ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ​សាន ម៉ៅ​ ស្ថានភាព​ជំងឺ​ បាន​ប្រសើរ​ឡើងវិញ​ហើយ ​បន្ទាប់ពី​សម្រាក​នៅ​ពេទ្យ​ជាច្រើន​ខែ

ភ្នំពេញ​ ៖ ​បន្ទាប់ពី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាច្រើន​ខែ ​និង​ត្រូវ​ក្រុម​គ្រូពេទ្យ​ ធ្វើការ​ចោះ​បំពង់ក​​ដើម្បី​ជួយសង្គ្រោះ​នោះ​ ពេលនេះ​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​នាយ​ សាន ម៉ៅ ហាក់​មាន​សភាព​ធូរ​ស្រាល​ច្រើន​ហើយ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

គេ​ចាំ​បាន​ថា តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​តែងតែ​បង្ក​ភាពសប្បាយ​រីករាយ​ផ្ទុះសំណើច​ដល់​មហាជន​នាយ សាន ម៉ៅ​កាលពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ មិនតែប៉ុណ្ណោះ​នាយ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ហើយ​ចុងក្រោយ​គឺ​វិល​ត្រឡប់​មក​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​ផងដែរ។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គ្រា​ ដែល​ជូន​ដំណើរ​តារា​ចម្រៀង​ស្រី យិន ស្រី​ពៅ ដែល​ថ្មីៗ​នេះ​ផ្ទុះ​រឿងរ៉ាវ​ត្រូវបាន​មន្ត្រី​យោធា​ផ្កាយ​៣​ទះកំផ្លៀង​និង​ទទួលបាន​សំណង​ជំងឺ​ចិត្ត​ចំនួន​៨​ពាន់​ដុល្លារ​នោះ ​លើកឡើងថា ​ពេលនេះ​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ធូរ​ស្រាល​ច្រើន​ហើយ។ ម្យ៉ាងទៀត​នាយ សាន ម៉ៅ ក៏បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មកផ្ទះ​វិញ​ផងដែរ។

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់ថា ​ថ្ងៃនេះ សមាគម​សិល្បករ​ខ្មែរ​ជូន​ប្អូនស្រី យិន ស្រី​ពៅ (Yin Srey Pov )​ទៅ​សួរ​សុខទុក្ខ​លោកពូ​សាន ម៉ៅ និង នាំ​យក​ថវិកា​​ខ្លះៗ​ទៅ​ជូន​លោកពូ។ ក្មួយ​សប្បាយចិត្ត​ណាស់​ដែល​ស្ថានភាព​ជំងឺ​របស់​លោកពូ​បាន​ធូរស្បើយ​ច្រើន ដែល​កាលពី​លើក​មុន​ក្មួយ​សឹងតែ​គ្មាន​សង្ឃឹមថា​ជំងឺ​លោកពូ​អាច​ប្រសើរ​បាន​ដល់​ប៉ុណ្ណេះ​ទេ​….។

លើស​ពី​នេះ​ទៀត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​បន្ថែម​ដែរ​ថា ក្រៅតែ​ពី​ការ​ចុះ​សួរសុខទុក្ខ​តារា​កំប្លែង​នាយ សាន ម៉ៅ ហើយ​នោះ​ នាង​និង​តារាចម្រៀង​ប្រចាំ​​​ភោជនីយដ្ឋាន​បឹង​មាស យិន ស្រី​ពៅ ក៏បាន​បន្តដំណើរ​ចុះទៅ​សួរសុខទុក្ខ​តារា​កំប្លែង​ជើងចាស់​ដូចគ្នា​គឺ​នាយ ក្តឹប ដែល​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​ផង​នោះ។

សូម​បញ្ជាក់​ថា​ តារា​កំប្លែង​នាយ​សាន ម៉ៅ កន្លងមក​ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹក​ចូល​សួត បញ្ហា​បេះដូង និង​ទឹកនោមផ្អែម​ជាដើម៕