ព័ត៍មានទាន់​ហេតុការណ៏
Search

ស្គាល់​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ជាង​កន្លះ​ខែ ចាញ់បោក​ប្រុស​ស្នេហ៍ អស់​កាបូប​លុយ​ និង​ឯកសារ​រលីង​ពី​ខ្លួន​

ភ្នំពេញ ៖ នារី​ម្នា​ក់ បាន​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក បាន​ជាងកន្លះ​ខែ ខាង​ប្រុស​គេ​សុំ​ណាត់​ដើរលេ​ង ផ្សារ​ទំនើប​សុ​វណ្ណា ដោយ​ប្រើល្បិច​ឲ្យ​នារី​រងគ្រោះ​ដាក់​កាបូប​ក្នុង​កែបម៉ូតូ ​ខ្លាច​ចោរ​ឆក់​ រួច​ក៏​បើក​រត់​គេច​បាត់ ធ្វើ​ឲ្យ​នាង​យំសោក​បោក​ខ្លួន​ ព្រោះ​ស្ដាយ​ចិត្ត ​មិន​គួរ​ណា​អាយុ​ច្រើន​ដែរ​ហើយ​ នៅតែ​ចាញ់​ល្បិចកល​ប្រុស​ចរិត​ឆ្កែ​បែបនេះ​សោះ។

ហេតុការណ៍​នេះ ​បង្ក​ការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​​១៣ ខែ​មីនា ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​សុ​វណ្ណា ​ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ​ខណ្ឌ​ចំការមន។

ជនរងគ្រោះ ​ឈ្មោះ ​វណ្ណ សុគន្ធា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​ គាត់​ ​​ស្គាល់​បុរស​ម្នាក់​ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក ​ឈ្មោះ Love Reach បាន​ប្រហែល​ជិត​កន្លះ​ខែ មក​ហើយ និង​បាន​និយាយ​គ្នា​លេង​តាម​ឆាត រហូតដល់​ព្រឹក​មិញ​នេះ បុរស​នោះ​បាន​ណាត់​ខ្លួន​បបួល​ទៅ​ដើរ​កម្សាន្ត​នៅ​មាត់ទន្លេ និង​ផ្សារ​ទំនើប ក្រោយមក​ ក៏​ព្រម​ដើរលេង​ជាមួយគ្នា​តាមរបៀប​អ្នក​ទើប​ស្គាល់​គ្នា​ថ្មោងថ្មី។

ប្រភព​បន្ដ​ថា បុរស​នោះ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី​ ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ មុន​ពេល​ជិះ​ គេ​បាន​ឲ្យ​នាង​ដាក់​កាបូប​ក្នុង​កែបម៉ូតូ​របស់​គេ ​ព្រោះ​ខ្លាច​ចោរឆក់ មាន​ទៅ​ដឹង​ថា ​អ្នក​ឌុប​នឹង​ជា​ចោរ​ឯណា គឺ​ជា​ចោរ​លាក់​មុខ​ទៀតផង លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្សារ​ទំនើប​សុ​វណ្ណា​ ក៏បាន​ឈប់​ម៉ូតូ ហើយ​បុរស​នោះ​ក៏បាន​ឲ្យ​គាត់​ចុះ​ពីលើ​ម៉ូតូ​សិន ដើម្បី​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​សន្តិសុខ តែ​ដឹង​អី ​មុខមាត់​ស្អាតបាត បែរជា​ចរិត​អន់​ជាង​ឆ្កែ​ទៅទៀត បើក​ម៉ូតូ​រត់គេចខ្លួន​ចោល​នាង​បាត់ ហើយ​កាបូប​គាត់​ដែល​ទុក​ក្នុង​កែបម៉ូតូ​នោះ​មាន​សម្ភារៈ​ដូចជា ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​សិ​ក និង​ម៉ាក​សាំង​សុង រួម​នឹង​លុយ​ដុល្លារ​ជិត​២០០​ដុល្លារ សៀវភៅ​ធនាគារ និង ប័ណ្ណ ប ស ក ត្រូវ​បាត់​បង់​អស់​គ្មាន​សល់​អ្វី​ឡើយ។

នារី​រងគ្រោះ​បន្តថា ទ្រព្យសម្បត្តិ​លុយកាក់ និង​ទូរស័ព្ទ​ប៉ុណ្ណឹង វា​មិន​សំខាន់​ទេ តែ​នាង​តូច​ចិត្ត​ កើត​មក​អាយុ​ប៉ុណ្ណឹង​ហើយ នៅតែ​ចាញ់បោក​គេ​ទៀត​ ទើប​ឲ្យ​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​តាម​ចាប់​អា​ប្រុស​ព្រាន មក​ដាក់ទោស ចាត់ការ​តាម​ផ្លូវ​ច្បាប់​ កុំ​ឲ្យ​មនុស្ស​អាក្រក់​មុខ​ស្អាត​ចឹ​ង​ទៅ​បោក​ស្រីៗ​បាន​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114