ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ណេ​ហ្ស៊ូ​អេ​ឡា​រងគ្រោះ​ ដោយ​ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​ ខណៈ​រដ្ឋាភិបាល​បន្ទោស​លើ​ការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា

យោងតាម​ភ្នាក់ងារ​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​មួយ​បាន​កើតឡើង​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​នេះ​ជា​បញ្ហា​មួយ​ត្រូវបាន​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro ស្តីបន្ទោស​យ៉ាង​ឆាប់រហ័ស​ទៅលើ “​ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា​” នៅ​ទំនប់​វា​រី​អគ្គិសនី​មួយ​ដែល​ផ្តល់​ថាមពល​យ៉ាងច្រើន​ដល់​ប្រទេស​នេះ។

ការ​ដាច់​ចរន្តអគ្គិសនី​គឺជា​រឿង​ញឹកញាប់​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែលជា​កន្លែង​សេដ្ឋកិច្ច​កំពុងតែ​ដួលរលំ​នៅក្រោម​ការរីក​រា​ល​ដាល​នៃ​អតិផរណា​ជាមួយ​កង្វះខាត​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ហើយ​មាន​ការធ្វើ​ចំណាកស្រុក​ដ៏​ធំ​នៃ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់។

ក្រុម​អ្នក​រិះគន់​បាន​និយាយថា អំពើពុករលួយ​និង​ការវិនិយោគ​តិចតួច​បា​ន​ធ្វើ​ឲ្យ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​នេះ​មិនអាច​ដំណើរការបាន​ខណៈ​លោក Maduro និយាយថា បញ្ហា​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ចេតនា​ពី​សំណាក់​អ្នក​ឃោសនា​នយោបាយ។

ហ្វូងមនុស្ស​បាន​ប្រមូលផ្តុំ​នៅលើ​ផ្លូវ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Caracas​។ មនុស្ស​ជាច្រើន​បាន​និយាយថា ពួកគេ​រំពឹងថា ពួកគេ​នឹងត្រូវ​ដើរ​ច្រើន​ម៉ោង​ទៅផ្ទះ​ដោយសារតែ​រថយន្តក្រុង​ពីរ​បី​គ្រឿង​នៅតាម​ដងផ្លូវ​គឺមាន​មនុស្ស​ជិះ​ពេញ​ហើយ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​របស់​ទីក្រុង​នេះ​ត្រូវបាន​បិទ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​អ្នកប្រើប្រាស់ Twitter បាន​រាយការណ៍​ថា ការ​ដាច់​ចរន្តអគ្គិសនី​នេះ​បាន​ប៉ះពាល់​ដល់​រដ្ឋធានី Caracas ក៏ដូចជា​រដ្ឋ​ចំនួន​១៥​ក្នុងចំណោម​រដ្ឋ​ទាំង​២៣​របស់​ប្រទេស​នេះ​ផងដែរ​។ អ្នកយកព័ត៌មាន​រប​ស់​ទូរទស្សន៍​ជាតិ​បាន​ចាត់ទុកថា វា​ជាការ​ដាច់​ភ្លើង​ទូទាំងប្រទេស។

លោក Luis Motta រដ្ឋមន្ត្រីក្រសួង​អគ្គិសនី​បាន​និយាយថា “​មាន​អ្នក​វាយប្រហារ​ម៉ាស៊ីន​និង​ចរន្ត​បញ្ជូន​នៅ​ទំនប់​វា​រី​អគ្គីសនី Guri ដែលជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អគ្គិសនី”។

លោក​បាន​អះអាងថា សេវា​នឹង​ត្រូវបាន​ស្ដារឡើងវិញ​ក្នុង​រយៈពេល​ប្រហែល​បី​ម៉ោង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114