ព័ត៍មានទាន់​ហេតុការណ៏
Search

កុល ដាវី និង សុខ រក្សា ទទួល​បាន​ចំណងដៃ​៥​ពាន់​ដុល្លារ ​ពី សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នា​ថ្ងៃ​អាពាហ៍ពិពាហ៍​

ភ្នំពេញ ​៖​ មហាជន​ច្បាស់​ជា​បានដឹង​គ្រប់គ្នា​រួចមកហើយ ​នូវ​ស្នេហា​របស់​តារា​សិល្បៈ​ប្រុស​-​ស្រី​រួម​អាជីព​ដូចគ្នា​ គឺ​ កញ្ញា កុល ដាវី និង​ លោក សុខ រក្សា ដែល​គិត​មកទល់ពេលនេះ​ មាន​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មកហើយ​ ដែល​ពួកគេ​ទាំងពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ជាមួយគ្នា​ដោយ​បើកចំហ​ដូច​រលក​ញី​ឈ្មោល។

នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩​នេះ ​អ្នក​ទាំងពីរ ​គឺ​ កញ្ញា​កុល ដាវី និង​លោក សុខ រក្សា ក៏បាន​សម្រេច​តាម​បំណង​របស់ខ្លួន​តាមរយៈ​ចំណង​អាពាហ៍ពិពាហ៍​ផ្លូវការ​ ដោយមាន​ចាស់ទុំ ម៉ែឪ និង​សាច់ញាតិ​ទាំងសងខាង​ដឹង ឮ ស្របតាម​គន្លង​ប្រពៃណី​។​ អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន​ធ្វើ​ឡើង​ចំ​ឱកាស​ នៃ​ថ្ងៃ​ឈប់សម្រាក​ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ខណៈ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន​ជាង​៥០​តុ​ដែល​ទីកន្លែង​ទទួល​ភ្ញៀវ​ គឺ​ធ្វើឡើង​នៅ​អគារ ​C​ កោះ​ពេជ្រ។

ជាការ​កត់សម្គាល់​សម្រាប់​ទិដ្ឋភាព ​នៃ​ពិធី​អាពាហ៍ពិពាហ៍​របស់ កុល ដាវី និង​ លោក សុខ រក្សា នា​ថ្ងៃនេះ​គេ​សង្កេតឃើញ​មាន​អ្នកសិល្បៈ​រួម​អាជីព​ល្បីៗ​ជាច្រើន​បាន​អញ្ជើញ​ចូលរួម​អបអរ។

ម្យ៉ាងទៀត ​រឿង​ដែល​ធ្វើ​ឲ្យ​ពួកគេ​រំភើប​ខ្លាំង​បំផុត​ទៀត​នោះ ​គឺ​ទទួលបាន​ការដូរ​ជា​ចំណងដៃ​ចំនួន​៥.០០០​ដុល្លារ​ ពី សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​ធ្វើ​ឲ្យ​តារា​ប្រុស​-​ស្រី​មួយ​គួរ​នេះ​រំភើប​ញញឹម​បិទមាត់​មិន​ជិត​ឡើយ។

បើតាម​ការបញ្ជាក់​ពី​តារា​ស្រី កុល ដាវី បាន​លើកឡើងថា ​កាលពី​ថ្ងៃទី​១៤​កុម្ភៈ​ ពោលគឺ​មុន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ជិត​១​ខែ ​នាង ​និង​ស្វាមី​ លោក សុខ រក្សា ទទួល​បាន​ក្តី​សន្ដោស​ពី សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវ​ទឹកប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ ជា​ចំណងដៃ​ នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។

គូស្នេហ៍ កុល ដាវី និង សុខ រក្សា បាន​លើកឡើងថា យើងខ្ញុំ​ទាំងពីរ​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​រក​អ្វី​និយាយ​ប្រៀប​ពុំបាន​ឡើយ​ លើក​ទី​២​ហើយ​ដែល​ សម្តេច​ មីង​ លោក​បាន​សួរនាំ​ពី​ថ្ងៃ​រៀប​មង្គល​ការ​របស់​ពួក​ខ្ញុំ​។ ​ពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់ ​ដែល​សម្ដេច​មីង​ និង​សម្ដេច​ពូ​ លោក​ទាំង​ពីរ​បាន​ចងដៃ​យើងខ្ញុំ​ទាំងពីរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ចំនួន​៥.០០០​ដុល្លារ នៅ​ថ្ងៃ​១៤​កុម្ភៈ​ ចំ​ថ្ងៃបុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់​….។

តារា​ស្រី កុល ដាវី បន្ថែមថា យើងខ្ញុំ​ទាំងពីរ​នាក់ សូម​ថ្លែង​អំណរ អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត និង សូម​គោរព​ជូនពរ​ សម្ដេច​ទាំងពីរ​ មាន​សុខភាព​ល្អ មាំមួន និង មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ ជា​ម្លប់​ដល់ កូន កូនចៅ ជាពិសេស​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឈានទៅរក​ភាព​រីកចម្រើន និង សុខ​សន្តិភាព ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​យើងខ្ញុំ​ទាំងពីរ៕