ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ពន្យារ​ការប៉ុនប៉ង​របស់ UN ក្នុង​ការដាក់​បញ្ជីខ្មៅ​មេដឹកនាំ​ក្រុម JeM ជា​ភេរ​វករ

ក្រុម​អ្នកការទូត​បាន​និយាយថា កាលពី​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​ពន្យា​សំណើ​មួយ​របស់​ចក្រភព​អង់គ្លេស បារាំង​និង​សហរដ្ឋអាមេរិក​ដែលមាន​គោលបំណង​ដាក់​បន្ថែម​មេដឹកនាំ​ក្រុម​ឥស្លាម​និយម​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​មួយ​ក្នុង​តំបន់​កា​ស្មៀ​រ​ទៅលើ​បញ្ជីខ្មៅ​ភេរវកម្ម​របស់​អង្គការសហប្រជាជាតិ​។​

វា​គឺជា​លើក​ទី​បួន​ហើយ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិចារណា​លើ​ការស្នើសុំ​មួយ​ដើម្បី​ដាក់​មេដឹកនាំ​ក្រុម Jaish-e-Mohammad (JeM) លោក Masood Azhar ទៅលើ​បញ្ជីខ្មៅ​របស់​អង្គការសហប្រជាជាតិ​ដែល​នឹងធ្វើ​ឲ្យ​គាត់​ត្រូវ​ហាមឃាត់​ការធ្វើដំណើរ​ទៅ​ទូទាំង​ពិភពលោក ការ​បង្កក​ទ្រ​ព​សម្បត្តិ​និង​ទណ្ឌកម្ម​ដឹកជញ្ជូន​អាវុធ​។​

ក្រុម Jaish-e-Mohammad បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ក្នុង​តំបន់​កា​ស្មៀ​រដែ​ល​បានសម្លាប់​ទាហាន​ឥណ្ឌា​ចំនួន​៤០​នាក់​និង​ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​។​

នៅក្នុង​កំណត់សម្គាល់​មួយ ប្រទេស​ចិន​បាន​និយាយថា ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិនិត្យមើល​សំណើ​ដាក់ទណ្ឌកម្ម​ដែល​ផ្ដោតលើ​លោក Azhar និង​បាន​ស្នើសុំ​ការរក្សា​បច្ចេកទេស​ដែល​អាចមាន​រយៈពេលរ​ហូត​ដល់​ទៅ​៩​ខែ​។​

អ្នកការទូត​ក្រុមប្រឹក្សាសន្តិសុខ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា “​វា​ហាក់ដូចជា​ចិន​កំពុង​ការពារ​អាទិភាព​របស់​ប៉ា​គី​ស្ថាន​លើ​ការប្រឆាំង​ភេរវកម្ម​នៅក្នុង​គណៈកម្មាធិការ​នេះហើយ​ដូច្នេះ​ពួកគេ​គឺជា​អ្នកការពារ​ប៉ា​គី​ស្ថាន​”​។​

ប្រទេស​ចិន​បាន​រារាំង​ការប៉ុនប៉ង​ចំនួន​បី​លើក​មុន​នៅ​គណៈកម្មាធិការ​ស្តីពី​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ពួក IS ដើម្បី​ដាក់​មេដឹកនាំ JeM ក្នុង​បញ្ជីខ្មៅ​។ ក្រុម​នេះ​ត្រូវបាន​បន្ថែម​ទៅលើ​បញ្ជី​ភេរវកម្ម​នៅក្នុង​ឆ្នាំ​២០០១​។​

អ្នកការទូត​បាន​បន្ថែ​ម​ថា សហរដ្ឋអាមេរិក បារាំង​និង​អង់គ្លេស​កំពុង​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​នូវ​ការប៉ុនប៉ង​ថ្មី​មួយ​នៅពេលនេះ​ជាមួយ​ពង្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​នឹង​ចាត់ទុក​លោក Azhar ថា​ជា​ភេរ​វករ​។​

បេសកកម្ម​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​ការពារ​ការសម្រេច​ចិត្ត​របស់ខ្លួន​ដោយនិយាយ​ថា ខ្លួន​កំពុង​លើកកម្ពស់​អាកប្បកិរិយា​ដែលមាន​ទំនួល​ខុសត្រូវ​និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាមរយៈ​ការពិគ្រោះ​យោបល់​ហ្មត់ចត់​៕ AFP