ព័ត៌មានជាតិ
ត្រីស និងត្រីរៀលទំនប់សាលាតាអនត្រូវច្រើន ពលរដ្ឋចុះទូកនេសាទដូចទឹកបាក់ទំនប់
ក្នុងរយះពេលជិត ១ សប្តាហ៍ចុងក្រោយនេះ ត្រង់ចំណុចទំនប់ស្ទាក់ទឹកសាលាតាអនតាមដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង មានពលរដ្ឋរាប់រយនាក់មមាញឹកក្នុងការចុះនេសាទបង់សំណាញ់ ចំណែកនៅលើខ្នងទំនប់ហាក់ដូចជាទីផ្សារមួយអីចឹងដែរ។

អ្នកភូមិបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែធ្នូនេះថា ពួកគាត់សប្បាយចិត្ត ដែលការនេសាទត្រីនៅក្នុងរដូវកាលឆ្នាំនេះក្នុងរយះពេលខ្លី តែអាចរកចំណូលបានច្រើនជាងឆ្នាំមុន ដោយសារតែឆ្នាំនេះមានត្រីសនិងត្រីរៀលចុះច្រើន ដែលធ្វើឲ្យពួកគាត់សម្រុកនេសាទក្នុងរយះពេលជិតមួយសប្តាហ៍មកហើយ។
ក្នុងសកម្មភាពនេសាទត្រី ពលរដ្ឋខ្លះដាក់មងខ្លះទៀតបង់សំណាញ់។ ការបោះសំណាញ់ចូលទឹកហើយអូសសំណាញ់មកវិញឃើញជាប់ត្រីរាប់សិបគីឡូក្រាមមិនគួរឲ្យជឿ បើសិនជាមិនបានឃើញផ្ទាល់ភ្នែក។


ក្រោយពីពលរដ្ឋម្នាក់ៗរកបានច្រើនបែបនេះ អ្នកធ្វើដំណើរក៏សម្រុកនាំគ្នាទិញត្រីស្រស់ៗក្នុងម្នាក់ៗបានចន្លោះពី ៥ ទៅ ១០ គីឡូក្រាម ក្នុងនោះត្រីសតម្លៃ ៣ ០០០ រៀល និងត្រីរៀលលក់បានក្នុងតម្លៃ ១ គីឡូក្រាម ៥ ០០០រៀល។
ក្រៅពីលក់ស្រស់ៗ ពលរដ្ឋខ្លះក៏នាំគ្នាយកទៅធ្វើជាត្រីឆ្អើរ ប្រហុក ផ្អក សម្រាប់បរិភោគក្នុងគ្រួសារ។
បើតាមលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ប្រភេទត្រីស និងត្រីរៀល បានកើនឡើងរហូតដល់ ៥០ ភាគរយ បើធៀបឆ្នាំកន្លងទៅ។ ការកើនឡើងដ៏ច្រើននេះ ដោយសារតែឆ្នាំនេះភ្លៀងបានធ្លាក់ច្រើននៅដើមដៃ ធ្វើឲ្យកម្ពស់ទឹកបានហក់ឡើងជាងឆ្នាំមុនមួយម៉ែត្រ ទើបប្រភេទត្រីសនិងត្រីរៀលនិងត្រីកំភ្លាញត្រូវច្រើន អាចផ្គត់ផ្គង់ពលរដ្ឋតាមរយះធ្វើជាប្រហុក ផ្អក និងត្រីឆ្អើរ ចូលទីផ្សារដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។


លោកបន្តពន្យល់ថា ត្រីសនិងត្រីរៀលមិនមែនឡើងចេញពីបឹងទន្លេសាបនោះទេ គឺត្រីប្រភេទនេះបានឡើងមកពីតាម បណ្តាបឹង ឡូតិ៍ ឬព្រែក រនាមដែលស្ថិតនៅក្នុងឃុំដូចជា ឃុំព្រៃចាស់ ឃុំព្រែកលូង ឃុំព្រែកនរិន្ទ ឃុំពាឯក ជាដើម។
លោកបន្តថា ត្រីសដែលបានឡើងមកកកកុញ នៅទំនប់សាលាតាអនយ៉ាងច្រើននេះ គឺចាប់ផ្តើមតាំងថ្ងៃ ១០ កើត រហូតដល់ថ្ងៃ ១៥ កើត។បើសិនជាអាកាសធាតុបើកថ្ងៃល្អ រហូតដល់ថ្ងៃ ៣ ឬ ៤ រោជ ទើបអាចនឹងថយចុះទៅវិញ ។


បន្ថែមពីនេះសម្រាប់លោក ជួង សុភា កត្តាដែលធ្វើឲ្យប្រភេទត្រីសបានកើនឡើងច្រើននេះ គឺកើតចេញពីកត្តា ៣ សំខាន់ ក្នុងនោះមាន ទី១ ភ្លៀងចាប់ផ្តើមធ្លាក់ដើមដៃ ទី២ ទំហំទឹកហក់ឡើងជាងឆ្នាំមុនកម្ពស់ ១ ម៉ែត្រ ទី ៣ ការទប់ស្កាត់បទល្មើសបានល្អ និងបានកំណត់ទំហំឧបករណ៍នេសាទផង ដូចជាក្រឡាសាច់មងបានកំណត់ដល់ ៣ ហ៊ុន ខណះឆ្នាំមុនប្រជានេសាទបានប្រើប្រាស់ក្រឡាមង ១ ហ៊ុនកន្លះឡើងទៅ ធ្វើឲ្យត្រីសមិនបានរួចខ្លួនពីក្រឡាមងនោះឡើយ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


