ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ប្តឹង​ជន​ទាំងឡាយ​ណា​ ដែល​បាន​ប្រមាថ​សម្តេច​តាម​ហ្វេសបុក ដោយ​ទារ​ជំងឺ​ចិ​ត្ដ​២​លាន​ដុល្លារ

កោះកុង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាសថា ​សម្តេច​កំពុងតែ​ឲ្យ​ក្រុម​មេធាវី​របស់​សម្តេច​សិក្សា​ទិដ្ឋភាព​ផ្លូវច្បាប់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្តឹង​ទៅ​តុលាការ​ចំពោះ​ជន​ទាំងឡាយ​ ដែល​បាន​ប្រមាថ​ដល់​សម្តេច​នៅលើ​បណ្តាញ​សង្គម Facebook​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បែបនេះ​ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជាង​១,៣​ម៉ឺន​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូមជម្រាបថា ​អា​អ្នក​ប្រមាថ​ខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​កំពុង​ឲ្យ​មេធាវី​របស់ខ្ញុំ​សិក្សា​ដើម្បី​ដាក់ពាក្យ​ប្ដឹង​ហើយ​អ្ហែង​ប្រមាថ​តាម facebook​ហើយ​អ្ហែង​ត្រូវ​ដឹង​ថា ​អ្ហែង​នៅ​ក្រៅ​ប្រទេស​មែន ​ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​អ្ហែង​នៅក្នុង​ប្រទេស​អញ​រឹបអូស​យក​ទាំងអស់​ បើ​តុលាការ​កាត់​ឲ្យ​អញ​ឈ្នះ​។ ជូន​សារ​ឲ្យ​ដឹង​មុន​ចុះ​ហើយ​ថ្ងៃនេះ​អ្ហែង​ថែមទៀត​ទៅ​ឥឡូវនេះ​គឺ​មាន​ជាង ៣២ ដែល​អ្ហែង​បាន​បង្ហោះ​ប្រមាថ​ជីវិត​របស់​អញ។ ឥឡូវ​អ្ហែង​តទៅទៀត​ទៅ​ហើយ​យើង​ខំ​ប្រមូល​យក​មក​ទុក​ដើម្បី​ធ្វើជា​ភស្តុតាង ទ្រព្យសម្បត្តិ​អ្ហែង​នៅក្នុង​ស្រុក​ហើយ​ទារ​មិន​តិចជាង​២​លាន​ដុល្លារ​ទេ​ដើម្បី​កុំ​ឲ្យ​វា​ឈ្លើយ …​។ ប៉ុន្តែ​អត់​ទេ​ប្រាប់​ទៅ​ខេត្ត​ឲ្យ​មើល​ទ្រព្យសម្បត្តិ​វា​នៅ​ត្រង់​ណា​តែ​កាត់​រួចហើយ​ គឺ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​យក​លក់​យក​លុយ​ជួយ​កុមារកំព្រា​។ អាង​​រត់​ទៅ​ក្រៅ​ស្រុក​បាន ប្រមាថ​ជីវិត​ឯង​រហូត​ ប៉ុន្តែ​នៅក្នុង​ស្រុក​អត់​ហ៊ាន​ទេ​»​។

សម្តេច​បន្ត​ថា ថ្ងៃមុន​ស្ដាយ​ណាស់​ដោយ​ប្តឹង​ទារ​តែ​១ ដុល្លារ​បើ​ដឹង​អញ្ចឹង​ប្តឹង​ទារ ១ លាន​ដុល្លារ​ ព្រោះ​ទ្រព្យសម្បត្តិ​របស់​វា​ម៉ាគគោក​ប្តឹង​យក​លុយ​ទៅ​ជួយ​កុមារកំព្រា​បាន​យ៉ាង​ស្រួល​ដើម្បី​កុំ​ឲ្យ​វា​ខូច​ពេក​ធ្វើ​អី​មិនកើត​បន់​ឲ្យ​គេ​ងាប់ បន់​ឲ្យ​គេ​គ្រោះថ្នាក់ ឥឡូវ​យើង​គិត​មើល​បើសិន​នយោបាយ​បន់​ឲ្យ​គេ​ងាប់ បន់​ឲ្យ​គេ​គ្រោះថ្នាក់ តើ​ធ្វើ​នយោបាយ​ដើម្បី​រួបរួម​ឬ​ដើម្បី​ស្អី​? អញ្ចឹង​បានជា​ខ្ញុំ​អត់​មិនបាន​ឲ្យ​តែ​មាន​រឿង​អី​គឺ​បបួល​ស្បថ​តែម្ដង ប៉ុន្តែ​អត់​ហ៊ាន​ស្បថ​ដាច់ខាត ហើយ​ពួក​នេះ​មិន​ហ៊ាន​ស្បថ​ទេ។

យោង​តាម​ក្រមព្រហ្មទណ្ឌ​មាត្រា ៣០៧ (​បទល្មើស​ជេរប្រមាថ​ជា​សាធារណៈ​) បា​នប​ញ្ញ​តិ្ដ​​ថា «​គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើលងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ​ដែល​គ្មាន​ការ​ទម្លាក់កំហុស ទៅលើ​អំពើ​ណាមួយ​គឺជា​ការ​ជេរប្រមាថ​»​។ មានន័យថា ប្រសិនបើ​បុគ្គល​ម្នាក់ ឬមួយ​ក្រុម ប្រើពាក្យ​ពេចន៍​មិន​សមរម្យ​ដូចជា​ជេរប្រទេច ឬ ដោយ​ពាក្យ​មើលងាយ ទៅ​បុគ្គល​ណា​ម្នាក់ ឬមួយ​ក្រុម ដោយ​គ្មាន​ចេតនា​ទម្លាក់កំហុស​ចំពោះ​អំពើ​ណាមួយ​នោះ​ទេ វា​គឺជា​ការជេរប្រមាថ​។

បទ​ជេរប្រមាថ​ជា​សាធារណៈ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ជា​ប្រភេទ​នៃ​បទលហុ និង​មាន​ទណ្ឌកម្ម​ត្រឹមតែ​ពិន័យ​ជា​ប្រាក់​តែប៉ុណ្ណោះ​ហើយ​បទ​លើ្មស​ប្រភេទ​នេះ​វា​មាន​នីតិវិធី​ពិសេស​សម្រាប់​ការធ្វើ​បណ្ដឹង​ចោទប្រកាន់​ដោយ​ពាក្យបណ្ដឹង​ធ្វើឡើង​ដោយ​សាមីខ្លួន​ឬ​ស្ថាប័ន​សាមី គឺជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​បណ្ដឹងអាជ្ញា​ក៏ត្រូវ​រលត់​ដោយ​ការដក​បណ្ដឹង​របស់​សាមីខ្លួន ឬ​ស្ថាប័ន​សាមី ផងដែរ​៕