ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖​ ក្រុម​ណាហ្គា​វើ​ល រកបាន​៣​ពិន្ទុ​មែន តែ​គ្រូបង្វឹក​មិនទាន់​ពេញចិត្ត​នឹង​ទម្រង់​លេង​របស់​កូនក្រុម​នៅឡើយ

ក្រុម​ណាហ្គា​វើ​ល ដែល​ជា​សមាជិក​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) អាច​រកបាន​៣​ពិន្ទុ​លើកដំបូង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ ក្រោយ​យកឈ្នះ​លើ​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា​។

​ទោះបីជា​ដឹកនាំ​ក្រុម​ប្រកួត​ឈ្នះ​លើ​ឆាក​អន្តរជាតិ​ក៏​ពិតមែន ប៉ុន្តែ​លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​ហាក់​បង្ហាញ​ទស្សនៈ​មិន​សប្បាយ​ចិត្តនឹង​ទម្រង់​លេង​របស់​កូនក្រុម​ប៉ុន្មាន​នោះ​ទេ​។ គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា «​ចំពោះ​ខ្ញុំ​សម្រាប់​ការប្រកួត លទ្ធផល​យើង​ពេញចិត្ត​ខ្លាំង ក៏ប៉ុន្តែ​ទម្រង់​នៃ​ការ​លេង​មិនទាន់​ពេញចិត្ត​១០០​ភាគរយ​ទេ ទម្រង់​នៃ​ការ​លេង​ទើបតែ​បាន ៥០​ភាគរយ​ទេ ដែល​អ្វីដែល​ធ្វើ​ទៅតាម​ខ្ញុំ គាត់​ធ្វើ​ត្រូវ ដូចជា​ការដណ្ដើម​បាល់ រៀបចំ​កន្លែង​ណា បានន័យថា​ អ្វី​ដែល​យើង​ដាក់​ទៅ​គាត់​ធ្វើ ប៉ុន្តែ​ឲ្យ​ច្នៃប្រឌិត​បន្ថែម​ទៀត​នៅក្នុង​ហ្នឹង​គឺ​ខ្វះ ព្រោះ​ក្នុង​ស្ថានភាព​បាល់ទាត់​គឺ​ច្រើន​មែនទែន ខ្ញុំ​អត់​អាច​រៀបចំ​ទាំងអស់​បាន​ទេ តែ​រៀបចំ​តែ​កន្លែង​សំខាន់ៗ ហើយ​ចន្លោះ​កន្លែង​ហ្នឹង​គាត់​ត្រូវ​ច្នៃប្រឌិត​បន្ថែម​ខ្លួន​គាត់​ទៀត​»​។

​គ្រូបង្វឹក​ខាងលើ​បាន​បន្ត​ថា «​បើ​ដូច​ប្រកួត​នេះ យើង​នៅ​រក្សា​ត្រឹម​ប៉ុណ្ណឹង យើង​អត់​អាច​យក​ជើងឯក​បានទេ សម្រាប់​លី​គ​កំពូល​កម្ពុជា​។ ទាក់ទង​នឹង​ទម្រង់​លេង នៅតែមាន​ចន្លោះ​ខ្វះខាត ការ​ធ្វើ​ចន្លោះ​នៃ​ការ​ការពារ ការ​បញ្ចប់​ទី ការ​ត្រៀម​ដើម្បី​ចាប់ផ្ដើម​ការ​វាយបក គឺ​នៅ​មាន​ចន្លោះ អញ្ចឹង​ហើយ​បើ​យើង​លេង​ប៉ុណ្ណឹង​យើង​អត់​យក​ពាន​បានទេ អញ្ចឹង​ហើយ​ត្រូវតែ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​ទៀត ដូច​ខ្ញុំ​និយាយ ថ្ងៃ​គាត់​ល្អ​មែន គាត់​ឈ្នះ​ល្អ​មែន យើង​សប្បាយចិត្ត ប៉ុន្តែ​ការ​ធ្វើ​ត្រូវ គឺ​ត្រឹម ៥០​ភាគរយ​ដែល​ខ្ញុំ​សប្បាយចិត្ត​»។

សូម​រំលឹក​ថា ​ប្រកួត​ដែល​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន Baraa Aisha នេះ​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម Yangon United ២​ទល់​១​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា K. Atuhaire បា​នរក​គ្រាប់​បាល់​២​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ណាហ្គា​វើ​ល ខណៈ​កីឡាករ​ប្រេ​ស៊ី​ល Guirra Miller de Oliveira បា​នរក​គ្រាប់​បាល់​វាយបក​១​គ្រាប់​ឲ្យ​ក្រុម Yangon United។

សូម​រំលឹក​ថា ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ពី​តំបន់​អាស៊ាន​ផ្សេងទៀត ដោយ​ក្នុង​នោះ​មាន​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា)។ សម្រាប់​តំណាង​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​ម្នាក់​២​លើក​មក​ឃើញ​ថា​ក្រុម Hanoi FC ឈរ​លេខ​១ មាន​៤​ពិន្ទុ​ដូចគ្នា​នឹង​ក្រុម​លេខ​២ Tampines Rover ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរលេខ​៤​មិន​ទាន់​មាន​ពិន្ទុ​កាន់​៕