ព័ត៍មានទាន់​ហេតុការណ៏
Search

ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 នឹង​ផ្ដល់​ឱកាស​ដល់​ប្រជាជន​ទាំងអស់​អាចមាន​លទ្ធភាព​ទទួលបាន​ការព្យាបាល​ប្រកបដោយ​សុវត្ថិភាព​គ្រប់ៗ​គ្នា

ភ្នំពេញ ​៖​ ការវះកាត់​ប្រកបដោយ​សុ​វត្ថិភាព​ឆ្នាំ 2020 សំដៅ​កាត់បន្ថយ​ហានិភ័យ​លក្ខខណ្ឌ​វះកាត់​ដែល​អាច​ព្យាបាល ​និង​ការពារ​បាន​ពន្លឿន​ការទទួលបាន​នូវ​ការវះកាត់​ការដាក់​ថ្នាំ​សណ្តំ​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូទាំង​សកលលោក​​​ ដែល​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការកសាង​សមត្ថភាព​របស់​ស្ថាប័ន​កម្ពុជា​នានា​ដើម្បី​បន្ត​អភិវឌ្ឍន៍​លើ​ការព្យាបាល​ដោយ​វះកាត់​ទៅ​អនាគត។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​បើក​សន្និសីទ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 កាលពី​ថ្ងៃទី 14 ខែមីនា​ឆ្នាំ 2019 នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​រួមជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ជា​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ច្រើន​នាក់​ទៀតផង​ដែរ។

លោក​សាស្ត្រាចារ្យ​ឈាង​រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​ទៀតថា​ មូលនិធិ​GE​បាន​សហការគ្នា​ជា​ផ្លូវការ​ជាមួយ​ក្រសួងសុខាភិបាល​និង​បាន​អនុវត្ត​ការងារ​ក្រោម​ការសម្របសម្រួល​រប​ស់​ដៃគូ​ដទៃ​ទៀត​ដូចជា Asist international (Dalberg)(Jhiego)​ក​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ harvard និង​(G4Alliance​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ព្យាបាល​ដោយ​វះកាត់​តាមរយៈ​កម្មវិធី​ការវះកាត់​ប្រកបដោយ​សុ​វត្ថិភាព​ឆ្នាំ 2020 ដោយ​សំដៅ​អភិវឌ្ឍន៍​ជំនាញ​និង​គាំទ្រ​ផ្នែក​សម្ភារៈ។

លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បានបញ្ជាក់​ទៀតថា ​គម្រោង​នេះ​ផ្តោត​ជា​ចម្បង​លើ​មន្ទីរពេទ្យ​ចំនួន 4 រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​និង​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។ យើង​មាន​សេ​ចក្ដី​រីករាយ​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ជាទី​តាំង​បណ្ដុះបណ្ដាល​សម្រាប់​សម្រាប់​កម្មវិធី​ដ៏​ធំ​នេះ​ជា​អត្ថប្រយោជន៍​សម្រាប់​វិស័យ​សុខមាលភាព​នេះ។ ព្រោះ​គោល​គំនិត​ចម្បង​របស់​យើង​គឺ​ពង្រីក​ចំណេះដឹង​ដែល​យើង​អាច​បាន​សិក្សា​ពី​កម្មវិធី​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ដើម្បី​យកទៅ​ចែករំលែក​ដល់​មន្ទីរពេទ្យ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​តែម្ដង។

ជាមួយគ្នា​នោះដែរ​លោក​ម៉ម​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា​ ភាព​រីកចម្រើន​នៃ​ការ​ព្យាបាល​ដោយ​វះកាត់​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ការអភិវឌ្ឍ​​​និរន្ដ​នូវ​ធនធានមនុស្ស​ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​ព្យាបាល​ដោយ​ឈរលើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ក្រោម​គោលនយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានធ្វើអោយ​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​និង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ទៀតថា ​ដោយ​យោងតាម​របាយការណ៍​ស្ដីពី​ការវះកាត់​សកលលោក​នៅ​ឆ្នាំ 2030 របស់​គណៈកម្មកា​ឡង់​សេ​(Lancet)​បាន​បង្ហាញថា ​លក្ខខណ្ឌ​វះកាត់​មិនទាន់មាន​សុវត្ថិភាព​បានសម្លាប់​ម​នុស្ស​លើ​ពិភពលោក​ច្រើនជាង​ជំងឺឆ្លង​ទៅទៀត​ហើយក៏​ជា​កត្តា​បង្ក​ជំងឺ​មួយ​ភាគបី​នៃ​ពិភពលោក​ផងដែរ។ ការទទួលបាន​ការវះកាត់​តាម​និយាម​សុវត្ថិភាព​ពិតជា​មិនទាន់​សមភាព​នៅឡើយ​ព្រោះថា​ប្រជាជន​ជាង 90% នៅ​តំបន់​អាស៊ីអាគ្នេយ៍​ពុំ​ទទួលបាន​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ពេញលេញ​នោះទេ​បើ​ប្រៀប​ទៅនឹង​តំបន់​ដែលមាន​ចំណូល​ខ្ពស់​ដូចជា​អឺរ៉ុប​ខាងលិច​ដែលមាន​ត្រឹមតែ 5%។ ដោយ​ឈរលើ​មូលហេតុ​នេះហើយ​ក្រសួងសុខាភិបាល​បាន​សហការ​ជាមួយ​មូលនិធិ​(GE)​ពង្រឹង​ប្រព័ន្ធ​ព្យាបាល​ដោយ​វះ​តាមរយៈ​កម្មវិធី​កាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ដោយ​សំដៅ​អភិវឌ្ឍ​ជំនាញ​និង​គាំទ្រ​ផ្នែក​សម្ភារៈ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​ យើង​មាន​សេចក្តី​រីករាយ​ខ្លាំងណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​ចាប់ផ្ដើម​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ដែល​កម្មវិធី​នេះ​ បាន​ផ្ដល់​ឱកាស​បណ្ដុះបណ្ដាល​ថ្មី​សម្រាប់​គ្រូ​ពេទ្យវះកាត់​បច្ចុប្បន្ន​និង​អនាគត​គ្រូពេទ្យ​វះកាត់​បានផ្ដល់​ការគាំទ្រ​ដើម្បី​បង្កើនល្បឿន​នូវ​ការ​ដាក់ចេញ​នូវ​កម្មវិធី​គ្របដណ្ដប់​សុខភាព​សកល​នាពេល​អនាគត​ផងដែរ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​រួមចំណែក​នាំមក​នូវ​ការបង្កើត​ថ្មី​លើ​ជំនាញ​សកល​និង​បទពិសោធន៍​តំបន់​ដើម្បី​ផ្ដល់ឱកាស​ដល់​ប្រជាជន​ទាំងអស់​អាចមាន​លទ្ធភាព​ទទួលបាន​ការព្យាបាល​ដោយ​វះកាត់​ប្រកបដោយ​សុវត្ថិភាព​គ្រប់ៗ​គ្នា៕