងនេះលោកបានពន្យល់រួចអស់ហើយ អត់មានអ្វីត្រូវនិយាយទៀតទេ។

រូបថតបែកធ្លាយ (រូបថត៖ Amarin)

ទន្ទឹមនោះ លោក Apirat Kongsompong អតីតមេបញ្ជាការកងទ័ពថៃ ក៏ចេញមុខជំទាស់ផងដែរ ដោយនិយាយថា រូបថតដែលបែកធ្លាយនោះ គឺតាំងពីឆ្នាំ២០១៤ មកម្ល៉េះ អំឡុងពេលទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ហើយទំនាក់ទំនងជាមួយលោក Smith គឺត្រឹមជាការស្គាល់គ្នា ក្នុងនាមជាពាណិជ្ជករប៉ុណ្ណោះ។

យ៉ាងណា ជុំវិញរឿងនេះដែរ បើនិយាយពាក់ព័ន្ធជាមួយលោក Anutin វិញ, គណបក្សភឿថៃ បានដាក់ការសង្ស័យរួចទៅហើយ ដោយអ្នកនាំពាក្យបក្សលោក Suksit Srichomkhwan បោះសម្តីថា ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនិងលោក Smith មិនត្រឹមមិត្តភក្តិធម្មតានោះទេ។

រូបថតបែកធ្លាយ (រូបថត៖ Amarin)

ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ពាក់ព័ន្ធនឹងរូបថតបែកធ្លាយ លោក Suksit និយាយថា ដ្បិតជារូបថតចាស់ តែវាបង្ហាញយ៉ាងច្បាស់ថា ពួកគេធ្លាប់ជួបគ្នានៅច្រើនកន្លែង ច្រើនលើក និងក្នុងឱកាសផ្សេងៗគ្នា។ ម្យ៉ាងថ្មីៗ លោក Anutin ថ្លែងថា ពួកគេធ្លាប់ជួបគ្នា៥-៦ដង ដែលនេះបង្ហាញថា ទំនាក់ទំនងរបស់ពួកគេទំនងជា លើសពីការជួបគ្នាធម្មតាទៅទៀត។

សូមជម្រាបជាថ្មី លោក Smith ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​កំណត់​អត្តសញ្ញាណ​ ​ថា​ជា​អ្នក​ហិរញ្ញវត្ថុ​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​ឈ្មោះ Benjamin Mauerberger គឺត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង​បណ្ដាញ​ឆបោក និង​ការ​លាង​លុយ​កខ្វក់​ដ៏​ធំ​ដែល​កំពុង​ប្រតិបត្តិការ​ទូទាំង​ប្រទេស​ថៃ។ រូបលោក​បាន​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដោយ​ការិយាល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់​ថៃ (AMLO) និង​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​មាន​តម្លៃ​រាប់ពាន់​លាន​បាត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម