ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​បង្ហា​ញ​ភាព​វិជ្ជមាន​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​ថ្វីបើ​ទីតាំង​រ៉ុក្កែត​មាន​ប្រតិបត្តិការ

មន្ត្រីជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​នៅតែ​ជឿជាក់ថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​ការផ្ទៀងផ្ទាត់​ពេញលេញ​របស់​ប្រទេស​កូរ៉េខាងជើង​គឺអាច​ធ្វើទៅបាន​ត្រឹម​បញ្ចប់ “​អាណត្តិ​ទី​១” របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ថ្វីបើ​មានការ​ព្រមាន​ថា ទីតាំង​បាញ់​បង្ហោះ​រ៉ុក្កែត​ដ៏​សំខាន់​មួយ​ហាក់ដូចជា​បន្ត​ប្រតិបត្តិការ​ឡើងវិញ​ក៏ដោយ​។​

វេ​ប​សាយ 38 North ដែលមាន​ឯកទេស​និង​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្ដរជាតិ​បាន​ប្រើ​រូបភាព​ផ្កាយរណប​ពាណិជ្ជកម្ម​ដើម្បី​តាមដាន​ការសាងសង់​នៅ​ទីតាំង​នោះ​ដែល​ពួកគេ​និយាយថា​បានចាប់ផ្តើម​មុន​កិច្ចប្រជុំ​កំពូល​កាលពី​សប្តាហ៍​មុន​នៅក្នុង​ទីក្រុង​ហាណូយ​រវាង​លោក​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

រូបភាព​ដែល​ថត​នៅ​ថ្ងៃទី​៦​ខែមីនា​បាន​បង្ហាញថា រចនាសម្ព័ន្ធ​នៅលើ​ផ្លូវដែក​ដើម្បី​ផ្ទេរ​គ្រាប់​រ៉ុក្កែត​ទៅ​កន្លែង​បាញ់​បង្ហោះ​ហាក់ដូចជា​ត្រូវបាន​សម្រេច​ហើយ​ឥឡូវនេះ​អាច​នឹង​ដំណើរការបាន​។​

ដង​ស្ទូច​ត្រូវបាន​យកចេញ​ពី​ទីតាំង​នោះ​ខណៈ​ការរីកចម្រើន​ក៏​ហាក់ដូចជា​ត្រូវបាន​បង្កើតឡើង​ផងដែរ​លើ​ការកសាង​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​គាំទ្រ​សម្រាប់​ជើង​ទម្រ​ធ្វើតេស្ត​ម៉ាស៊ីន​រ៉ុក្កែត​។​

របាយការណ៍​របស់ 38 North បាន​ឲ្យ​ដឹងថា “​ដោយសារតែ​ការសាងសង់​នេះ​រួម​ជាមួយនឹង​សកម្មភាព​នៅ​កន្លែង​ផ្សេងទៀត​នៃ​ទីតាំង​នោះ ស្ថានីយ​បាញ់​បង្ហោះ​ផ្កាយរណប Sohae ទំនងជា​វិល​ត្រលប់​ទៅរក​ស្ថានភាព​ប្រតិបត្តិ​ការធម្មតា​ឡើងវិញ​”​។​

ព័ត៌មាន​នេះ​នឹងធ្វើ​ឲ្យ​សេត​វិមាន​មានការ​ខកចិត្ត​ចំពោះ​កង្វះ​វឌ្ឍនភាព​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​បន្ទាប់ពី​ការដួលរលំ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម​ដោយ​មិនមាន​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ស្វែងរក​ការបំភ្លឺ​ពី​ទីក្រុង​ព្យុងយ៉ាង​អំពី​គោលបំណង​នៃ​ការស្ថាបនា​ទីតាំង​នេះ​ឡើងវិញ​។ មន្ត្រី​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក​មិនទាន់​ឈានដល់​ការសន្និដ្ឋាន​ជាក់លាក់​ណាមួយ​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅ​ទី​នោះទេ​។​
​នៅពេល​ត្រូវបាន​សាកសួរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​តើ​គាត់​មានការ​ខកចិត្ត​ចំពោះ​ដំណឹង​នេះដែរ​ឬក៏​អត់​នោះ លោក​ត្រាំ​បាន​និយាយថា “​យើង​នឹង​មើលឃើញ​។ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ក្នុង​រយៈពេល​មួយឆ្នាំ​”​។​
​ប្រធានាធិបតី​រូបនេះ​បានប្រកាសថា វា​ឆាប់​ពេក​ហើយ​ក្នុងការ​ប្រាប់ថា​តើ​របាយការណ៍​មុន​អំពី​សកម្មភាព​នៅ​ទីតាំង​នេះ​គឺជា​ការពិត​ឬក៏​យ៉ាងណា​ប៉ុន្តែ​លោក​បាន​និយាយថា លោក​នឹងមាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក​ប្រធាន​គីម​ប្រសិនបើ​រឿងនេះ​ពិតមែន​។​
​គួរបញ្ជាក់​ជាថ្មី​ថា លោក​គីម​បាន​ព្រមព្រៀង​បិទ​ទីតាំង​សាកល្បង​មី​ស៊ី​ល Sohae នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ដែលជា​ផ្នែក​មួយ​នៃ​វិធាន​ការកសាង​ទំនុកចិត្ត​ហើយ​រូបភាព​ផ្កាយរណប​កាលពី​ខែសីហា​បាន​បង្ហាញថា កម្មករ​បាន​រុះរើ​ជើង​ទម្រ​ធ្វើតេស្ត​ម៉ាស៊ីន​នៅ​ទីតាំង​នោះ​រួចទៅហើយ​៕ AFP