ព័ត៍មានទាន់​ហេតុការណ៏
Search

ជនភៀសខ្លួន​ជា​កីឡាករ​បាល់ទាត់​ បានក្លាយ​ជា​ពលរដ្ឋ​អូស្ត្រាលី​ បន្ទាប់ពី​ការ​គំរាម​ពី​ថៃ​និង​បា​រ៉ែ​ន

ជនភៀសខ្លួន​ជា​កីឡាករ​បាល់ទាត់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​ថៃ​និង​គំរាម​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​បា​រ៉ែ​ន ​បាន​និយាយថា គាត់​មាន​អារម្មណ៍​យ៉ាងច្បាស់​ថា ​គ្មាន​នរណាម្នាក់​អាច​តាម​គាត់​បានទេ ​បន្ទាប់ពី​បាន​ក្លាយជា​ពលរដ្ឋ​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ.

លោក Hakeem al-Araibi ដែល​ត្រូវ​បានផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​និង​ស្នាក់នៅ​ក្នុងប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៧​បន្ទាប់ពី​បាន​រត់គេច​ពី​ប្រទេស​បា​រ៉ែ​ន​គឺ​បាន​ក្លាយជា​ជនជាតិ​អូស្ត្រាលី​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង​មែ​ល​ប៊ន។

បុរស​អាយុ​២៥​ឆ្នាំ​រូបនេះ​បានទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​អន្តរជាតិ​នៅពេលដែល​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន ​ខណៈពេលដែល​ស្ថិតក្នុង​ដំណើរ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន។ គាត់​ត្រូវបាន​តាម​ចាប់​ដោយ​ប្រទេស​បា​រ៉ែ​ន​សម្រាប់​បទល្មើស​ទាក់ទង​នឹង​ការបះបោរ Arab Spring ឆ្នាំ​២០១១។

ស្របពេល​មានការ​ថ្កោលទោស​នៅ​ទូទាំង​ពិភពលោក គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​ទីក្រុង​មែ​ល​ប៊​ន​វិញ​ដែលជា​កន្លែង​គាត់​លេង​បាល់ទាត់​ពាក់កណ្តាល​អាជីព​។​

លោក al-Araibi បាន​ថតរូប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Scott Morrison និង​រដ្ឋមន្ត្រីការបរទេស​លោកស្រី Marise Payne បន្ទាប់ពី​ពិធី​មួយ​នៅ​ទីលាន Federation Square ក្នុង​ទីក្រុង​មែ​ល​ប៊​ន​។​

លោក al-Araibi បាន​បង្ហោះ Twitter ថា “​វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុង​ការទទួល​បានការ​គោរព​គ្រប់យ៉ាង​នៅក្នុង​ពិធី​ចូលសញ្ជាតិ​របស់ខ្ញុំ​។ ខ្ញុំ​មាន​មោទនភាព​ដែល​ឃើញ​លោកស្រី Marise Payne និង​អ្នកតំណាង​រដ្ឋាភិបាល​ដ​ទៃទៀត​ចូលរួម​ក្នុង​ពិធី​របស់ខ្ញុំ​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​”​។​

លោកស្រី Payne បាន​ប្រាប់​ពិធី​នេះ​ថា ការផ្តល់​ការគាំទ្រ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​កីឡាករ​បាល់ទាត់​រូបនេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​ឲ្យ​គាត់​វិល​ត្រលប់មក​ប្រទេស​អូស្ត្រាលី​វិញ​៕ AFP