ព័ត៍មានទាន់​ហេតុការណ៏
Search

គន់ រៀម​រតនៈ អរ​ស្ទើរ​ស្រក់​ទឹកភ្នែក ​ក្រោយ​បាន​ថតរូប​ភាព​អនុស្សាវរីយ៍​ជាមួយ​សម្ដេច​ទាំង​ទ្វេ​

​ភ្នំពេញ​ ៖​ តារា​សម្តែង​ប្រុស ​ដែល​ភាគច្រើន​និយម​តួ​សម្តែង​ជា​លក្ខណៈ​មនុស្ស​ភេទ​ទី​៣​ លោក គន់ រៀម​រតនៈ ហៅ ចែ​រ៉ូ​ហ្សា​ ភ្លាមៗ​ នៃ​ការ​បាន​ជួប​ផ្ទាល់ ​និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន គឺ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ និង រំភើប​យ៉ាង​ខ្លាំង ​ខណៈ​តារា​រូបនេះ ​ក៏បាន​ពោល​ពាក្យ​ថា ​គិត​មកទល់ពេលនេះ ​ខ្ញុំ​នៅតែ​រំភើប​ស្ទើរ​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​។​

តារា​សម្តែង​ លោក គន់ រៀម​រតនៈ​ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍​ជាច្រើន​សន្លឹក​អំឡុងពេល​ថត​ជាមួយ ​សម្ដេច​ទាំង​២​ថា រំភើបចិត្ត​ពេក ​ដេក​មិន​លក់ ដេក​មើល​រូប​ទាំងអស់​ហ្នឹង ចង់​មួយ​លាន​ដង​ហើយ ​នៅតែ​មើល​មិន​ឆ្អែត​ ព្រោះថា គឺជា​ឱកាស​មួយ​ដ៏​កម្រ​សម្រាប់​សាមញ្ញ​ជន​ដូច​រូបខ្ញុំ​។ ​អ្នកខ្លះ​គេ​សើច គេ​ពេបជ្រាយ គេ​ថា​ខ្ញុំ​អួត​ ក៏​សូម​អញ្ជើញ​ថា​តាមចិត្ត​អស់លោក​អ្នក​នាង​កញ្ញា​ ចង់​ចុះ​…​។​

លោក គន់ រៀម​រតនៈ បាន​បញ្ជាក់ថា ព្រោះថា អស់លោក អ្នកនាង​កញ្ញា អ្នក​សើច​ពេបជ្រាយ​ខ្ញុំ​ទាំងអស់​នោះ អ្នកខ្លះ​ស្ទើរ​ពេញ​មួយជីវិត ជិត​ងាប់​ទៅវិញ​ទៅហើយ មិនទាន់​ដែល​បានឃើញ​ព្រះ ភក្ត្រ​លោក​ទាំង​២​ផ្ទាល់​ម្តង​ផង សូម្បី​ស្រមោល​។ ​អរគុណ​ណាស់​បងស្រី Chanlakhena Chorn ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បើ​គ្មាន​វត្តមាន​បងស្រី​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ទេ ម្ល៉េះ​ពេញ​មួយ​ជីវិត​ខ្ញុំ​នេះ​គ្មាន​វាសនា​មហា​កិត្តិយស​ទាំងអស់នេះ​ទេ​។​

សូម​គោរព​ជូនពរ​ សម្ដេច​ទាំង​ទ្វេ និង​ក្រុម​គ្រួសារ​បងស្រី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក្រុម​គ្រួសារ សិល្បករ​-​សិល្ប​ការិនី​គ្រប់​ជំនាន់​ប្រជាពលរដ្ឋ​ខ្មែរ ​ទូទាំង​ប្រទេស​ សូម​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​បរិបូណ៌​រឹងមាំ​ និង​មហា​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​។ ​នេះ​ជាការ​លើកឡើង​បន្ថែម​របស់ លោក គន់ រៀម​រតនៈ ហៅ ចែ​រ៉ូ​ហ្សា​។​

សូម​បញ្ជាក់​ថា ​ការ​លើក​ឡើង​របស់​តារា​សម្តែង​ លោក គន់ រៀម​រតនៈ ខាងលើនេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ជួប​ និង​ថត​រូបភាព​អនុស្សាវរីយ៍​ជាមួយ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា ​នាឱកាស​ដែល ​សម្ដេច ​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា វប្បធម៌​ជាតិ​៣​មិនា​ លើក​ទី​២១​ និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​នឹង​សិល្បករ​-​សិល្ប​ការិនី នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ កាលពី​ល្ងាច​ថ្ងៃទី​០៦​មិនា៕