ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ដី​ស្របច្បាប់​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រង​ការឈឺចាប់ និង​ប្រតិកម្ម​ចំពោះ​បុគ្គល​ឈ្មោះ លី សុខ​ងី​ម គំរាមកំហែង​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​របស់​ពួកគាត់

ព្រះសីហនុ ៖ ក្រោយពី​បុគ្គល​ឈ្មោះ លី សុខ​ងី​ម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៤៣ E0 ផ្លូវ​លេខ​១២៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​បក្សពួក​របស់ខ្លួន​បាន រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​ស្របច្បាប់​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ម្ចាស់​ដី​ដែលមាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ត្រឹមត្រូវ​ស្របច្បាប់​ បាន​រៀបរាប់​ដោយ​អារម្មណ៍​ក្តុកក្តួល​ថា ម្ចាស់​ដី​ទាំង​១៩​គ្រួសារ​មានការ​ឈឺចាប់ រូបគាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អំពើ​រំលោភបំពាន​ទន្ទ្រាន​យក​ដី​ពួកគាត់​ដែល​ខំ​កាន់កាប់​និង​ថែរក្សា​តាំងពី​ឆ្នាំ​១៩៩៤​មក។

ម្ចាស់​ដី​ស្របច្បាប់​១៩​គ្រួសារ​ដដែល​បាន​រៀបរាប់​ពី​អំពើ​ទុច្ចរិត របស់ លី សុខ​ងី​ម និង​បក្សពួក បានមក​គំរាមកំហែង​ប្រជាពលរដ្ឋ​ស្លូតត្រង់​វ័យ​ចំណាស់ ដែល​ខំ​ថែរក្សា​និង​កាន់កាប់​ដី​ជា​យូរយារ​ណាស់​មកហើយ បាន​បង្កើត​បក្ខពួករបស់​ខ្លួន​មួយក្រុម​និង​រៀបចំ​ឲ្យ​មាន​អ្នកលក់ និង​អ្នកទិញ​រួច​ឃុបឃិត ជាមួយ​មន្ត្រី​ខិលខូច​មួយចំនួន​បង្កើត​ឯកសារ​ផ្សេងៗ​ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ស្របច្បាប់ ហើយ​ចូល​ទន្ទ្រាន​កាន់កាប​និង​ប្រើ​ហិង្សា​ទៅលើ​ម្ចាស់​ដី​ស្របច្បាប់​ដោយ​ឲ្យ​បក្ស​ពួកខ្លួន​គំរាមកំហែង​ដេញ​អ្នក​ចាំ​ដី​រួច​ពួកខ្លួន​ចូល មកកាន់​កាប់​ដី​ដែលមាន​ប័ណ្ណ​កម្ម​សិទ្ធិ​១៩​គ្រួសារ និង​សាងសង់​សំណង់ អនាធិបតេយ្យ​ធ្វើ​ពី​ស័ង្កសី​នៅ​លើ​ដី​នោះ​ នៅ​អំឡុង​ឆ្នាំ​២០១៦ ថែមទៀត ប៉ុន្តែ​សកម្មភាព​ទាំងនេះ​មិនបាន​សម្រេច​ដោយសារ​ពួកគេ ចូល​ទន្ទ្រាន​កាន់កាប់​លើដី​ដែល​ម្ចាស់​មាន ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​តាមច្បាប់។

ព្រោះតែ​ការឈឺចាប់​របស់​ម្ចាស់​ដី​ស្របច្បាប់​ទាំង​១៩​គ្រួសារ ដោយសារ​អំពើ​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​ស្របច្បាប់ ពី​សំណាក់ លី សុខ​ងី​ម និង​បក្សពួក​របស់ខ្លួន ប្រជាពលរដ្ឋ​ទាំងអស់​បាន​គោរព​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ពួកគាត់​ពី​អំពើអាក្រក់​របស់ លី សុខ​ងី​ម និង បក្សពួក។

សូមបញ្ជាក់ថា តាម​ប្រភព​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ស្របពេល​ដែល​ដី​ខេត្ត​ព្រះសីហនុ​មានតម្លៃ បុគ្គល លី សុខ​ងី​ម និង​បក្សពួក​បានធ្វើ​អំពើ​ទុច្ចរិត គំរាមកំហែង​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​ប្រជាពលរដ្ឋ​មួយចំនួន​ហើយ​បុគ្គល​នេះ​កំពុងតែ​ជាប់​បណ្ដឹង​ពី​ម្ចាស់​កាន់កាប់​ដី​ស្របច្បាប់​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ផងដែរ៕