Connect with us

ព័ត៌មានអន្ដរជាតិ

ហុងគ្រី ព្រមានពីការផ្ទុះសង្គ្រាមអឺរ៉ុប-រុស្ស៊ី នៅឆ្នាំ​២០៣០

បានផុស

នៅ

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅទ្វីបអឺរ៉ុបក៏កាន់តែតានតឹងខ្លាំងទៅៗផងដែរ ដោយមានការភ័យខ្លាចអំពីការផ្ទុះសង្គ្រាមគ្រប់ពេល ហើយឥឡូវ សូម្បីនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ក៏ចេញមុខព្រមានដែរថា សហភាពអឺរ៉ុប (EU) កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី នៅត្រឹមឆ្នាំ២០៣០។

នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban (រូបថត៖ Reuters)

លោក Orban ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RT ដែលនិយាយនៅឯពិធីជួបជុំមួយក្នុងទីក្រុង Kecskemet កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ថា EU បានរៀបចំវិធានការ៤ដំណាក់កាលជាប់គ្នាដូចជាដំបូងត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីសិន រួចដាក់ទណ្ឌកម្ម ហើយបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយទើបចាប់ផ្តើមផ្ទុះជម្លោះប្រដាប់អាវុធតែម្តង។

លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅក្នុងឆ្នាំ២០៣០។

យ៉ាងណា លោក Orban បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរប្រឆាំងសង្គ្រាមរបស់ហុងគ្រី ដោយអះអាងថា ទីក្រុងប៊ុយដាប៉ែស ចង់ឲ្យអឺរ៉ុបនៅឆ្ងាយពីការច្បាំងគ្នា។

ការបាញ់មីស៊ីលរបស់រុស្ស៊ី (រូបថត៖ Reuters)

នេះមិនមែនជាលើកដំបូងឡើយដែលលោក Orban ព្រមានពីការផ្ទុះសង្គ្រាមរវាង EU ជាមួយរុស្ស៊ី ពោលគឺនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ធ្លាប់ព្រមានចំៗម្តងរួចមកហើយកាលពីខែឧសភាថា ការទទួលយកទីក្រុងកៀវ ចូលជាសមាជិករបស់ EU គឺមានតែធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែអូសបន្លាយពេលប៉ុណ្ណោះ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺថា វានឹងបង្កហានិភ័យអូសទាញប្លុកនេះ ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដែរ ជាក់ជាមិនខាន។

កាលនោះ លោកបានប្រាប់ទៅសន្និសីទប្រធានសភា EU ក្នុងទីក្រុងប៊ុយដាប៉ែស ថា៖ «ហុងគ្រីសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះសមាជិកភាពរបស់អ៊ុយក្រែនក្នុង EU។  ក្នុងនាមជាអ្នកជិតខាងអ៊ុយក្រែន យើងជឿថា បើអ៊ុយក្រែនចូល EU បានមែន នោះមានន័យស្មើនឹងសង្គ្រាមហើយ។ យល់ល្អ EU កុំទទួលយកប្រទេសដែលកំពុងមានសង្គ្រាមអី»។ 

សូមជម្រាបថា EU តែងយកការគំរាមពីរុស្ស៊ី ធ្វើជាលេសដើម្បីបង្ហាញថា ការបង្កើនថ្លៃចំណាយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជារឿងសមហេតុផល។ យ៉ាងណា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ គ្មានផែនការប្រយុទ្ធ ជាមួយ EU ឬ NATO នោះទេ ប៉ុន្តែគំរាមឆ្លើយតប ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម