ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រាំ​បីនាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ចំណែក​ជនសង្ស័យ​ពីរ​នាក់​បាន​ស្លាប់

អាជ្ញាធរ​បាន​និយាយថា អតីត​សិស្ស​ពីរ​នាក់​បាន​បាញ់សម្លាប់​មនុស្ស​៨​នាក់​ ដែល​ភាគច្រើន​គឺជា​សិស្ស​និង​បុគ្គលិក​នៅ​វិទ្យាល័យ​មួយ​ក្បែរ​ទីក្រុង Sao Paulo នៃ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ​មុនពេល​បាញ់សម្លាប់​ខ្លួនឯង។

លោក​វរសេនីយ៍ឯក Marcelo Sales បាន​និយាយថា អ្នក​វាយប្រហារ​ពីរ​នាក់​បាន​សម្រុកចូល​ទៅក្នុង​បរិវេណ​សាលារៀន​នៅពេល​ព្រឹក​ព្រលឹម​ជាមួយ​កាំភ្លើង​វែង​និង​អាវុធ​មួយ​ដែល​មើលទៅ​ដូចជា​ធ្នូ​និង​ព្រួញ។

បន្ទាប់ពី​បាញ់សម្លាប់​សិស្ស​នៅក្នុង​ទីធ្លា អ្នក​វាយប្រហារ​បាន​ឆ្ពោះទៅ​មជ្ឈមណ្ឌល​ភាសា​ដែល​នៅ​ទីនោះ​សិស្ស​ជាច្រើន​កំពុង​លាក់ខ្លួន​។​

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ទីក្រុង Sao Paulo លោក Joao Pires de Campos បាន​និយាយថា ជនរងគ្រោះ​ក្នុងករណីនេះ​មាន​សិស្ស​៥​នាក់​អាយុ​ពី​១៥​ទៅ​១៧​ឆ្នាំ មន្ត្រី​សាលារៀន​ពីរ​នាក់​អាយុ​៣៨​និង​៥៩​ឆ្នាំ​និង​ម្ចាស់​កន្លែង​លាង​ឡាន​អាយុ​៥១​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​អ្នក​វាយប្រហារ​មុន​ពួកគេ​មកដល់​សាលារៀន។

មនុស្ស​១១​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​សាលា​សាធារណៈ Raul Brasil ក្នុង​តំបន់ Suzano ជាយក្រុង Sao Paulo ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល។

អ្នក​វាយប្រហារ​ទាំងពី​រ​ត្រូវបាន​គេ​កំណត់ថា​ជា​អតីត​សិស្ស​ដែលមាន​អាយុ​១៧​និង​២៥​ឆ្នាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ ហេតុផល​សម្រាប់​ការវាយប្រហារ​នេះ​មិនត្រូវ​បាន​គេ​ដឹង​នោះទេ។

អាជ្ញាធរ​និយាយថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ប្រហែល​ម៉ោង​៩:៣០​នាទី​ព្រឹក​អំឡុងពេល​ការ​សម្រាក​សម្រាប់​សិស្សានុសិស្ស​មួយចំនួន​។​

គួរ​បញ្ជាក់ថា វា​មិនមែនជា​ការបាញ់ប្រហារ​សម្លាប់​រង្គាល​ក្នុង​សាលារៀន​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ប្រេ​ស៊ី​ល​នោះទេ។

នៅ​ខែមេសា​ឆ្នាំ​២០១១ អតីត​សិស្ស​ម្នាក់​បានសម្លាប់​ក្មេងៗ​សិស្សសាលា​ជាច្រើន​នាក់​និង​រងរបួស​ជាច្រើន​នាក់​ទៀត​មុនពេល​បាញ់សម្លាប់​ខ្លួនឯង​ក្នុង​សាលារៀន​មួយ​នៅ​ជាយក្រុង Rio de Janeiro៕ AFP