ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៃ សុគន្ធ ងាក​មក​ចាប់ផ្ដើម​សម្រុក​ចេញ​បទ​Original Song​កាត់បន្ថយ​ចម្រៀង​Copy​ពី​បរទេស

ភ្នំពេញ ៖​ តារា​ចម្រៀង​ជាប់​ងារ​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ដែល​ទស្សនិកជន​ តែង​បាន​ស្គាល់​គ្រប់គ្នា​រួចមកហើយ​នោះ ​ពេលនេះ​បានចាប់ផ្តើម​បញ្ចេញ​នូវ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​បន្តបន្ទាប់​ដែលជា​Original Song​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ និង​គាំទ្រ​ពី​សំណាក់​មហាជន​ ដែល​ធ្លាប់តែ​រិះគន់​លោក​នា​ពេល​កន្លងមក។

តាម​ការកត់សម្គាល់​អំឡុង​មិន​ដល់​១​ខែ​ផង​ស្រាប់តែ​តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​ទម្លាយ​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​ចម្រៀង​Original Song​មាន​ចំនួន​២​បទ។ ខណៈ​ដែលមាន​ទស្សនិកជន​មួយចំនួន​យល់ឃើញថា​តារា​ប្រុស​រូបនេះ​កំពុងតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឥរិយាបទ​ពី​ចម្លង​បទ​បរទេស​មក​សាង​ស្នាដៃ​Original Song​របស់ខ្លួន​វិញ។

ចំពោះ​ចម្រៀង​Original Song២​បទ​របស់លោក ម៉ៃ សុគន្ធ ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​និង គាំទ្រ​ពី​មហាជន​នោះ​គឺមាន​បទ វិប្បដិសារី​ក្មេង​គ្រឿងញៀន និង​បទ កាលី​ប​ស្រុកស្រែ (​ដែល​ជា​ការនិពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក សុខ រក្សា)។ ជាក់ស្តែង​លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នៃ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ថា ចេញ​ហើយ កាលី​ប​ស្រុកស្រែ យើង​ហ្នឹង​ណា​……។

ដោយឡែក​បើតាម​ការ​បង្ហើប​របស់​លោក ម៉ៃ សុគន្ធ បាន​និយាយថា នេះ​ពុំមែន​ជា​Original Song​លើកដំបូង​របស់ខ្លួន​ន​នោះទេ​ពោលគឺ​កន្លងមក​លោក​ធ្លាប់មាន​២​ឬ​៣​បទ​មកហើយ​ដែល​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​។ ​ម្យ៉ាងទៀត​ចាប់ពីពេលនេះ​ទៅ​ លោក​នឹង​បន្ត​ការ​ចេញ​ចម្រៀង Original Song ជា​បន្តបន្ទាប់​ដើម្បី​បន្សាប​ការ​ចម្លង​បទ​បរទេស​មក​ច្រៀង​ ខណៈដែល​បច្ចុប្បន្ន​មហាជន​កំពុង​ឲ្យ​តម្លៃ​លើ​ស្នាដៃ​របស់​កូន​ខ្មែរ។

តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀត​ថា បើ​អាច​មាន​ឱកាសលោក​នឹង​ធ្វើ​បទ​ចម្រៀង​Original Song​ដើម្បី​តម្រូវ​តាម​ទីផ្សារ​សិល្បៈ​របស់​ខ្មែរ​នាពេល​បច្ចុប្បន្ន​ ដោយ​ហេតុថា​បទ​ចម្រៀង​Copy​បរទេស​មួយរយៈ​ចុងក្រោយ​នេះ​ ហាក់​ពុំ​សូវ​ទទួលបាន​ការគាំទ្រ​និង​ឲ្យ​តម្លៃ​ពី​ទស្សនិកជន​ដែលជា​អ្នកគាំទ្រ​នោះឡើយ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114