ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា ​៖ ​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ចង់​ឈ្នះ​ក្នុង​សប្ដាហ៍​ដំបូង​នៅលើ​ទឹកដី​របស់ខ្លួន

លោក Conor Nestor គ្រូ​បង្គោល​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លើកឡើង​ថា ក្រុម​របស់​ខ្លួន​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​នៅ​សប្ដាហ៍​ដំបូង​នៃ​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodina League 2019) ព្រោះ​ប្រកួត​នេះ​ធ្វើ​ឡើងលើ​ទឹកដី​ខ្លួនឯង ដែល​ទទួលភ្ញៀវ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ចុង​សប្ដាហ៍​នេះ​។

គ្រូបង្វឹក​មកពី​អៀរ​ឡង់ រូបនេះ​បាន​បញ្ជាក់​ថា ​លោក​មិន​មើលស្រាល​ក្រុម​គូប្រជែង​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ក្រុម ប្រាក់ សុវណ្ណារ៉ា ឡើយ ទោះ​ធ្លាប់​ឈ្នះ​ក្នុង​ការប្រកួត​មិត្តភាព​ដល់​ទៅ​៧​ទល់នឹង​១ កាល​ពី​ពេល​ថ្មីៗ​ក៏ដោយ​ព្រោះ​មិន​ផ្ដោត​លើ​លទ្ធផល​សម​ជើងទេ​។ លោក Conor Nestor ពន្យល់​ថា «​ពិតមែន​ហើយ គឺ​យើង​ចង់​ឈ្នះ​នៅផ្ទះ​របស់​យើង ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ​អម​ដោយ​ការគោរព​ចំពោះ​លោក ប្រាក់ សុវណ្ណារ៉ា និង​កីឡាករ​ប៉ូលិស​។ យើង​បាន​ជួបគ្នា​២​ទៅ​៣​ដង​ដែរ​ក្នុងការ​ប្រកួត Pre-Season កន្លងមក ប៉ុន្តែ​យើង​មិន​ផ្ដោតលើ​លទ្ធផល​ប្រកួត​មិត្តភាព​បែបនេះ​ទេ​។ ក្នុងការ​ប្រកួត pre-season យើង​ក៏​ធ្វើ​បានល្អ​ខ្លះ​ដែរ មាន​ទាំង clean sheet ទៀត តែ​អ្វី​សំខាន់​នោះ គឺ​គុណ​ផល​ពេល​លេង​ផ្លូវការ​»​។

គួរ​ដឹង​ដែរ​ថា ព្រះខ័ន​រាជ​ស្វាយ​រៀ់​ង បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ជាពិសេស បរទេស ដោយ​នាំចូល​ខ្សែប្រយុទ្ធ​ជនជាតិ​កា​មេ​រ៉ូ​ន Befolo Mbarga, កូរ៉េខាងត្បូង Yeon Gi-sung, អង់គ្លេស​
Charlie Machell និង​អាមេរិក​Jonny Campbell​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះ​ទេ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្លង​មក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ចាញ់​អង្គរ​ថាយហ្គឺរ៕