ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​មួយ ​ដើម្បី​ឱ្យ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កែតម្រូវ​អត្ថបទ​ពាក់ព័ន្ធ​ការប្រមាថ​មើលងាយ មន្ត្រី​រដ្ឋបាល​សាធារណៈ ទៅ​នឹង​សត្វ​ធាតុ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​លិខិត​មួយ​ដើម្បីឱ្យ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​គឺ​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង កែតម្រូវ​អត្ថបទ​ឡើងវិញ​ ពាក់ព័ន្ធ​នឹង​លោក​ប្រធាន​បក្ស​មួយ​នេះ​ប្រើពាក្យ​ប្រមាថមើលងាយ មន្ត្រីរដ្ឋបាល​សាធារណៈ ដោយ​ប្រៀបធៀប​ទៅនឹង​សត្វ​ធាតុ។

បើ​យោងតាម​ខ្លឹមសារ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្ញើជូន​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​កាលពី​ថ្ងៃ​១៣​ ខែមីនា ឆ្នាំ​២០១៩​នេះ​មាន​ខ្លឹមសារ​ថា ជម្រាប​មក​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កម្មវត្ថុ​សំណើសុំ​ធ្វើការ​កែតម្រូវ​អត្ថបទ នៃ​ការ​បង្ហោះ​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១២​មីនា​ឆ្នាំ​២០១៩។

អត្ថបទ​នៃ​កា​បង្ហោះ​ផ្សាយ​ក្នុង Page William Guang នៅ​ថ្ងៃ ១២​មីនា ២០១៩។ តប​តាម​កម្មវត្ថុ​​ និង​យោង​ខាងលើ ​ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ជ្រាប​ថា ​តាមរយៈ page William Guang ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា page របស់លោក​ប្រធាន​បាន​បង្ហោះ​ផ្សាយ​អត្ថបទ​កាលពី​ថ្ងៃទី ១២​មីនា​ឆ្នាំ ២០១៩​ដោយ​សរសេរថា សួរថា​តើ​ស្ដាប់​សំដី​ចៅហ្វាយក្រុង​និង​ស្ដាប់​សំឡេង គី​គី​ព្រូស មួយណា​ល្អ​ជាង ក្នុងន័យ ភ្ជាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវ ២១៧ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​ជាមួយ​វិធានការ​គ្រប់គ្រង​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ចេញចូល​ក្រុង​ដោយ​ប្រើប្រាស់​ពាក្យពេចន៍ អសីលធម៌ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ មាន​អត្ថន័យ​ផ្ទុយ​ទាំងស្រុង​ពី​ការពិត ប៉ុន្តែ​មាន​ចរិត​មួលបង្កាច់​ក្នុង​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​ធ្វើ​ឲ្យ​មតិ​សាធារណៈ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នករាជការ​សាធារណៈ​និង​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​ផងដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្វាគមន៍ ​និង​រង់ចាំ​ទទួល​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ពុំមែន​ជាការ​ប្រមាថមើលងាយ​ជាន់ឈ្លី​កិត្តិយស​រហូតដល់​ថ្នាក់​ប្រៀបប្រដូច​មនុស្ស​ជាមួយ​សត្វ​ធាតុ ច្រើនលើកច្រើនសារ​នោះ ទេ។

ក្នុងន័យនេះ​ដើម្បី​រក្សា​តម្លៃ​តួនាទី​ជា​ប្រធាន​គណបក្ស​មួយរូប ផ្ដល់​តម្លៃ​ជូន​មន្ត្រីរាជការ​សាធារណៈ​និង​ដើម្បី​ផ្ដល់ជូន​ព័ត៌មាន​សុ​ក្រិត​និង​ត្រឹមត្រូវ​ដល់​សាធារណជន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ​កែតម្រូវ​អត្ថបទ​ឡើងវិញ​ជៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ តុលាការ​ក្នុង​បទ​ការប្រមាថ​និង​ការ​ប្រឆាំងនឹង​រាជការ​សាធារណៈ៕