ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ដោះលែង​ពលរដ្ឋ​របស់ខ្លួន​ដែល​ត្រូវបាន​ចោទប្រកាន់​បំពុល​លោក Kim Jong Nam

ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ដោះលែង​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​សារធាតុពុល VX សម្លាប់​បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង​បន្ទាប់ពី​តុលាការ​ម៉ាឡេស៊ី​បាន​ទម្លាក់​ការចោទប្រកាន់​ដូចគ្នានេះ​លើ​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់។

រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ការហៅ​ទូរស័ព្ទ​មួយ​ទៅកាន់​សម​ភាគី​ម៉ាឡេស៊ី​ឈ្មោះ Saifuddin Abdullah, រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក Pham Binh Binh បានស្នើ​សុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ធានា​ឲ្យ​មានការ​កាត់ក្តី​ដោយ​យុត្តិធម៌​មួយ​និង​ដោះលែង​ពលរដ្ឋ​វៀតណាម​ឈ្មោះ Doan Thi Huong។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ រដ្ឋាភិបាល​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Le Thanh Long បាន​ផ្ញើលិខិត​មួយ​ទៅ​អគ្គរាជអាជ្ញា​នៃ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Tommy Thomas ដោយ​ស្នើសុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ដោះលែង​នាង Huong ។​

អ្នក​ដែល​ជាប់ចោទ​ជាមួយ​នាង Huong គឺ​ស្ត្រី​សញ្ជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ Siti Aisyah ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ។

នាង​និង​នាង Huong ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​បំពុល​លោក Kim Jong Nam ជាមួយនឹង​សារធាតុ​គីមី VX នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​។ ការផ្តន្ទាទោស​អាចឈាន​ទៅដល់​ទោស​ប្រហារជីវិត។

សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​និយាយថា លោក Minh បាន​និយាយ​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ថា បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​ប្រជាជន​វៀតណាម​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការកាត់ក្តី​នេះ។

ស្របពេល​ជាមួយគ្នា​នោះដែរ ឪពុក​របស់​នាង Huong គឺ​លោក Doan Van Thanh បាន​និយាយថា ការដោះលែង​នាង Siti Aisyah គឺជា​ដំណឹង​ល្អ​សម្រាប់​ក្រុមគ្រួសារ​របស់គាត់​។ លោក Thanh បាន​ប្រាប់​រ៉​យ​ទ័​រថា “​ខ្ញុំ​ជឿជាក់ថា កូនស្រី​របស់ខ្ញុំ​នឹង​ត្រូវបាន​ដោះលែង​ដូចគ្នា​ព្រោះ​នាង​មិនមាន​កំហុស​ទេ​។ យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ប្រទេស​ម៉ាឡេស៊ី​ទេ​នាពេល​ថ្មីៗ​នេះហើយ​យើង​ចង់​ឮ​ពី​ពួកគេ​ឥឡូវនេះ​”​។​
​គួរ​បញ្ជាក់ថា តុលាការ​គ្រោង​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕ REUTERS