ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ​ស្រុក​កំពង់លែង ប្រមូល​ផល​ស្រូវ​បាន​ជាង ៦៥% ដោយ​លក់​ចេញ​ក្នុង​មួយ​គីឡូ​ បាន​៧៥០​រៀល​

កំពង់ឆ្នាំង ​៖ គិត​មកដល់​ថ្ងៃនេះ​ ប្រជាកសិករ​នៅក្នុង​ស្រុក​កំពង់លែង ប្រមូល​ផល​ស្រូវ បាន​ជាង 65%​ហើយ ដែល​ទិន្នផល​ស្រូវ​ក្នុង​មួយ​ហិកតា​ប្រមូលបាន 4863 គីឡូ និង​បាន​លក់​ស្រូវ​ចេញ​ក្នុង​មួយ​គីឡូ​បាន​ថ្លៃ 750 រៀល កត្តា​ខាងលើនេះ ដោយសារ​តែមាន​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់​មួយ​ខ្សែ ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជួយ​កសាង ពី​ស្រុក​កំពង់លែង​ភ្ជាប់ ទៅកាន់​ខេត្តកំពង់ធំ ទើប​មាន​ឈ្មួញ​បើករថយន្ត​បាន​ដោយ​ងាយស្រួល ចុះមក​ទិញស្រូវ ពី​ប្រជាកសិករ ទើប​ស្រូវ​មានតម្លៃ។​

លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង នៅ​ល្ងាច​ថ្ងៃទី 12 ខែមីនា ឆ្នាំ 2019 បាន​និយាយ​ឲ្យ​ដឹងថា​ ៖ ស្រុក​កំពង់​លែង​មាន 9 ឃុំ និង​ភូមិ និង 44 ភូមិ ក្នុងនោះដែរ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ 95 ភាគរយ​ជា​កសិករ​ធ្វើស្រែ​ចម្ការ។ ដោយឡែក​ នៅក្នុង​រដូវ​ប្រាំង​ឆ្នាំ 2018 , 2019 នេះ​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពង់លែង ធ្វើស្រែ​ប្រាំង​សរុប​បាន 7570 ហិកតា លើ​ផែនការ 6០០០ ហិក​តា ក្នុងនោះ​ទិន្នផល​ស្រូវ​ជា​មធ្យម​ប្រមូលបាន 486 3 គីឡូ ក្នុង​មួយ​ហិកតា។ ហើយ​នៅក្នុង​រដូវប្រាំង​នេះ ​ក៏មាន​ការប៉ះពាល់​ខូចខាត​ស្រូវ​អស់ 75 ហិកតា​ផង ស្ងួត​មិន​អាចជួយ​សង្គ្រោះបាន។​

លោក សុខ រិ​ន បាន​បន្ត​ឲ្យ​ដឹងថា ប្រជាង​ដែល​នៅ​ក្នុង​ឃុំ​ច្រ​ណូ​ក ដោយសារ​កត្តា​ធម្មជាតិ អាកាស​ធាតុ​ក្តៅ​ហួតហែង​ ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង កសិករ​នៅក្នុង​ឆ្នាំនេះ លក់​ស្រូវ​ចេញ ទៅ​ក្រៅ​ស្រុក​ក្នុង​មួយ​គីឡូ​បាន​ថ្លៃ 750 រៀល ចំពោះ​កត្តា​ដែល​ធ្វើ​ឲ្យ​ស្រូវ​បាន​តម្លៃ​នេះ ក៏ដោយ​សារ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជួយ​កសាង​ផ្លូវ​លេខ 5០ សេ មាន​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទៅ​កាន់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ អាច​ធ្វើ​ឲ្យ​ឈ្មួញ​បើក​រថយន្ត​ចេញចូល​បាន​ដោយ​ងាយស្រួល ចូល​មក​ទិញស្រូវ​នៅក្នុង​ស្រុក​កំពង់លែង។ ម្យ៉ាងទៀត​ នៅក្នុង​ឆ្នាំ 2019 នេះ​ ក៏មាន​ឈ្មួញ​មក​ប្រទេស​វៀតណាម ចូលមក​ទិញស្រូវ​ដឹក​តាម​កាណូត​ធំៗ​យក​ចេញទៅ​វៀតណាម​ផងដែរ។​

លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង ក៏​សូម​អំពាវនាវ​ផងដែរ ដល់​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពង់លែង​ទាំងអស់ សូមកុំ​ធ្វើស្រែ ចម្ការ នៅ​កន្លែង​ណា​ដែលមាន​ប្រភពទឹក​គ្រប់គ្រាន់​ទៀត ចៀសវាង​នៅពេល ធាតុអាកាស​ក្តៅ​ហួតហែង​គ្មាន​ប្រភពទឹក​ជួយសង្គ្រោះ​ស្រូវ​ក្នុង​ស្រែ ដែលនាំ​ឲ្យ​ខាតបង់ ថវិកា​នៅ​ក្នុង​គ្រួសារ។

ដោយឡែក លោក​អភិបាលស្រុក​កំពង់លែង ក៏បាន​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​ ដែល​បាន​ជួយ​កសាង​ផ្លូវ 50​សេ ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ទៅកាន់​ខេត្តកំពង់ធំ ដែល​ក្នុងពេល​ថ្មីៗ​នេះ ក៏​ពិនិត្យឃើញ​ក្រុមការងារ​អន្តរក្រសួង ចុះមក​សិក្សា​ផលប៉ះពាល់​ផ្លូវ​លេខ 50​សេ ផងដែរ ដើម្បី​ស្នើ​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល​កសាង​ផ្លូវ 50​សេ ឲ្យ​ខ្ពស់​ផុតពី​ទឹក ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ការដឹកជញ្ជូន​កសិផល កសិកម្ម​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង សង្ឃឹមថា​ នៅក្នុង​ពិធី​បុណ្យ​ទន្លេ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល នឹង​ប្រកាស​កសាង​ផ្លូវ 50​សេ ឲ្យ​ខ្ពស់​ពី​ទឹក ដើម្បី​លើ​ស្ទួយ សេដ្ឋកិច្ច​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​កំពង់លែង ក៏ដូចជា​នៅក្នុង​ទូទាំងប្រទេស​ផងដែរ ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រោះថា​ពេល​មាន​ផ្លូវ​ គឺ​ពិត​ជាមាន​ក្តី​សង្ឃឹម ប្រជាពលរដ្ឋ​ពិតជា​មាន​ជីវភាព​ប្រសើរ​ឡើង កាត់បន្ថយ​បាន​នូវ​ភាព​ក្រីក្រ៕