ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អាន វិសាល ម្ចាស់​បទ​«​ទឹកភ្នែក​ខ្ទើយ​» ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ មួយ​ក្រុម​វាយ​មួយ​ញញួរ បែក​ក្បាល សមត្ថកិច្ច​រក​ជន​ដៃ​ដល់​អត់​ឃើញ

ភ្នំពេញ​ ៖ ​​លោក អាន វិសាល ដែល​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង ល្បី​ឈ្មោះ​ម្ចាស់​បទ «​ទឹកភ្នែក​ខ្ទើយ​» ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ មួយ​ក្រុម​វាយ​មួយ​ញញួរ​ចំក្បាល បែក​ក្បាល​ ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ព័ត៌មាន​នៃ​អំពើ​ហិង្សា​លើ​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​បែក​ធ្លាយ​កាលពី​ព្រលប់​ថ្ងៃ​ទី​៨​ ខែ​មីនា​ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​វែកមុខ​ជន​ដៃដល់​ឃើញ​នៅឡើយ​ទេ បើ​ទោះបីជា ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ រួច​ហើយ។

ករណី​អំពើ​ហិង្សា​លើ​តារាចម្រៀង នេះ​បាន​កើតឡើង តាំងពី​ម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​នៅ​ផ្លូវ​លេខ​113 ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ លោក អាន វិសាល ដែល​គេ​ស្គាល់​ថា​ ជា​តារា​ចម្រៀង ល្បីឈ្មោះ​ម្ចាស់​បទ «​ទឹកភ្នែក​ខ្ទើយ​» រង​បួស​បែក​ក្បាល ខាងឆ្វេង ហូរ​ឈាម។

ប្រភព​ព័ត៌មាន​ពី​នារី​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោក អាន វិសាល បាន​ចេញពី​ច្រៀង​នៅ​ហាង​មួយ​កន្លែង ហើយ​បាន​បើក​ម៉ូតូ CD មួយគ្រឿង ធ្វើដំណើរ​តាមផ្លូវ ខណៈ​មកដល់​ចំណុចកើតហេតុ​ បាន​ចុះទៅ​ទិញ​អី​ហូប។ ភ្លាម​នោះ​ ក៏​មាន​ក្រុម​ក្មេងស្ទាវ​ជិះ​ម៉ូតូ​មកដល់​ជិត​គាត់ ដោយ​បើក​រេ​ពេញ​ផ្លូវ ហើយ​លោក អាន វិសាល បាន​ប្រាប់​ទៅកាន់​ក្រុមក្មេងស្ទាវ​នោះ​ថា អា​អូន​កុំ​បើក ម៉ូតូ​លឿន​ពេក​ប្រយ័ត្ន​ប៉ះ​គេ ស្រាប់តែ​ក្មេងស្ទាវ​នោះ ខឹង​ជិះ​មក​ឈប់​មុខ​តូប​លក់​អីវ៉ាន់​មួយកន្លែង ដែល​គេ​ស្គាល់​ថា ជា​កន្លែង​ម្ដាយ​ក្មេងស្ទាវ​នោះ ដើរចូល​កន្លែង​លក់​អីវ៉ាន់​រួច ទាញ​ញញួរ​មក​វាយ​ក្បាល​លោក អាន វិសាល បណ្ដាល​ឲ្យ​បែក​ក្បាល​របួសធ្ងន់។
ប្រភព​បន្តទៀតថា ក្រោយមក ក្រុមក្មេងស្ទាវ​នោះ ប្រុង​លើក ញញួរ​វាយ​ថែមទៀត គាត់​បាន​ចូលទៅ​ជួយ ស្រាប់តែ​ក្មេងស្ទាវ បាន​វាយ​គាត់ ទៀត​ផង ហើយ​ក្រុង​ក្មេងស្ទាវ​ទាំងនោះ ក៏បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ស្រមោល។

បន្ទាប់ពី​កើតហេតុ នារី​ម្នាក់ បាន​ជួយ​លោក អាន វិសាល ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ នគរបាល​បឹង​កេងកង​ទី​២ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច ស្វែងរក​ក្រុមក្មេងស្ទាវ យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់៕