ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ជំរុញ​ឲ្យ​យុវជន ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​លើក​កម្ពស់​ការ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​

​ប៉ៃលិន ៖ ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២១ នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន ឯកឧត្ដម ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ជំរុញ​ដល់​យុវជន យុវនារី​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្តន៍​ឲ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ការ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា។​ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោកជំទាវ នេត្រ ភូមា​រី អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ និង​លោកជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន ព្រមទាំង​គណៈប្រតិភូ​ក្រសួង​វប្បធម៌ ,​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​, តំណាង​ស្នងការ មេបញ្ជាការ និង​មន្ត្រីរាជការ​មន្ទីរ​វប្បធម៌ យ៉ាង​ច្រើន​កុះករ។​

បន្ទាប់ពី​ លោក ព្រហ្ម រដ្ឋា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន បាន​អាន​របាយការណ៍ ស្ដីពី​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ រួចមក​ លោកជំទាវ ជា លាប អភិបាល​រង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា​ ៖​ ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​២១ ឆ្នាំ​២០១៩ នេះ ​គឺជា​ទិសដៅ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​រៀបចំ​ឡើង ជា​រៀងរាល់​ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​សម្បូរ​បែប​សម្រាប់​យើង​គ្រប់គ្នា ជា​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទិវា​បង្កើត​នូវ​សេចក្តីស្រលាញ់ ព្រមទាំង​លើក​កម្ពស់​តម្លៃ​សីលធម៌ ក្នុងន័យ​បណ្តុះ​បណ្តាល​ស្មារតី​ឲ្យ​សកម្ម ក្នុង​ការ​ថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី និង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​រុងរឿង ថ្កើងថ្កាន​ជា​ឧត្ដម​ប្រយោជន៍​ នៃ​ជនជាតិខ្មែរ​យើង​ផងដែរ​។​

ថ្លែង​ក្នុង​ឱកាស​នោះដែរ​ ឯកឧត្ដម ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តំណាង​ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មានប្រសាសន៍​លើក​ឡើង​ថា ​៖ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ របស់​ប្រទេសជាតិ ដែល​ជានិច្ចកាល រាជរដ្ឋា​ភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល ​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ​ចំពោះ​ប្រធានបទ​ នៃ​ទិវា​នេះ​គឺ ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដែល​មាន​គោលបំណង​ ជំរុញ​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​ឲ្យ​កាន់តែ​សកម្ម ដើម្បី​លើកកម្ពស់​ការ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា ជាពិសេស​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​អភិរក្ស និង​អភិវឌ្ឍន៍ សម្បត្តិ​បេតិកភណ្ឌ ស្របតាម​គោលនយោបាយ​ជាតិ លើ​វិស័យ​វប្បធម៌ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​លើក​កម្ពស់​ស្មារតី​ប្រជាជន មហាជន យុវជន ដែល​ជា​អ្នក​បន្តវេន​តទៅ​ថ្ងៃ​អនាគត​។​

ឯកឧត្ដម​គណៈអធិបតី ក៏បាន​ជំរុញ ដល់​យុវជន​ត្រូវតែ​ស្រឡាញ់​វប្បធម៌ ប្រពៃណី​ជាតិ ត្រូវ​ស្គាល់​ពី​តម្លៃ​វប្បធម៌ ឲ្យ​ច្បាស់​ក្នុងន័យ ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​។ ​ទន្ទឹមនេះ ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​នានា ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ មេត្តា​រួមគ្នា​រិះរក​វិធី​ជំរុញ​លើកទឹកចិត្ត ដល់​យុវជន​ដែល​ជា​អ្នក​បន្តវេន​ឲ្យ​មាន​ការចូលរួម ដោយ​ស្មារតី​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន ទាំង​វ័យ​កុមារ រហូតដល់​យុវវ័យ ដើម្បី​ធ្វើ​ឲ្យ​សិល្បៈ​វប្បធម៌​យើង មាន​និរន្ត​ភាព ក្នុង​ផ្នត់គំនិត​យុវជន និង​មហាជន​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ។​

ក្នុងឱកាស​នោះដែរ ​ឯកឧត្ដម​គណៈអធិបតី ក៏បាន​ឧបត្ថម្ភ​ សៀវភៅ ប៊ិច និង​ ថវិកា ដល់​សិស្សា​នុ​សិស្ស យាយជី​តាជី ព្រមទាំង​ការ​ឆ្លើយ​នូវ​សំណួរ ចម្លើយ យក​រង្វាន់​ពី​ឯកឧត្ដម​គណៈអធិបតី​ផង​ដែរ ៕