ព័ត៍មានទាន់​ហេតុការណ៏
Search

ថៅកែ​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី លើកឡើង​ពី​ទស្សនៈ​របស់ខ្លួន​ក្រោយ​ជាប់​ឈ្មោះ​ក្នុង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ ស​.​ប​.​ក

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែមីនា ឆ្នាំ​២០១៩ ថ្មីៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​រៀប​ចំ​មហាសន្និបាត​លើ​ទី​១៣​ឆ្នាំ​២០១៩ បាន​រៀប​ចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​២​កៅអី​ដើម្បី​ដឹកនាំ​ក្នុង​អាណត្តិ​ឆ្នាំ​២០១៩-២០២៣ ខណៈ​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជាប់​ឈ្មោះ​ក្រោយ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​លើសលប់​។

ស្ត្រី​ដំបូង​ដែល​ជាប់​ឈ្មោះ​ក្នុង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​រប​ស់ស​.​ប​.​ក បាន​លើក​ឡើង​ថា «ខ្ញុំ​សប្បាយចិត្ត​ចំពោះ​តួនាទី​នេះ ហើយ​វា​គឺជា​ការចូលរួម​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​ភាពជា​អ្នកដឹកនាំ​។ លើស​ពី​នេះ​ទៀត​នោះ យើង​ក៏​សប្បាយចិត្ត​នឹង​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ផែន​ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ីអាគ្នេយ៍ SEA GAMES 2023 ក៏ដូចជា​ចូលរួម​ជួយ​លើ​ចំណុច​ខ្វះខាត​ផ្សេងៗ​ទៀត​ឲ្យ​មាន​ភាព​ប្រសើរឡើង​»។

សូម​រំលឹក​ថា លោក​អ៊ុក សិទ្ធិ​ជាតិ ត្រូវ​បាន​ចូល​មក​កាន់​តំណែង​ជាថ្មី​បន្ទាប់ពី​រូបលោក​ផ្ទាល់​ផុត​អាណត្តិ ខណៈ​សមាជិក​ថ្មី​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត លោកស្រី ពុធ ធីតា ដែលជា​ស្ត្រី​ដំបូង​គេ​ក្លាយជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បន្ទាប់ពី​លោក ខៀវ ចិន្តា​វ័​ន្ត ដែល​ត្រូវផុត​អាណត្តិ នឹង​ប្រកាស​លាលែង​ពី​តំណែង។

​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ​មាន អ្នកបោះឆ្នោត​ចំនួន​៣៧ សំឡេង​មកពី​សមាគម និង​ក្លិប​បាល់ទាត់​នានា​នៅ​កម្ពុជា ខណៈ​បេក្ខភាព​ឈរឈ្មោះ​មាន​ចំនួន​៦​រូប រួមមាន​លោក អ៊ុក សិទ្ធិ​ជាតិ (​ឈរឈ្មោះ​ជាថ្មី​) លោកស្រី ពុធ ធីតា (​ក្លិប​បឹងកេត​) លោក ខៀវ ចិន្តា​វ័​ន្ដ (​ឈរឈ្មោះ​ជាថ្មី​) លោក ហុក សុចិ​ត្រា (​ក្លិប​វិសាខា​) លោក អៀង សាក់​នី​ដា (​ក្លិប​សូល​ទី​ឡូ​អង្គរ​) និង​លោក ចាប សុខ​ម៉េង (​មកពី​ខេត្តបន្ទាយមានជ័យ​)​។ ក្រោយ​បោះឆ្នោត​ទទួល​សម្លេង​ឆ្នោត​ជា​ផ្លូវការ​ដូចជា​១)​លោក អ៊ុក សិទ្ធិ​ជាតិ បាន​ទទួល​សម្លេង​គាំទ្រ​ចំនួន​៣២​សម្លេង​,​លោកស្រី ពុធ ធីតា ទទួល​បាន​សម្លេងគាំទ្រ ២៩​សម្លេង​,​លោក ខៀវ ចិន្តា​វ័​ន្ដ ទទួល​បាន ៣​សម្លេង​,​លោក ហុក សុចិ​ត្រា ទទួលបាន ៤​សម្លេង​,​លោក អៀង សាក់​នី​ដា ទទួលបាន ៦​សម្លេង​,​លោក ចាប សុខ​ម៉េង ពុំ​ទទួល​បាន​សម្លេងគាំទ្រ​ឡើយ​។ ដូច្នេះ​លោកស្រី ពុធ ធីតា និង​លោក អ៊ុក សិទ្ធិ​ជាតិ​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​មាន​ចំនួន​១១​រូប ក្នុង​នោះ​មាន​ប្រធាន ១​រូប និង​អនុប្រធាន ១​រូប បូករួម​ជាមួយ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ចំនួន​៩​រូប​ផ្សេងទៀត​៕