ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន ​មិន​បញ្ជូន​សេចក្តីសម្រេច ​ដែល​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​ទៅ UN

ប្រទេស​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ជប៉ុន​បានសម្រេច​ចិត្តជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ក្នុង​ការ​មិន​បញ្ជូន​សេចក្តី​សម្រេច​រួម​មួយ​ទៅ​អង្គការសហប្រជាជាតិ ​ដែល​ថ្កោលទោស​ការ​រំលោភបំពាន​សិ​ទិ្ធ​មនុស្ស​របស់​ប្រទេស​កូរ៉េខាងជើង។

ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប​បានដាក់​ញត្តិ​មួយ​ដែល​ថ្កោលទោស​ចំពោះ​កំណត់ត្រា​សិទ្ធិ​របស់​កូរ៉េខាងជើង​ទៅកាន់​អង្គការសហប្រជាជាតិ​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ កូរ៉េខាងជើង​បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​នូវ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស។

លោក Yoshihide Suga ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ការសម្រេច​នេះ​ត្រូវបាន​យកមក​ពិចារណា​លើ​កត្តា​ជាច្រើន​ដូចជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​និង​បញ្ហា​នៃ​ការចាប់​ពង្រត់​របស់​ជ​ប៉ុន​ជាដើម”។

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​២​របស់​ពួកគេ​កាលពី​ខែ​មុន​លើ​ការទាមទារ​របស់​សហ​រដ្ឋ​អាមេរិក​ឲ្យ​កូរ៉េខាងជើង​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការធានា​សន្តិសុខ​និង​ការដក​ទណ្ឌកម្ម។

ប៉ុន្តែ​ការចរចា​នៅ​ប្រទេស​វៀតណាម​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​។​
​ប្រទេស​ជប៉ុន​ដែល​ជាស​ម្ព័​ន្ធ​មិត្ត​របស់​សហរ​ដ្ឋ​អាមេរិក​កំពុង​រក្សា​ការប្រុងប្រយ័ត្ន​លើ​កិច្ចសន្ទនា រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ស្របពេល​មាន​ក្តី​ព្រួយបារម្ភ​ថា​កិច្ចព្រមព្រៀង​មួយ​រវាង​គូសត្រូវ​ចាស់​ទាំងពីរ​អាច​នាំ​ឲ្យ​មាន​ការវិល​ត្រលប់​នូវ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​បូព៌ា។

ប្រទេស​ជប៉ុន​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ថា បញ្ហា​ដ៏​សំខាន់​នៃ​ជោគវាសនា​របស់​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​ភ្នាក់ងារ​កូរ៉េខាងជើង​គឺ​ស្ថិតនៅ​ពីក្រោយ​បញ្ហា​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ក្នុង​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង។

លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ​បាន​និយាយថា លោក​ត្រាំ​បានលើកឡើង​ពី​បញ្ហា​ចាប់ពង្រត់​ពលរដ្ឋ​ជប៉ុន​នៅក្នុង​ជំនួប​កំពូល​របស់លោក​ជាមួយ​លោក​គីម។

លោក​អា​បេ​បាន​និយាយថា ប្រទេស​ជប៉ុន​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ធម្មតា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​ប៉ុន្តែ​បញ្ហា​ជាច្រើន​រួមទាំង​ការចាប់​ពង្រត់​ប្រជាពលរដ្ឋ​របស់ខ្លួន​ដោយ​កូរ៉េខាងជើង​ផងដែរ​នោះ​គឺ​ត្រូវតែ​ដោះស្រាយ​ជាមុនសិន​៕ REUTERS


TAG