ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិទ្យាល័យ​ចាំ​យាម​នៃ​ខេត្តកោះកុង

កោះកុង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​ជាង ១​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង រួច​ហើយ​នោះ​សម្ដេច​អគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិទ្យាល័យ​ចាំ​យាម​នៃ​ខេត្តកោះកុង​ដែល​ជា​អំណោយ​របស់​សម្តេច​ផ្តល់​ជូន​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ កាលពី​ឆ្នាំ២០១៦​កន្លងទៅ​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ពិនិត្យមើល​អគារ​សាលារៀន អគារ​ទីចាត់ការ និង អគារ​ស្នាក់នៅ​សម្រាប់​គ្រូបង្រៀន ដែល​ទើប​សាងសង់​រួចរាល់​ដោយ​កង​វិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សា​ម៉េ​ត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ជា​អ្នកដឹកនាំ​សាងសង់​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ។ សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​អប់រំ​នៃ​វិទ្យាល័យ​ចាំ​យាម​នៃ​ខេត្តកោះកុង​នេះ​ក្នុង​ការ​បម្រើការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅទីនេះ​។

អគារ​សមិទ្ធផល​សាលារៀន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នា​ពេល​នេះ​គឺ​មាន​អាគារ​ចំនួន ៤​ខ្នង ស្មើនឹង ៤៤​បន្ទប់ ក្នុង​នោះ​ផ្នែក​សាលាបឋមសិក្សា ហ៊ុន សែន ចាំ​យាម​ទទួល​បាន​នូវ​អគារ​ទីចាត់ការ និង​បណ្ណាល័យ​ចំនួន ១​ខ្នង​មាន ៣​បន្ទប់ មាន​បំពាក់​ដោយ​កុំព្យូទ័រ ៥​គ្រឿង ម៉ាស៊ីនបោះពុម្ព ៣​គ្រឿង និង​ម៉ាស៊ីនថតចម្លង​ចំនួន ២​គ្រឿង​។ ផ្នែក​វិទ្យាល័យ និង​អនុវិទ្យាល័យ ហ៊ុន សែន ចាំ​យាម​វិញ​ផ្តល់​ជូន​នូវ​អគារសិក្សា ១​ខ្នង ៣​ជាន់​ស្មើនឹង ១៨​បន្ទប់ អគារ​ទីចាត់ការ​និង​បណ្ណាល័យ​ចំនួន ១​ខ្នង មាន ៣​បន្ទប់ ហើយ​មាន​បំពាក់​ទៅដោយ​ម៉ាស៊ីន​កុំព្យូទ័រ ៥​គ្រឿង ម៉ាស៊ីនបោះពុម្ព ៣​គ្រឿង ម៉ាស៊ីនថតចម្លង ២​គ្រឿង និង​អគារ​ស្នាក់នៅ​របស់​សិស្ស​និង​គ្រូ ១​ខ្នង​មាន ២​ជាន់​ស្មើនឹង ២០​បន្ទប់​។ ក្នុង​នោះ ក៏​មាន​រៀបចំ​នូវ​ទីធ្លា​តារាង​បាល់ទាត់ បាល់ទះ និង​ផ្លូវ​បេតុង​នៅក្នុង​បរិវេណ​សាលារៀន និង​របង​សាលា​ផង​ដែរ​។ សរុប​ទឹកប្រាក់​ទាំងអស់​មាន​ចំនួន​ជាង ១​លាន ២​ម៉ឺន​ដុល្លារ​។

នៅក្នុង​ឱកាស​នោះ​ផង​ដែរ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​អគារសិក្សា​ក្នុង​វិទ្យាល័យ​នេះ និង​ដោយ​សម្ដេច​បាន​មើល​ឃើញ​ថា អនាគត​ចំនួន​សិស្សានុសិស្ស​នឹង​មាន​ការ​កើនឡើង​ផង​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សម្រេច​ផ្តល់​ជូន​នូវ​អគារសិក្សា ២​ខ្នង​បន្ថែម​ទៀត ដោយ ១​ខ្នង​មាន ៣​ជាន់​ស្មើនឹង​១៨​បន្ទប់ សរុប ៣៦​បន្ទប់។ ក្នុង​នោះ​ក៏​មាន​ការ​ផ្តល់ជូន​បន្ថែ​ម​នូវ​អគារ​ស្នាក់នៅ​របស់​សិស្ស និង​គ្រូ បន្ថែមទៀត​គឺ ១​ខ្នង ២​ជាន់ មាន ២០​បន្ទប់​ថែមទៀត​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ពូកែ ជាពិសេស​នៅ​ពេល​ដែល​ទទួល​បាន​នូវ​អគារ​សាលា​ថ្មី​នេះ និង​ត្រូវ​ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ក្នុងសង្គម​នា​ពេល​អនាគត។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេ​ជោ​ក៏បាន​នាំ​យក​នូវ​អំណោយ​ជា​សៀវភៅ ប៊ិច ជូន​ដល់​សិស្សានុសិស្ស និង​ថវិកា​មួយចំនួន​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកគ្រូ​មាន​ផ្ទៃពោះ​ចំនួន​៣​នាក់ ដោយ​ម្នាក់​ទទួល​បាន​១​លាន​រៀល​ផង​ដែរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​វិទ្យាល័យ​ចាំ​យាម​ខេត្តកោះកុង​ចាប់ពី​ពេល​នេះ​តទៅ៕