ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ការងារ​ជូន​ពលរដ្ឋ មាន​ប្រាក់បៀវត្ស​សមរម្យ​លើកស្ទួយ​ជីវភាព​រស់នៅ ប៉ុន្តែ​ការ​ចំណាកស្រុក​ជា​ជម្រើស​របស់​ពួកគាត់​

កំពង់ចាម ​៖ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា នៅ​សាលាបឋមសិក្សា​ព្នៅ​កើត និង​សមិទ្ធផល​នានា ក្នុង​វត្ត​សិរី​អម្ព​វ័​ន្ត ហៅ​វត្ត​ព្នៅ​កើត នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នា​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​មិនា ឆ្នាំ​២០១៩​។

មាន​ប្រសា​ស​ន៍​ទៅកាន់​អ្នកចូលរួម លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​។ លោក​បន្តថា នេះ​គឺជា​សមិទ្ធផល​រួម ដែល​កើតឡើង​ដោយ​ការចូលរួម​រួម​របស់​ប្រជាព​រដ្ឋ និង​ជា​មោទនភាព​ដែល​យើង​មា​នស​មិ​ទ្ធ​ផល​ថ្មីៗ​សម្រាប់​ប្រជាពលរដ្ឋ និង​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ និង​សប្បុរសជន​ក្នុងការ​ដឹកនាំ និង​ចូលរួម​កសាង​សមិទ្ធផល​នានា។

លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា ដោយសារតែ​ការ​ចូល​រួមគ្នា​កសាង​នេះ​ហើយ ទើប​យើង​មាន​សមិទ្ធផល​ដូច​សព្វថ្ងៃ​នេះ​។ កាលពី​អតីតកាល​យើង​បែកបាក់​គ្នា យើង​លំបាក​វេទនា ប៉ុន្តែ​សមិទ្ធផល ដែល​បាន​កសាង​មកដល់​ថ្ងៃនេះ​យើង​ត្រូវ​អបអរសាទរ ហើយ​យើង​នឹង​ខិតខំ​រួមគ្នា​បន្ត​កសាង​បន្ថែម​ទៀត​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ នេះ​ហើយ​គឺ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ចង់បាន​ណាស់ ចង់​ឃើញ​ណាស់ ព្រោះ​លោក​មិន​ចង់ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​លំបាក​ដូច​អតីតកាល​។

លោក​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ការងារ មាន​ប្រាក់បៀវត្ស​សមរម្យ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ការងារ​ចំណាកស្រុក​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ ព្រោះ​ប្រទេស​ណា​ក៏​មាន​ចំណាកស្រុក​ដែរ ប្រទេស​ខ្លះ​ចំណាកស្រុក​ច្រើន​យើង​ទៅទៀត ប៉ុន្តែ​សំខាន់​នៅក្នុង​ស្រុក​យើង​ខិតខំ​បង្កើន​គុណភាព​អប់រំ និង​បង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​ធន់​ធ្ងន់​សម្រាប់​ការងារ​កូនចៅ​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​គ្រាន់តែ​នៅក្នុង​ស្រុក​ជើងព្រៃ​នេះ មាន​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ ហើយ​រកចំណូលបាន​ជា​ង​៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ថ្នាក់​ជាតិ យុវជន​បង្គោល​ចុះ​ជួយ​ស្រុក​ជើងព្រៃ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​នៅ​ជាមួយ​ប្រជាពលរដ្ឋ ជួយ​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន និង​ចូលរួម​ក​ទាំង​កម្លាំ​ង​កាយ​ចិត្ត សម្ភារៈ ថវិកា កសាង​សមិទ្ធផល​។ លោក​បន្ត​ថា ឥឡូវនេះ​យើង​មាន​ទាំង​ធនធាន និង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ចំណុចខ្លាំង​មួយ​របស់​ខ្មែរ​ក្នុង​ការ​ចូលរួម​កសាង​ប្រទេស​។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​ខ្លាំង យើង​មិនត្រូវ​ការបរទេស​នោះទេ បរទេស​គឺ​ធ្វើការ​ជាមួយ​យើង យើង​មិនត្រូវ​ពឹង​លើ​បរទេស​ទាំងស្រុង​ទេ យើង​ត្រូវ​មាន​ទំនុកចិត្ត​លើ​ខ្មែរ​យើង​។ ជាក់ស្តែង​នៅក្នុង​ស្រុក​ជើងព្រៃ​របស់​យើង​បាន​រួមគ្នា​កសាង​សមិទ្ធផល​ច្រើនណាស់​។ ស្រុក​ជើងព្រៃ​រីកចម្រើន​ដោយសារ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រីកចម្រើន ប្រទេស​មាន​សុខ​សន្តិភាព​ក្រោម​ការដឹកនាំ និង​ផ្តល់​ឲ្យ​ពី​សំណាក់​រាជរដ្ឋាភិបាល​។ ដូច្នេះ​ជើងព្រៃ​ខ្លាំង​ដោយសារ​ប្រជាពលរដ្ឋ​នៅ​ជើងព្រៃ ប្រទេស​ខ្មែរ​យើង​ខ្លាំង ក៏​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​។ ខ្មែរ​ជា​អ្នក​កសាង​អង្គរវត្ត​មិនមែន​អាមេរិក​កសាង​ជំនួស​ខ្មែរ​នោះទេ យើង​បញ្ចប់សង្គ្រាម​ក៏ដោយ​សារ​ខ្មែរ​យើង​ដែរ​មិនមែន​ដោយសារ​បរទេស​នោះទេ​។ ដូច្នេះ​យើង​រួមគ្នា​តទៅទៀត​យើង​មាន​ទំនុកចិត្ត​លើ​ស្មារតី​រួមគ្នា​ជា​ខ្មែរ និង​យើង​ដឹកនាំ​រីកចម្រើន​បន្តទៅទៀត​។ បើ​ខ្មែរ​យើង​មិន​ខំ បើ​រាជរដ្ឋាភិបាល​មិន​ខំ​មិនអាច​កសាង​ប្រទេស​បានមក​ដល់​ប៉ុណ្ណោះ​ទេ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ចំពោះ​ការ​ទុកចិត្ត​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ដល់​ឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន បម្រើ​ប្រជាពលរដ្ឋ តាមរយៈ​ចេញទៅ​បោះឆ្នោត​ជាង​៨៣​ភាគរយ ដើម្បី​សុំ​សេចក្តី​សុខ​ផ្ទាល់ខ្លួន មិន​ចង់​ឲ្យ​កូនចៅ​ពិបាក​វេទនា កូនចៅ​មានឱកាស​រៀនសូត្រ​ធ្វើការ និង​បោះឆ្នោត​ជូន​អ្នក​ដែល​ស្វែងរក​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114