ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Keisuke Honda ទំនង​មក​ដឹកនាំ​ក្រុម U23 កម្ពុជា ត្រៀម​ប្រកួត​ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី

អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda ទំនងជា​អាច​នឹង​ឡើង​មក​ចូលរួម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ (U23) ដើម្បី​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ AFC U-23 Championship 2020 សម្រាប់​ឆ្នាំ​២០២០ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល H​។

​មូលហេតុ​ដែល​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ​ អាច​មក​ដឹកនាំ​ក្រុម​វិញ​បាន​គឺ​គាប់​ជួន​ចំ​នឹង​ថ្ងៃ​ប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ឬ​ហៅថា ( FIFA Day ) ដោយ​ភាគច្រើន​គឺ​ក្លឹប​អាជីព​ទាំងអស់​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​រៀងៗ​ខ្លួន ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ឬ​ប្រកួត​ផ្លូវការ​ណាមួយ ជាមួយ​បណ្ដា​ប្រទេស​ដែល​សហព័ន្ធ​របស់ខ្លួន​ត្រូវបាន​ណាត់​ប្រកួត​នោះ​។​

សូម​រំលឹក​ថា​ យោង​តាម​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​ដែល​ធ្វើឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី បញ្ជាក់ថា​ក្រុម​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល H កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ គួររំលឹកថា​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។

​សម្រាប់​ប្រកួត​បើកឆាក​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី នៅ​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៩ ខណៈ​ក្រុម​កូរ៉េខាងត្បូង ជួប​តៃវ៉ាន់​។ នៅ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ក្រុម​កម្ពុជា ប៉ះ​កូរ៉េខាងត្បូង ហើយ​តៃវ៉ាន់ ជួប​អូស្ត្រាលី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កម្ពុជា បន្ត​ប៉ះ​តៃវ៉ាន់ ហើយ​ក្រុម​កូរ៉េខាងត្បូង ជួប​ក្រុម​អូស្ត្រាលី​។

ចំណែក​វគ្គ​ជម្រុះ​តាម​ពូ​ល​បឋម ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ប្រទេស​ថៃ នា​ឆ្នាំ ២០២០ ខាងមុខ​មាន​ពូ​ល A​មាន​កាតា​,​អូ​ម៉​ង់​,​នេ​ប៉ាល់​,​អា​ហ្វ​ហ្គា​នី​ស្ថាន ពូ​ល B មាន​ប៉ា​ឡេ​ស្ទី​ន​,​បា​រ៉ែ​ន​,​បង់​ក្លា​ដេ​ស​,​ស្រីលង្កា ពូ​ល C មាន​អ៊ីរ៉ាក់​,​អ៊ីរ៉ង់​,​តួរ​មេ​នី​ស្ថាន​,​យេ​ម៉ែន ពូ​ល D មាន​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​,​អារ៉ាប់​រួម​,​លី​ប៉ង់​,​ម៉ា​ល់​ឌី​វ ពូ​ល E​មាន​ហ្សកដានី​,​ស៊ី​រី​,​គី​ជី​ស្ថាន​,​គុយ​វ៉ែត ពូ​ល F មាន​អ៊ូ​ប៊ែ​គី​ស្ថាន​,​តាជី​គី​ស្ថាន​,​ឥណ្ឌា​,​ប៉ា​គី​ស្ថាន ពូ​ល G មាន​កូរ៉េខាងជើង​,​ហុងកុង​,​សឹង្ហ​បុរី​,​ម៉ុង​ហ្គូ​លី ពូ​ល H កូរ៉េខាងត្បូង​,​អូស្ត្រាលី​,​កម្ពុជា​,​តៃវ៉ាន់ ពូ​ល I ជប៉ុន​,​មី​យ៉ាន់​ម៉ា​,​ទី​ម័​រ​ខាងកើត​,​ម៉ា​កាវ ពូ​ល J ម៉ាឡេស៊ី​,​ចិន​,​ឡាវ​,​ហ្វីលីពីន និង​ពូ​ល K​មាន​វៀតណាម​,​ថៃ​,​ឥណ្ឌូណេស៊ី​និង​ប្រ៊ុយណេ​។

​គួរ​ដឹង​ដែរ​ថា វគ្គ​ជម្រុះ AFC-U23 មាន​ចំនួន​១០​ពូ​ល ហើយ​ក្រុម​ជម្រើសជាតិ​ចំនួន​១៥ ត្រូវ​ឆ្លងទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ឆ្នាំ​២០២០ បូក​ជាមួយនឹង​ម្ចាស់ផ្ទះ​ថៃ​។​ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺវគ្គ​ចុង​ក្រោយ​ នឹង​ប្រព្រឹត្ត​ទៅ​ ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០២០៕