ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់៤​រូប ប្រជែង​គ្នា​ដណ្ដើម​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​ ទម្ងន់ ៦៣,៥០០ គ​.​ក្រ​

ប្រដាល់ ៖ អ្នក​ប្រដាល់​ ទម្ងន់​៦៣,៥០០​គីឡូក្រាម​ ៤​រូប នឹងត្រូវ​ជួប​ប្រកួត​គ្នា​ដណ្ដើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ​ សៀវ ង៉ុ​យ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ,​គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ , ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។

ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១​ជា​ម្ចាស់​ពានរង្វាន់។​
​ ​
សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​សៀវ ង៉ុ​យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​គឿ​ម សុវណ្ណ​នឿ​ត ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។

រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​សៀវ ង៉ុ​យ​ លើ​សុវណ្ណ ​នឿ​ត ហើយ​ស្នៀតគុន​ និង​កលល្បិច ក៏​ចាញ់​សៀវ ង៉ុ​យ ដែរ។ ទោះ​ជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នក​ណា​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះឡើយ។​
​ ​
ចំពោះ​អ្នក​ប្រដាល់​ជើងចាស់​ខេ​ម ចាន់ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​អេ រ៉ា​វ៉ាន់​ចាន់​រាជ។ ពួកគេ​ទាំងពីរ​នេះ ក៏​ពុំ​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក។ ពួកគេ​ទាំងពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​ និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាងណា ប៉ះគ្នា​លើក​នេះ ​អេ រ៉ា​វ៉ាន់​ចាន់​រាជ មាន​សំណាង​តិចតួច​បំផុត​ក្នុង​ការ​ឈ្នះ​ ខេ​ម ចាន់​ នោះ។ ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា ​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​ថា សៀវ ង៉ុ​យ និង ខេ​ម ចាន់ អាច​នឹង​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន។​

​ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការ​ប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ។​

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ នឹង​ជួប​ប្រកួត​ជាមួយ វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។​ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា ជ័យ ស៊ី​នេ​ត គេ​អាច​វាយ​ឈ្នះ​វ៉ែន ហុង​ជី​វ៉ុ​ង ឬ​អត់​នោះទេ​? ព្រោះ​វ៉ែន ហុង​ជី​វ៉ុ​ង តាំងពី​ប្ដូរ​ក្លិប​ពី​សំរោង​កោង​ខេត្តបាត់ដំបង​ មក​នៅ​ក្លិប​មកុដ​រាជសីហ៍ ​រាជធានី​ភ្នំពេញ នេះ​មក គេ​វាយ​ឈ្នះ​២​ប្រកួត​ចុង​ក្រោយ​ជាប់ៗ​គ្នា។ ប៉ុន្តែ​យ៉ាងណា ជ័យ ស៊ី​នេ​ត គេ​ក៏​ធ្លាប់ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​នេះ ហើយក៏​ធ្លាប់​ជួប​ប្រកួត​ជាមួយ​បរទេស​ច្រើន​នាក់​មកហើយ​ដែរ។ យ៉ាងណា មកជួប​ជាមួយ​វ៉ែន ហុង​ជី​វ៉ុ​ង នេះ ក៏​រាង​យ៉ាប់​និង​សង្ឃឹម​ឈ្នះ មាន​តិចតួច​ណាស់។​

រិ​ទ្ធ រៀច ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ ជិន ភា​រិ​ទ្ធ ក្លិប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ហើយ​ ធា វាសនា ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ប្រកួត​ជាមួយ លី ម៉េង ក្លិប​មី​ស្ទ័​រលី​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕