Connect with us

ព័ត៌មានជាតិ

ប្រមុខមហាផ្ទៃបញ្ជាឱ្យសមត្ថកិច្ចទប់ស្កាត់ បង្ក្រាបចារកម្មផ្ដល់ព័ត៌មានសម្ងាត់លើទីតាំងយោធាកម្ពុជាឱ្យខ្មាំងសត្រូវ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នាយឧត្ដមសេនីយ៍ ស សុខា បញ្ជាឱ្យសមត្ថកិច្ចយាមកាមគ្រប់វិនាទី ទប់ស្កាត់ បង្ក្រាបចារកម្មដែលផ្ដល់ព័ត៌មានអំពីទីតាំងយោធាទៅឱ្យភាគីថៃដែលកំពុងឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាដូច្នេះ តាមរយៈលិខិតចុះថ្ងៃទី៩ ខែធ្នូ ទៅកាន់អភិបាលខេត្តជាប់ព្រំដែនប្រទេសថៃ ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្ដមសេនីយ៍ ស សុខា សង្កត់ធ្ងន់ទៅកាន់អភិបាលខេត្តជាប់ព្រំដែនដូច្នេះ៖«ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាមល្បាត២៤ម៉ោង/២៤ម៉ោង ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជនបង្កប់ ឬជនល្មើសដែលធ្វើសកម្មភាពរាយការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងយោធាកម្ពុជាទៅឱ្យខ្មាំងសត្រូវបរទេស។»។

ប្រមុខមហាផ្ទៃក៏បានណែនាំឱ្យអាជ្ញាធរត្រូវណែនាំពលរដ្ឋខ្មែរកុំឱ្យផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។

នាយឧត្ដមសេនីយ៍ ស សុខា ក៏បញ្ជាឱ្យអាជ្ញាធរហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក ឬដ្រូនរបស់ជនស៊ីវិល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា ទាល់តែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ចប់ទៅវិញទាំងស្រុង។

រដ្ឋមន្ត្រីមហាផ្ទៃ ក៏ណែនាំឱ្យអភិបាលខេត្តត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹង និងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ។

កម្ពុជាកំពុងតែប្រើសិទ្ធិការពារខ្លួន ឆ្លើយតបដោយអាវុធទៅកាន់ភាគីថៃវិញ បន្ទាប់អត់ធ្មត់ជាង២៤ម៉ោង លើសកម្មភាពយោធាថៃពង្រីកសមរភូមិប្រយុទ្ធ និងបាញ់ផ្លោងដោយមិនរើសគោលដៅ បាញ់សម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងសាហាវឃោរឃៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម