ព័ត៍មានទាន់​ហេតុការណ៏
Search

ទូច ស្រី​ល័​ក្ខ ​៖ ​ខ្ញុំ​មិនដែល​ចង់បាន​អ្វី​ឲ្យ​លើស​ពី​សមត្ថភាព​របស់​ខ្ញុំ​ទេ

ភ្នំពេញ ៖ តារា​ចម្រៀង ​និង​សម្តែង​អ្នកនាង ទូច ស្រី​ល័​ក្ខ មួយ​រយៈ​នេះ ​បាន​បញ្ចេញ​សារ​ហាក់​បង្ហាញ​ការ​មិនសប្បាយចិត្ត​ ខណៈ​ដែល​មាន​អ្នកគាំទ្រ​ជាច្រើន​ បាន​ផ្ញើ​សារ​សួរនាំ​លើ​ករណី​នេះ។ ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់​ទេ​ថា​តើ​បុគ្គល​នោះ​ជានរណា​នោះទេ។

បើ​យោងតាម​ការរៀបរាប់របស់​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​លើកឡើងថា ​ខ្ញុំ​មិនដែល​ចង់បាន​អ្វី​ឲ្យ​លើស​ពី​សមត្ថភាព​របស់​ខ្ញុំ​ទេ ​ព្រោះ​គ្រប់យ៉ាង​ដែល​បាន​មក​វា​ជា​ការ​តស៊ូ​​នៃ​ផ្នែក​សិល្បៈ ​ដែល​ខ្ញុំ​បាន​ប្រឹង​កន្លងមក ពេល​ដែល​យើង​ដើរមក​ផ្លូវ​មួយ​នឹង ​វា​មាន​ច្រើន​រសជាតិ​សម្រាប់​ខ្ញុំ​ទាំង​ការ​មើល​ងាយ​ពី​បងប្អូន​មួយចំនួន​តូច​ ដែល​គាត់​មាន​លុយ​ជះ​មក​លើ​​គេ​ដែរ គ្មាន​ដូច​ពួកគាត់​នេះ​ជា​ភាព​មិន​ត្រឹមត្រូវ​មួយ​នៃ​ផ្នែក​នេះ។

អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បន្តថា ​ហើយ​វា​ជាការ​ចង់ចាំ​មួយ​សម្រាប់​ខ្ញុំ​កាលពី​៨​ឆ្នាំមុន​ដែល​ពួកគាត់​មាន​លុយ​ប្រើ​អំណាច​ចូលចិត្ត​ណាស់​ដៀល​គេ​អ្នកសិល្បៈ មី​ស្រីខូច​អ្វី​អស់​នឹង​ តែ​ត្រូវ​ដឹងថា​នៅក្នុង​បច្ចុប្បន្ននេះ​អស់លោក លោកស្រី​ដែល​មានអំណាច​មួយចំនួន​តូច​ដែល​ធ្លាប់​ដៀល​សិល្បៈ​កន្លងមក​មិន​អាចមក​ដៀល​ ហើយ​មើលងាយ​បាន​ទៀត​ទេ។

តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​និយាយទៀតថា ​សិល្បៈ​ពិតប្រាកដ​ដូចជា​រូបខ្ញុំ​ក៏ដូចជា​សិល្បៈ​ដទៃទៀត​ដែល​ចេញពី​ស្ថាប័ន​ត្រឹមត្រូវ​គឺ​ពួកគាត់​បានធ្វើ​កិច្ចការ​សង្គម​ជាច្រើន​ក៏ដូចជា​បំផុសគំនិត​នៃ​ភាពត្រឹមត្រូវ​ឲ្យ​បងប្អូន​បានឃើញ​តាមរយៈ​សិល្បៈ​ក៏ដូចជា​ចូលរួម​កិច្ចការ​ជាច្រើន​ផ្នែក​មនុស្សធម៌​ចូលរួម​លើកស្ទួយ​នៃ​ការកាត់បន្ថយ​នៃ​ព្រោះ​ថ្នាក់​ចរាចរណ៍​ចូលរួម​ផ្សព្វផ្សាយ​នៃ​ការកាត់បន្ថយ​ជំងឺ​​​អេដស៍​ក៏ដូចជា​ការអប់រំ​តាមរយៈ​នៃ​បទ​ចម្រៀង​អញ្ចឹង​ត្រូវ​ដឹងថា សិល្បៈ​ដែលពិតប្រាកដ​គេ​មានតម្លៃ​របស់គេ​ណាស់​ហើយ។

បន្ថែម​ពីលើ​នេះ​អ្នកនាង ទូច ស្រី​ល័​ក្ខ​បាន​បញ្ជាក់​ថា ​សិល្បៈ​ពិតប្រាកដ​គឺជា​ការចូលរួម​លើកស្ទួយ​និង​ថែរក្សារ​វប្បធម៌​ដូនតា​របស់​យើង​ឲ្យ​នៅ​ឋិតថេរ​គង់វង្ស​ក៏ដូចជា​ផ្សព្វផ្សាយ​ឲ្យ​ប្រទេស​ដទៃទៀត​បានឃើញ​អំពី​អរិយធម៌​និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​យើង៕