ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ប្លន់​ប្រដាប់អាវុធ​៥​នាក់​ ត្រូវបាន​ការិយាល័យ​កម្រិត​ធ្ងន់​ នៃ​ស្នងការ​ក្រុង ​បង្ហាញមុខ ​រួច​បញ្ជូន​ទៅ​តុលាការ​

ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​៥​នាក់​ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់ពី​ក្រុម​នោះ ​ធ្វើ​សកម្មភាព​ប្លន់​២​ករណី​ កាលពី​ដើមខែ​មីនា ហើយ​ត្រូវ​សមត្ថកិច្ច​សហការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ​កាលពី​ថ្ងៃទី​១០​ ដល់​១៣​ ខែ​មីនា​នេះ។

ការធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ខាងលើ ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩ ​ក្រោយ​បញ្ចប់​នីតិ​វិធី​របស់​សមត្ថកិច្ច រួច​ហើយក៏​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​៥​នាក់​ខាងលើ​ ទី​១/​ឈ្មោះ លន់ ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ ទី​២/​ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង​(​មាន​ដីកាចាប់ខ្លួន​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩ ផ្លូវ​លេខ៧៩​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​
​ជ័យ។ ទី​៣/​ឈ្មោះ ស៊ន់ សេរី​វិចិត្រ ភេទប្រុស អាយុ​៣៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២០​អឺ​០ ផ្លូវ​២៩០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន​។ ទី​៤/​ឈ្មោះ គង់ សុវណ្ណ ហៅ តៃ​(​មាន​ដីកា​ចាប់​ខ្លួន​) ភេទប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ផ្លូវ​២៦​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​។ ទី​៥/​ឈ្មោះ ហៀ​ង ស្រី​ដែ​ត ហៅ ណែ​ត ភេទ​ស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក​ហូ​មកា​ហ្វេ ផ្សារ​សុ​វណ្ណា ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ៩ ផ្លូវ​៧៩​បេ​តេ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មាន​ជ័យ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កាលពី​ដើមខែ​មីនា ​ក្រុម​ជនសង្ស័យ​ខាងលើ ​បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​២​ករណី ​ក្នុងនោះ កាលពី​ថ្ងៃទី​០៣​ ខែ​មីនា ឆ្នាំ​២០១៩​ វេលា​ម៉ោងប្រហែល​០១​និង​០០​នាទី​រំលង​អធ្រាត្រ ក្រុម​ខាងលើ​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ម៉ាក Zoomer X ពណ៌​ក្រហម ​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA-2166 នៅ​ចំណុច​ផ្លូវ​បេតុង មុខ​សាលារៀន​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មានជ័យ​។ រីឯ​ករណី​ទី​២​ កាលពី​ថ្ងៃ​ទី​០៦​ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​០៦​និង​៣០​នាទី​ក្រុម​ខាងលើ ធ្វើ​សកម្មភាព​ប្លន់ លុយ ទូរស័ព្ទ​ដៃ និង​ខ្សែ​.ក នៅ​ចំណុច ផ្ទះ​លេខ​៨​សេ ផ្លូវ​លេខ​២៧០ ភូមិ​៩ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

ប្រភពពី​នគរបាល​បន្តថា ក្រោយពី​មាន​សកម្មភាព​ខាងលើ​រយៈពេល​បី​ថ្ងៃ ​គឺ​ថ្ងៃទី​១០​មីនា រហូត​មក​ដល់​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្ដែង​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ទាំង​០៥​នាក់ (​ប្រុស​០៤ស្រី​ម្នាក់​) ដោយ​ក្នុង​នោះ​ធ្វើការ​ដកហូត​វត្ថុ​តាង អាវុធ​ខ្លី​មួយ​ដើម ម៉ាក កា​-៥៩ ១ដើម ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​Honda Beat ពណ៌ ខៀវ​+​ស​
(​ម៉ូតូ​ធ្វើ​សកម្មភាព​) និង​ម៉ាក Zoomer X (ម៉ូតូ​ជនរងគ្រោះ)៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114