ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា​បោះឆ្នោត​ ដើម្បី​បញ្ចប់​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សង្គ្រាម​យេ​មែន

ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ស្តីបន្ទោស​ដល់​គោលនយោបាយ​ការបរទេស​របស់លោក Donald Trump និង​សម្ព័ន្ធភាព​របស់លោក​ជាមួយ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​ដោយបាន​បោះឆ្នោត​បញ្ឈប់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​បង្ហូរឈាម​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ប្រទេស​យេ​មែន។

តំណាងរាស្ត្រ​នៅក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​បានអនុម័ត​ការកាត់បន្ថយ​ជា​ប្រវត្តិសាស្ត្រ​នៃ​អំណាច​សង្គ្រាម​របស់​ប្រធានាធិបតី​ដោយ​បញ្ជា​ឲ្យ​លោក Trump ដក​កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក​ចេញពី​សាធារណរដ្ឋ​យេ​មែន​ក្នុង​រយៈពេល​៣០​ថ្ងៃ។

ការបោះឆ្នោត​ព្រឹទ្ធសភា​មាន​សំឡេង​៥៤​ទល់នឹង​៤៦​ខណៈ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន​៧​នាក់​បាន​ផ្គើន​ទៅនឹង​លោក​ប្រធានាធិបតី​និង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ។

ឥឡូវនេះ អត្ថបទ​នេះ​បាន​ទៅដល់​សភាតំណាងរាស្ត្រ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បានអនុម័ត​វិធានការ​ស្រដៀង​គ្នា​នេះ​បន្ទាប់ពី​ជាប់គាំង​កាលពីដើមឆ្នាំ​នេះហើយ​ទំនងជា​ត្រូវ​ឆ្លងកាត់​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេត​វិមាន​បាន​គំរាម​វ៉េតូ​ដោយ​ហៅ​វិធានការ​នេះ​ថា “​មានគុណ​វិបត្តិ​” ហើយ​និយាយថា វា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៅក្នុង​តំបន់​និង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម។

វា​នឹង​ជា​វិធានការ​ទី​១​ដែល​សភា​អនុម័ត​ក្នុង​ការដក​ច្បាប់​សេចក្តីសម្រេច​អំណាច​សង្គ្រាម​ឆ្នាំ​១៩៧៣ (1973 War Powers Resolution) ដើម្បី​កាត់បន្ថយ​ការប្រើ​អំណាច​យោធា​របស់​ប្រធានាធិបតី​ដោយផ្ទាល់។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​លោក Mike Lee បាន​និយាយថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មិនមែនជា​សម្ព័ន្ធមិត្ត​ដែល​សម​នឹង​ទទួល​ការគាំទ្រ​ឬ​អន្តរាគមន៍​យោធា​របស់​យើង​នោះទេ​។ លោក​បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​ទំនងជា​ប្រើប្រាស់​អាវុធ​ផ្ទាល់​របស់​យើង​ដើម្បី​ប្រព្រឹត្ត​អំពើ​សាហាវយង់ឃ្នង​ទាំងនេះ។

គួរ​បញ្ជាក់ថា សង្គ្រាម​នៅ​យេ​មែន​គឺជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក​ខណៈ​ប្រជាជន​ប្រមាណ​១៤​លាន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា មនុស្ស​ប្រហែល​១​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​នេះ​ថ្វីបើ​អង្គការសិទ្ធិមនុស្ស​និយាយថា ចំនួន​អ្នក​ស្លាប់មាន​ខ្ពស់ជាង​នេះ​ក៏ដោយ៕ AFP