ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ ៖​ ប្រពន្ធ​និង​កូនប្រុស​របស់​ជនសង្ស័យ​ជា​សកម្មប្រយុទ្ធ​ឥណ្ឌូនេស៊ី​បាន​បំផ្ទុះ​ខ្លួនឯង

អាជ្ញាធរ​បាន​និយាយថា ប្រពន្ធ​និង​កូនប្រុស​របស់​ជនសង្ស័យ​ជា​សកម្មប្រយុទ្ធ​ឥស្លាម​និយម​ម្នា​ក់ បាន​បំផ្ទុះ​ខ្លួនឯង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បន្ទាប់ពី​ការចរចា​ដ៏​តានតឹង​រយៈពេល​ជាច្រើន​ម៉ោង​ជាមួយ​មន្ត្រី​ប្រឆាំង​ភេរវកម្ម។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​កាន់សាសនា​មូស្លីម​ភាគច្រើន​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការលេចចេញ​ជាថ្មី​នៃ​ក្រុម​ជ្រុលនិយម​ក្នុងប្រទេស​ដែល​បំផុសគំនិត​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​តំបន់​មជ្ឈិមបូព៌ា។

ប៉ូលិស​និង​ក្រុម​ដោះ​គ្រាប់បែក​បាន​ព័ទ្ធជុំវិញ​ផ្ទះ​ក្នុង​ទីក្រុង Sibolga ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា​បន្ទាប់ពី​បាន​ចាប់ខ្លួន​ប្តី​របស់​នាង​នៅ​ព្រឹក​ថ្ងៃនោះ​ដោយសារតែ​សង្ស័យ​អំពី​ទំនាក់ទំនង​របស់គាត់​ទៅនឹង​ការវាយប្រហារ​ដែល​គ្រោងទុក​មួយ​លើ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​តំបន់​។ ប្រពន្ធ​និង​កូន​គឺ​កំពុងស្ថិត​នៅក្នុង​ផ្ទះ​នោះ។

អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក Dedi Prasetyo បាន​និយាយថា “​ប៉ូលិស អ្នក​កាន់សាសនា​និង​សាច់ញាតិ​នៃ​ជនសង្ស័យ​កំពុង​ចរចា​ជាមួយ​ជនសង្ស័យ​ហើយ​បានស្នើ​ឲ្យ​ពួកគេ​ប្រគល់​ខ្លួន​ប៉ុន្តែ​ពួកគេ​នៅតែ​ស្ថិតនៅ​ខាងក្នុង​នោះ”។

ក្នុងអំឡុងពេល​នៃ​ការប្រឈមមុខ​ដាក់គ្នារ​យៈ​ពេល​ជិត​១២​ម៉ោង ស្ត្រី​ជា​ប្រពន្ធ​បាន​បោះ​គ្រឿងផ្ទុះ​មួយ​ដាក់​កងកម្លាំង​សន្តិសុខ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​និង​ជន​ស៊ីវិល​ម្នាក់​រងរបួស​។​

លោក Prasetyo បាន​និយាយថា “​នៅវេលា​ម៉ោង​១​និង​២៥​នាទី​ព្រឹក ប្រពន្ធ​របស់​ភេរ​វករ​និង​កូនប្រុស​របស់​ពួកគេ​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ខាង​ក្នុងផ្ទះ​”​។ លោក​បាន​បន្ថែមថា កម្លាំង​នៃ​ការផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​មាន​កំទេចកំទី​ហោះ​ចេញ​យ៉ាង​ឆ្ងាយ​។​

យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​រកឃើញ​គ្រឿងផ្ទុះ​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម​នៅ​កន្លែងកើតហេតុ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​មិនបាន​រៀបរាប់​លម្អិត​អំពី​អាយុ​របស់​កូនប្រុស​នោះទេ​។​

អាជ្ញាធរ​ជឿជាក់ថា បុរស​ជា​ប្តី​គឺជា​ផ្នែក​មួយ​នៃ​ក្រុម Jemaah Ansharut Daulah (JAD) ដែលជា​សម្ព័ន្ធភាព​ក្រុម​រដ្ឋ​ឥស្លាម​ធំ​បំផុត​នៅក្នុង​ប្រទេស​នេះ​ដែល​បាន​បំបែក​ខ្លួន​ជា​ផ្លូវការ​កាលពី​ឆ្នាំមុន​សម្រាប់​ការធ្វើ​ភេរវកម្ម​និង​ភ្ជាប់​ខ្លួន​ជាមួយ​អង្គការ​សកម្មប្រយុទ្ធ​បរទេស​៕ REUTERS

​