ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនិពន្ធ​នៅ​ផលិតកម្ម​សាន់​ដេ ហ៊ាង ម៉េង​ហួរ សូមទោស​ជា​សាធារណៈ​ដល់​គ្រួសារ​កវី គ​ង្គ ប៊ុន​ឈឿន

ភ្នំពេញ ​៖ ​បន្ទាប់ពី​មានការ​រិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​លើ​នាយ ចឺម និង​អ្នកនិពន្ធ​នៅ​ផលិតកម្ម​សាន់​ដេ​ ដែល​បាន​យក​បទ​ចម្រៀង​មរតក​ដើម​មាន​ចំណងជើង​ថា នឹក​ភូមិ​ភ្នំ​ធំ ទៅ​ចេតនា​កែច្នៃ កាឡៃ ចេញ​ជា​បទ​ថ្មី​មាន​ចំណងជើង​ថា អូន​ជា​អ្នកមាន​សម នឹង អ្នកមាន​ដូចគ្នា បណ្តាល​ឲ្យ​ខូច​ទម្រង់​ដើម​នោះ ​ពេលនេះ​ក៏​ស្រាប់តែ​លោក ហ៊ាង ម៉េង​ហួរ បាន​ចេញមុខ​សូមទោស​ជា​សាធារណៈ​ដល់​ក្រុមគ្រួសារ​របស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន និង​មហាជន។

អ្នកនិពន្ធ​នៅ​ផលិតកម្ម​សាន់​ដេ ហ៊ាង ម៉េង​ហួរ​ បាន​ចេញមុខ​ប្រកាស​សូមទោស​ជា​សាធារណៈ​បែបនេះ​ថា ​ខ្ញុំបាទ ហ៊ាន ម៉េង​ហួរ ដែលជា​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ ពេលនេះ​សូម​ចេញ​ជា​វីដេអូ​សូមទោស​ជា​សាធារណៈ​…..​។ ជាដំបូង​ខ្ញុំ​បាន​សូមទោស​ដល់​លោកតា គ​ង្គ ប៊ុន​ឈឿន និង​ក្រុមគ្រួសារ​របស់​លោក​គ្រូ​ ព្រមទាំង​មហាជន​ទាំងអស់ ​ដែល​ខ្ញុំ​បាន​យក​បទ​ចម្រៀង​មរតក​ដើម​បទ នឹក​ភូម​ភ្នំ​ធំ ឬ​ថ្ងៃ​ដែល​អូន​ចុក​ឈាម មក​កែ​ប៉ា​រូ​ល​….។

អ្នកនិពន្ធ​រូបនេះ​បាន​បន្តថា​ ករណី​កំហុស​ឆ្លង​នេះ​ដោយសារតែ​លោក​មាន​វ័យ​នៅ​ក្មេង​ហើយ​មិនបាន​គិត​ឲ្យ​បាន​ដិតដល់។ បន្ទាប់​ពីបទ​នេះ​បាន​បង្ហោះ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​លោកតា គ​ង្គ ប៊ុន​ឈឿន មិន​សប្បាយចិត្ត​ ដូច្នេះហើយ​ទើប​ខាង​ផលិតកម្ម​សម្រេចចិត្ត​លុបចោល​ពី​បណ្តាញ​សង្គម​យូ​ធូប និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​តែម្តង។

លោក ហ៊ាង ម៉េង​ហួរ​បានបញ្ជាក់​បន្ថែមថា ​រឿងរ៉ាវ​នេះ​ក៏បាន​ធ្វើឡើង​ស្របទៅតាម​ការ​សំណូមពរ​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផងដែរ​។​ ដូច្នេះ​ជា​ចុងក្រោយ​ខ្ញុំបាទ​មានតែ​លើក​ម្រាមដៃ​១០​ដើម្បី​សំពះ​សូម​អភ័យទោស​ដល់​វិញ្ញាណក្ខន្ធ​របស់លោក​តាគ​ង្គ ប៊ុន​ឈឿន និង​ក្រុមគ្រួសារ ព្រមទាំង​មហាជន​ទាំងអស់​មេត្តា​លើកលែងទោស​និង​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង។

គួរ​រម្លឹក​ថា ​តារា​ចម្រៀង​និង​ជា​អតីត​តារា​កំប្លែង​នាយ ចឺម កាលពី​ថ្មីៗ​នេះ​បាន​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវបាន​ខាង​ភាគី​ផលិតកម្ម​សាន់​ដេ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា ខណៈដែល​សាច់ភ្លេង​និង​ទំនុកច្រៀង​គឺ​កាឡៃ​ចេញ​ពី​បទ​ចម្រៀង​មរតក​ដើម​មាន​ចំណងជើង​ថា នឹក​ភូមិ​ភ្នំ​ធំ ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា។ ​
​ជាការ​កត់សម្គាល់​កាល​នោះ​ក្រោយ​ពេលចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា របស់​តារា​វ័យក្មេង​នាយ ចឺម មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​បញ្ចេញមតិ​ប្រតិកម្ម​និង​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​ការនិពន្ធ​និង​ច្រៀប​បទ​មួយ​នេះ។មិនតែប៉ុណ្ណោះ​ក៏មាន​មហាជន​មួយចំនួន​បានលើកឡើង​ថា​ នាយ ចឺម និង​ផលិតកម្ម​សាន់​ដេ​កំពុងតែ​ចង់​​កាឡៃ​បទ​មរតក​ដើម​ឲ្យ​ក្មេងជំនាន់ក្រោយ​លែង​ស្គាល់​ទៀត​ផង៕