ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូក សរុប​ការងារ​ក្រសួងកសិកម្ម

ភ្នំពេញ ​៖ ​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

របាយការណ៍​បន្តថា នៅ​ឆ្នាំ​២០១៨​នេះ ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​ទូទាំងប្រទេស​សម្រេចបាន​លើ​ផ្ទៃដី​ចំនួន ៣,៣៤​លាន​ហិកតា ស្មើនឹង ១១៣% នៃ​ផែនការ​ក្នុងនោះ​ស្រូវវស្សា​មាន ២.៧៥​លាន​ហិកតា និង​ស្រូវ​រដូវប្រាំង ៥៩០​ពាន់​ហិកតា។ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​បាន​កើន​ប្រមាណ ៤% ធៀប​នឹង​ឆ្នាំ​២០១៧​។ ចំពោះ​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង​ប្រាំង​និង​វស្សា​សម្រេចបាន ៣.៣៥​តោន​ក្នុង​មួយ​ហិកតា កើន​លើស​ឆ្នាំមុន​ប្រមាណ ១.៦៦% ក្នុងនោះ​ទិន្នផល​ស្រូវវស្សា​ទទួលបាន ៣,០៩៤​តោន​/​ហ​.​ត និង​ទិន្នផល​ស្រូវប្រាំង​ទទួលបាន ៤,៥១២​តោន​/​ហ​.​ត​។ បរិមាណ​ផល​ស្រូវ​សរុប​បាន​កើន​ឡើងដល់​ប្រមាណ ១០,៨៩ លាន​តោន គឺ​កើន​ប្រមាណ ៣,៥១% ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ​ជាង ៨,២១​លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន​ប្រមាណ ២,៦៨ លាន​តោន និង​មាន​អតិរេក​ស្រូវ​ចំនួន​ជាង ៥,៨៣​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង ៣,៧៣ លាន​តោន កើន​លើស​ឆ្នាំ​២០១៧ ប្រមាណ ៥%។

ម្យ៉ាងទៀត ដំណើរការ​វិវត្តន៍​នៃ​យន្ដូបនីយកម្ម​កសិកម្ម​កំពុងមាន​និន្នាការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ ការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​ស្រូវវស្សា​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​រហូតដល់​ជាង ៩៦,៨៦% ដែលជា​កត្តា​មួយ​ជួយ​សម្រួល​ដល់​ការធ្លាក់ចុះ​នៃ​ក​ម្លាំងពលកម្ម​នៅ​ជនបទ​ធៀប​នឹង​កម្លាំង​ពលកម្ម​សរុប រីឯ​ការប្រើប្រាស់​កម្លាំង​គោ​-​ក្របី​មាន​៣,២%​។ ទន្ទឹមនឹងនោះ ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ទទួលបាន​បរិមាណ​ផល​ប្រមាណ ១៦,៦៤ លាន​តោន​នៅ​ឆ្នាំ​២០១៨ គឺ​បាន​កើនឡើង​ប្រមាណ ១,៤% ធៀប​នឹង​ឆ្នាំ​២០១៧​។ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី ៣,៤៤​លាន​តោន​នៅ​ឆ្នាំ​២០១៤ ដល់ ៤,២៣​លាន​តោន​នៅ​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​ការនាំចេញ​ផ្លែ​ចេក ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូង​ឆៅ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី ៣៨៧ ពាន់​តោន​ក្នុង​ឆ្នាំ​២០១៤ ដល់​ជាង ៦២៦ ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨ គឺ​កើនឡើង ២៣% ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។ ដោយឡែក តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៩​នេះ ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន ៩០៩ ១៥០ តោន តាម​ច្រក​សំខាន់ៗ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន​០៥​ខេត្ត រួមមាន​ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និង​ខេត្តកំពត​។ គិត​មកដល់​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​បង្កើត​សហគមន៍​កសិកម្ម​ចំនួន ១ ១១៦ សហគមន៍ ក្នុងនោះ ១២០ សហគមន៍​កំពុង​ត្រូវបាន​អង្គភាព​ជំនាញ​ខិតខំ​ជំរុញ​ឱ្យក្លាយ​ទៅជា​សហគមន៍​គំរូ​និង​ក​សិ​-​ធុរកិច្ច។

ចំពោះ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ នៅ​ឆ្នាំ​២០១៨​នេះ សម្រេចបាន​ជាង ៤៣៦ ពាន់​ហិកតា ក្នុងនោះ កៅស៊ូ​ក​សិ​-​ឧស្សាហកម្ម​មាន​ចំនួន​ជាង ២៧៥ ពាន់​ហិកតា ស្មើនឹង ៦៣% និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន ១៦១ ពាន់​ហិកតា ស្មើនឹង ៣៧% នៃ​ផ្ទៃដី​កៅស៊ូ​សរុប​។ ផ្ទៃដី​កៅស៊ូ​ចៀរ​អនុវត្តបាន​ចំនួន ២០២ ពាន់​ហិកតា កើនឡើង​លើស​ឆ្នាំ​២០១៧ ចំនួន ១៩%​។ ផលិតផល​កៅស៊ូ​សម្រេចបាន​ចំនួន ២២០ ពាន់​តោន កើនឡើង​លើស​ឆ្នាំ​២០១៧ ចំនួន ១៤%។

ការលើកកម្ពស់​សុខភាព​សត្វ និង​ជំរុញ​ការចិញ្ចឹម​សត្វ​នា​ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រសួង​បាន​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិត កម្ម​សត្វ ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​ស្តង់ដារ​អនាម័យ​លើ​ផលិតផល​សត្វ ការពង្រឹង​និង​ជំរុញ​អនុវត្ត​វិធានការ​អនាម័យ​សត្វ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ ក៏ដូចជា​ការការពារ​សុខភាព​សាធារណៈ​ជា​ចម្បង​ផងដែរ។

របាយការណ៍​របស់​ក្រសួងកសិកម្ម​បានបង្ហាញ​ថា វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ ២៣.៥% ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​សម្រាប់​ផ្នែក​ដំណាំ​មាន​ចំនួន ៥៨.១% ផ្នែក​ផលិតកម្ម​សត្វ ១១.២% ផ្នែក​ជលផល ២៤% និង​ផ្នែក​ព្រៃឈើ ៦,៧%​។ លើសពីនេះ​ទៀត តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ពោលគឺ​បាន​កើន​ពី ១៩,៤៧០​ពាន់​លាន​រៀល​នៅ​ឆ្នាំ​២០១៤ ដល់ ២១,៩១៣ ពាន់​លាន​រៀល​នៅ​ឆ្នាំ​២០១៨៕