ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​និយាយ​ថា “​មិន​មាន​មូលដ្ឋាន​” ដើម្បី​ផ្អាក​យន្តហោះ Boeing 737 MAX ទេ​ បន្ទាប់ពី​ការធ្លាក់

សហរដ្ឋអាមេរិក​បាន​និយាយថា “​មិនមាន​មូលដ្ឋាន​” ដើម្បី​ផ្អាក​យន្តហោះ Boeing 737 MAX ទេ​បន្ទាប់ពី​គ្រោះថ្នាក់​ជា​លើក​ទី​ពីរ​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ម៉ូ​ដែល​នេះ ​ក្នុង​រយៈពេល​តិចជាង​ប្រាំ​ខែ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​ហាមឃាត់​យន្តហោះ​នេះ។

បើទោះបីជា​មានការ​ធានា​ពី​ក្រុមហ៊ុន​អាកាសចរណ៍​យក្ស​នេះ​ថា យន្តហោះ​នេះ​មាន​សុវត្ថិភាព​និង​អាច​ទុកចិត្តបាន​ក៏ដោយ សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​និង​ឥណ្ឌា​បាន​ចូលរួម​ជាមួយ​ចិន​និង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​ការផ្អាក​យន្តហោះ​ប្រភេទ​នេះ​ឬ​ហាមឃាត់​វាពី​ដែនអាកាស​របស់ខ្លួន​ខ​ណៈ​ពួកគេ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ការធ្លាក់​យន្តហោះ​នេះ។

ប៉ុន្តែ​រហូតមកទល់​ពេលនេះ សហរដ្ឋអាមេរិក​បាន​បដិសេធ​ធ្វើ​សកម្ម​ភាពស្រដៀងគ្នា​នេះ​ប្រឆាំងនឹង​យន្តហោះ​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ​នេះ។

លោក Daniel Elwell នាយក​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​រហូតមកដល់​ពេលនេះ ការពិនិត្យ​របស់​យើង​បាន​បង្ហាញ​ថា មិន​មាន​បញ្ហា​នៃ​ការ​អនុវត្តន៍​ប្រព័ន្ធ​និង​គ្មាន​មូលដ្ឋាន​ដើម្បី​បញ្ជា​យន្តហោះ​ឲ្យ​ផ្អាក​ទេ​”​។​

យន្តហោះ 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​ធ្លាក់​អំឡុង​ជើង​ហោះហើរ​ចេញពី​ក្រុង Addis Ababa ទៅកាន់​ទីក្រុង Nairobi កាលពី​ថ្ងៃអាទិត្យ​ដោយបាន​សម្លាប់​មនុស្ស​ទាំង​អស់​១៥៧​នាក់​នៅលើ​យន្តហោះ។

វា​បាន​កើតឡើង​បន្ទាប់ពី​ការធ្លាក់​យន្ដហោះ​ម៉ូ​ដែល​ដូចគ្នា​ដ៏​ថ្មីស្រឡាង​របស់​ក្រុមហ៊ុន Lion Air នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បានសម្លាប់​មនុស្ស​ចំនួន​១៨៩​នាក់​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​ហោះ​ចេញពី​ទីក្រុង Jakarta។

សកម្មភាព​ដ៏​ធំធេង​ប្រឆាំងនឹង​យន្តហោះ​នេះ​បានដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Boeing ដើម្បី​ឲ្យ​បញ្ជាក់ថា យន្តហោះ​ប្រភេទ MAX គឺមាន​សុវត្ថិភាព​ហើយ​ក្រុមហ៊ុន​នេះ​បាន​និយាយថា ខ្លួន​នឹង​បង្ហាញ​កម្មវិធី​ហោះហើរ​ថ្មី​នៅត្រឹម​ខែមេសា​ដែល​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​ឧ​បករ​ណ៏​ខូច​។​

វិសាលភាព​ទាំងស្រុង​នៃ​ផលប៉ះពាល់​នៃ​ការហាមឃាត់​យន្តហោះ​នេះ​នៅលើ​ផ្លូវ​ធ្វើដំណើរ​ជា​អន្តរជាតិ​គឺ​មិនត្រូវ​បាន​គេ​ដឹង​ច្បាស់លាស់​ទេ​។ បច្ចុប្បន្ននេះ មាន​យន្តហោះ​ប្រភេទ MAX 8 ចំនួន​៣៥០​គ្រឿង​កំពុងដំណើរការ​នៅ​ជុំវិញ​ពិភពលោក​៕ AFP


TAG