ព័ត៍មានទាន់​ហេតុការណ៏
Search

ពោធិ៍សាត់​,​បន្ទាយមានជ័យ​,​ត្បូងឃ្មុំ សុទ្ធតែ​ឈ្នះ​ដូចគ្នា​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​Hun Sen Cup 2019 ថ្នាក់​ខេត្ត

ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានចាប់ផ្ដើម​ពី​ចុងខែ​កុម្ភៈ មកម្ល៉េះ​ដោយមាន​ការប្រកួត​ដែល​បែង​ចែកចេញជា ២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨ ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ។

​យោងតាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា​ ការប្រកួត​វគ្គ​ថ្នាក់​ខេត្ត​នឹង​ចាប់ផ្ដើម​មុនគេ ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​មាន​ក្រុម​ទាំងអស់​ចំនួន ២៣​ចូលរួម មកពី​២៣​ខេត្ត ដែល​បែង​ចែកចេញជា ៦​ពូ​ល​ដែល​១​ពូ​ល​មាន ៤​ក្រុម លើកលែងតែ​ពូ​ល F ដែល​មានតែ​៣​ក្រុម ធ្វើការ​ប្រកួត​ចំនួន​មួយ​ជើង​ប៉ុណ្ណោះ រៀងរាល់ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ នៃ​សប្ដាហ៍​នីមួយៗ​។​

​សម្រាប់​សមាសភាព​ក្រុម​ទាំង​២៣ ដែល​នឹងត្រូវ​ប្រកួត​ក្នុង​វគ្គ​ថ្នាក់​ខេត្ត​រួមមាន​ពូ​ល A មាន​បាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង បន្ទាយមានជ័យ ពូ​ល B មាន​ស្វាយរៀង , ព្រៃវែង , ត្បូងឃ្មុំ និង កណ្ដាល ពូ​ល C មាន​ស្ទឹងត្រែង , រតនៈគិរី , ក្រចេះ និង មណ្ឌល​គី​រី ពូ​ល D មាន​កំពត , កែប , ព្រះសីហនុ និង កោះកុង ពូ​ល E មាន​កំពង់ធំ , សៀមរាប , ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ ពូ​ល F មាន តាកែវ , កំពង់ស្ពឺ និង​កំពង់ឆ្នាំង​។​

​ចំពោះ​លទ្ធផល​ប្រកួត​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៨ គឺ​ក្រុម​ខេត្ត​ប៉ៃលិន ចាញ់​ក្រុម​ខេត្តពោធិ៍សាត់ ដោយ​លទ្ធផល​៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន ហើយ​ក្រុម​ខេត្តបន្ទាយមានជ័យ ឈ្នះ​ក្រុម​ខេត្តបាត់ដំបង ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​ក្រុម​ខេត្តព្រៃវែង ចាញ់​ក្រុម​ខេត្ត​ត្បូងឃ្មុំ ៥​ទល់​១ នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រៃវែង​។ សម្រាប់​ប្រកួត​បន្ទាប់​ត្រូវធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នេះ​ដោយ​ក្រុម​ខេត្តកណ្តាល ប៉ះ​ក្រុម​ខេត្តស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន​ខេត្តកណ្ដាល ហើយ​ក្រុម​ខេត្ត​មណ្ឌល​គី​រី ប៉ះ​ក្រុម​ខេត្ត​រតនៈគីរី លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​មណ្ឌល​គី​រី​។​

​តាម​គម្រោង​ការប្រកួត​ដែល​មានតែ ១​ជើង ក្រុម​ចំនួន​១៦ នឹងត្រូវ​រើស​ចេញពី​ចំណោម​ក្រុម​ទាំង​២៣ គឺ​ក្រុម​លេខ ១ និង​លេខ ២ ប្រចាំ​ពូ​ល​ទាំង​៦ បូក​បញ្ចូល​ជាមួយ​ក្រុម​លេខ ៣​ល្អ​ចំនួន ៤​ក្រុម​ផ្សេងទៀត ដើម្បី​ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ និង​ជា​បន្តបន្ទាប់​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ថ្នាក់​ខេត្ត ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។ បន្ទាប់មក ក្រុម​ដែល​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វគ្គ​ថ្នាក់​ខេត្ត​ចំនួន​២​ក្រុម នឹង​ទទួលបាន​កៅអី​ឡើងមក​ប្រកួត​វគ្គ​ថ្នាក់ជាតិ បន្តទៀត ជាមួយ​ក្រុម​ចំនួន​១៤ ដែលជា​សមាជិក​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា ប្រកួត​ចំនួន​២​ជើង ( ក្នុង​ដី និង​ក្រៅ​ដី ) លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១​ជើង​។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើឡើង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕